លោក សម រង្ស៊ី បញ្ជាក់ថា​នៅ​នៅ​ឆ្នាំ ២០១៨ ប្រទេស​កម្ពុជា​នឹង​ដើរ​តាម​គំរូ​ប្រទេស​ភូមា​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានបញ្ជាក់​នៅ​ចុង​សប្តាហ៍​នេះ​ថា​ប្រទេស​កម្ពុជា​នឹង​យក​គំរូ​តាម​ប្រទេស​ភូមា​នៅ​ឆ្នាំ​២០១៨​។ ការបញ្ជាក់​របស់លោក សម រង្ស៊ី យ៉ាង​ដូច្នេះ​ត្រូវគេ​សង្កេតឃើញថា​សមស្រប​ទៅនឹង​ការលើកឡើង​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​អះអាងថា​ប្រទេស​កម្ពុជា​នឹងមាន​ការផ្លាស់ប្តូរ​ដោយ​សន្តិវិធី​តាមរយៈ​ការបោះឆ្នោត​បែប​លទ្ធិប្រជាធិបតេយ្យនៅ​ឆ្នាំ​២០១៧ និង​២០១៨ ខាងមុខនេះ​។​

លោក សម រង្ស៊ី បានបញ្ជាក់​ថា​នៅ​ឆ្នាំ ២០១៨ ប្រទេស​កម្ពុជា​នឹង​ដើរ​តាម​គំរូ ដែល​ប្រទេស​ភូមា ឬ មី​យ៉ាន់​ម៉ា កំពុងតែ​បង្ហាញ​នៅ​ឆ្នាំ ២០១៦ នេះ គឺ​យើង​នឹង​ធានា​ឲ្យ​មានការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី បន្ទាប់ពី​កម្លាំង​ប្រជាធិបតេយ្យ​ទទួលបាន​ជ័យជំនះ ក្នុងការ​បោះឆ្នោត​មួយ ដែល​ឆ្លុះបញ្ចាំង​ឆន្ទៈ​ប្រជារាស្ត្រ​ពិតប្រាកដ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា នេះ​ជា​ចរន្ត​ប្រវត្តិសាស្ត្រ​ក្នុង​ពិភពលោក ដែល​គ្មាន​នរណា​អាច​ទប់ស្កាត់បាន​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កន្លងមក​បានបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់យក​នូវ​ជំហរ ទន់ភ្លន់ តែ​មិនត្រូវ​ទន់ជ្រាយ និង រឹងប៉ឹង តែ​មិនត្រូវ​រឹងរូស​។ លោក កឹម សុខា បាន​បញ្ជាក់ថា​គ្រប់​សកម្មភាព​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ប្រព្រឹត្ត​ទៅដោយ​មានការ​គិតគូរ​យ៉ាង​ហ្មត់ចត់ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ វិធីសាស្ត្រ​នយោបាយ និង​ការកំណត់​យុទ្ធសាស្ត្រ​នយោបាយ​តាមបែប​ផែន​ប្រជាធិបតេយ្យ​។​

លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋ​ខ្មែរ​មានការ​យល់ដឹង​ពី​លទ្ធិប្រជាធិបតេយ្យ​មិន​ចាញ់​ប្រជាពលរដ្ឋ​ភូមា​នោះទេ ហើយ​ពួកគាត់​ក៏​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​ប្រទេស​កម្ពុជា ដូច​ប្រទេស​ភូមា​ផងដែរ​។ លោក កឹម សុខា បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ថា ការតស៊ូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​អនុវត្ត​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​ឲ្យ​បាន​ពេល​លេញ និង​មានការ​ផ្លាស់ប្តូរ​អំណាច​ដោយ​សន្តិវិធី​មិនខានឡើយ​៕

VOD-Samrainsy-150320-lakena-cnrp-news-001-2015-03-20-e14268930886091 12987190_1082293531827379_6415100123768072639_n