ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល ធ្វើជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​ឈ្មោះ ឡុង ហ៊ាង បូម​ខ្សាច់​ខុសច្បាប់​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ឈ្មោះ ឡុង ហ៊ាង នៅតែ​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ពី​ទន្លេមេគង្គ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​រកា​កោង​ទី​១ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​មន្ត្រី​អាជ្ញាធរ​តូចតាច មិន​ហ៊ាន​ប៉ះពាល់​ឈ្មោះ ឡុង ហ៊ាង នោះទេ​ព្រោះ​ឈ្មួញ​រូបនេះ​មាន​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល ធ្វើជា​ខ្នងបង្អែក ហើយ​កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​បំពាន​លើ​លិខិតអនុញ្ញាត​របស់​ក្រសួង​រ៉ែ​និង​ថាមពល​យ៉ាង​គឃ្លើន​។ បញ្ហា​នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរពិនិត្យមើល​សកម្ម​ភាពខុស​ច្បាប់​របស់​ឈ្មោះ ឡុង ហ៊ាង ជាបន្ទាន់​ហើយ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។

តាម​ប្រភពពី​មន្ត្រី​សាលាស្រុក​មុខកំពូល បាន​បង្ហើប​ឲ្យ​ដឹងថា ទីតាំង​បូម​ខ្សាច់​របស់​ឈ្មួញ​ឈ្មោះ ឡុង ហ៊ាង ហៅ ណាំ​ហ៊ាង ស្ថិតនៅ​ភូមិ​ស្វាយជ្រំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ដែលមាន​ចម្ងាយ​ពី​ទីតាំង​បច្ចុប្បន្ន​ប្រមាណ​៣០០០​ម៉ែត្រ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ការដែល​ឈ្មួញ​ឈ្មោះ ឡុង ហ៊ាង អាចធ្វើ​សកម្មភាព​បូម​ខ្សាច់​នៅក្នុង​ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល គឺមាន​ការឃុបឃិត​ជាមួយ​អភិបាលស្រុក​មុខកំពូល និង​មានការ​បើកដៃ​ពី​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល​ផងដែរ​។ ដោយមាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​បែបនេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ឡុង ហ៊ាង អាចដាក់​សា​ឡុង​បូម​ខ្សាច់​នៅ​ឃុំ​រកា​កោង​ទី​១ ក្បែរ​ព្រំប្រទល់​ស្រុក​កងមាស ខេត្តកំពង់ចាម យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។

សកម្មភាព​បូម​ខ្សាច់​ខុស​ទីតាំង​របស់​ឈ្មួញ​ឈ្មោះ ឡុង ហ៊ាង ហៅ ណាំ​ហ៊ាង កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​បាក់​ច្រាំង បាក់​ដី​របស់​ពួកគាត់​ចូលទៅក្នុង​ទន្លេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​បូម​ខ្សាច់​ខុសច្បាប់​របស់​ឈ្មួញ​ឈ្មោះ ឡុង ហ៊ាង ជាបន្ទាន់ និង​ចាត់វិធានការ​ទៅលើ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ផងដែរ​។ ជាមួយគ្នានេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បូម​ខ្សាច់​របស់​ឈ្មួញ​ឈ្មោះ ឡុង ហ៊ាង នៅ​ស្រុក​មុខកំពូល ជាបន្ទាន់​ព្រោះ​សកម្មភាព​បូម​ខ្សាច់​ខុស​ទីតាំង​អនុញ្ញាត​របស់​ឈ្មួញ​រូបនេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រកា​កោង​ទី​១ យ៉ាង​ពេញបន្ទុក​៕

Av57NznTivPboJTFNlQB0SQ08G7Ym6G865_ThwX3Esjw-768x576 AqPtMg3gGLJbgv622spqrqtiO5pHesR1-OvToimqLH0q-768x576 Aj7kK50BuPq-bqUeD6VHmXfjjjhrIFoVMlrtSTO-ixfS-768x1024