ករណី​សមត្ថកិច្ច​នគរបាល​ស្រុក​ស្នួល បង្កើត​កុងត្រូលជជុះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​

ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ករណី​សមត្ថកិច្ច​នគរបាល​ស្រុក​ស្នួល បង្កើត​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកឈើ ឈ្មួញ​ដឹកទំនិញ ហើយ​សូម្បីតែ​ប្រជាពលរដ្ឋ​ដឹក​លាមក​គោក្របី​ទៅ​ដាក់​ចម្ការ​ក៏ត្រូវ​សមត្ថកិច្ច​នគរបាល​ទាំងនោះ​ជំរិត​យកលុយ​ដោយ​គ្មាន​ការយោគយល់​ដែរ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ ចាត់វិធានការ​លុបបំបាត់​កុងត្រូលជជុះ​នៅក្នុង​ស្រុក​ស្នួល​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្នួល បំពាន​លើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន តទៅទៀត​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​មន្ត្រីនគរបាល​ឈ្មោះ ខេន ទូច ហៅ​គឿន ជា​នគរបាល​អន្តរាគ​មន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល គឺជា​អ្នកបង្កើត​កុងត្រូលជជុះ​ចាំ​ជំរិត​យកលុយ​ពី​រថយន្ត​ដឹកឈើ រថយន្ត​ដឹកទំនិញ យ៉ាង​គឃ្លើន​ជា​យូរ​មកហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មោះ ខេន ទូច បានរៀបចំ​កម្លាំង​ឈរជើង​ចាំ​ប្រដេញ​និង​ស្ទាក់​ឲ្យ​ម្ចាស់​រថយន្ត​ដឹកឈើ និង​រថយន្ត​ដឹកទំនិញ​ចូល​បង់លុយ​តាម​ដងផ្លូវ​គ្រប់​ច្រក ដែលជា​ការបំពាន​លើ​បទបញ្ជា​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ទាំងស្រុង​។ ដូច្នេះ​ប្រសិនបើ​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ មិន​ជាប់​ពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍​ពី​ឈ្មោះ ខេន ទូច ទេនោះ​គួរ​ចាត់វិធានការ​ក្រុមនគរបាល​ដែល​បង្ក​ភាពអនាធិបតេយ្យ​នៅក្នុង​ស្រុក​ស្នួល ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ពេញបន្ទុក​តទៅទៀត​។

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ស្រុក​ស្នួល ក្រោម​បញ្ជា​របស់លោក ខេន ទូច ហៅ​គឿន ភាគច្រើន​ជាម​ន្ត្រី​ស្លៀកពាក់​ស៊ីវិល​ចាំ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកឈើ រថយន្ត​ដឹកទំនិញ និង​រថយន្ត​ដឹក​កសិផល ក្នុង​មួយថ្ងៃៗ​បានជា​ច្រើន​លាន​រៀល​។ សូម្បីតែ​រថយន្ត​ប្រជាពលរដ្ឋ​ដឹក​ជី ឬ​ដឹក​លាមក​គោក្របី​ទៅ​ដាក់​ចម្ការ ក៏ត្រូវ​កម្លាំង​ក្រោម​បញ្ជា​របស់លោក ខេន ទូច ហៅ​គឿន ប្រដេញ​បង្ខំ​ឲ្យ​បង់លុយ​តាម​ការកំណត់​ផងដែរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​កុងត្រូលជជុះ​ដែល​លោក ខេន ទូច ហៅ​គឿន បង្កើតឡើង​នៅ​ស្រុក​ស្នួល និង​អំពាវនាវ​ឲ្យ​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ លើស​នេះ​ទៅទៀត​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ ក៏​គួរពិនិត្យមើល​ទង្វើ​អាក្រក់​របស់លោក ខេន ទូច និង​បក្ខពួក​ផងដែរ​ព្រោះ​ពួកគេ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ​យ៉ាងខ្លាំង​៕

12096462_1541897756124590_1915620656013332696_nលោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ SenSokh-_nអ្នកធ្វើសកម្មភាពជំរិតយកលុយពីរថយន្តដឹកឈើ ដឹកទំនិញ