ប៉ូលីសស្រុកស្នួល ឈ្មោះ ខេន ទូច ហៅ គឿន មានអំណាចដាក់ប៉ុស្ទិជជុះ តាមដងផ្លូវប្រដេញឡានដឹកឈើយកលុយ និងទំនិញគេចពន្ឋយកលុយ ផ្ទុយបទបញ្ជាថ្នាក់លើ

ខេត្តក្រចេះ ៖ ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើនិងទំនិញខុសច្បាប់ ទាំងតូច ទាំងធំ បានសម្តែងការមិនសប្បាយចិត្តចំពោះកុងត្រូលជជុះរបស់ប៉ូលីសនៃអធិការដ្ឋាន

ស្រុកស្នួលដែលមាន ឈ្មោះ ខេន ទូច ហៅ គឿន ជាប៉ូលីសអន្តរាគមន៍ នៃ អធិការ ដ្ឋាននគរបាលស្រុកស្នួល រៀបកម្លាំងឈរជើងចាំប្រដេញ និងស្ទាក់ ឲ្យ ឡានដឹកឈើ និងឡានដឹកទំនិញ ចូលបង់លុយតាមដងផ្លូវជាតិ គ្រប់ច្រកល្ហក យ៉ាងប្រសេចប្រសាចមិនដែលក្រែងញញើតពីចំណាត់ការរបស់អង្គភាពប្រឆាំង អំពើពុករលួយ ម្តងណាឡើយ។ហើយអ្វីដែល ឈ្មោះ ខេន ទូច ហៅគឿន កំពុង អនុវត្តន៍ក៏ផ្ទុយពីខ្លឹមសារនៃសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ និង លោកស្នងការ នគរបាល ខេត្តក្រចេះផងដែរ។

មានសេចក្តីរាយការណ៍មកថា ក្រោមបញ្ជារបស់លោក ខេន ទូច ហៅ គឿន ភាគច្រើនចាត់តាំងឲ្យមន្ត្រីស្លៀកពាក់ស៊ីវិលប្រមូលលុយពីឡានដឹកទំនិញឡាន ដឹកឈើនិងឡានដឹកកសិផលដើម្បីបន្លំភ្នែក សាធារណជនប៉ុន្តែរឿងពិត លោក ខេន ទូច ហៅ គឿន បានចេញ ទៅប្រមូលលុយថ្លៃក្បាលឡាន ដឹកទំនិញ គ្រប់ ប្រភេទ យកទៅចែកគ្នា ធ្វើមានធ្វើបាន មួយថ្ងៃៗ មិនដឹងជាយក ទៅណា អស់ ទេ ហើយ ក៏មិនដែលមាន នរណាហ៊ានសួរនាំពី បញ្ហានេះក៏ព្រោះតែលោក ខេន ទូច ហៅ គឿនមានឥទ្ធិពលធំធេងណាស់ សូម្បីតែឡាន ដឹកអាចមន៍គោ-ក្របី ដែលប្រជាពលរដ្ឋយកទៅធ្វើជីដាក់ផលដំណាំដែលមិនមែនជាទំនិញខុសច្បាប់ ក៍ត្រូវបើក ឡានប្រដេញយកលុយផងដែរ ។

ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ស្រុកស្នួលបានឲ្យដឹងថា ក្រុមនគរបាល នៃ អធិការដ្ឋានស្រុកស្នួលដែលមានលោក ខេន ទូច ហៅ គឿន ដាក់ប៉ុស្ទិជជុះ តាមដងផ្លូវនោះមិនដែលបង្ហាញស្នាដៃអ្វីទេក្រៅពីការដាក់ប៉ុស្តិ៍ជជុះនិង រថយន្ត សម្រាប់ប្រដេញឡានដឹកទំនិញឲ្យចូលបង់លុយទៅតាមតែអំពើចិត្តតែប៉ុណ្ណោះ

មន្ត្រីសាលាស្រុកស្នួល បានឲ្យដឹងថា លោក ខេន ទូច ហៅ គឿន ជាមន្ត្រី ប៉ូលីស រូបនោះមិនដឹងថា ចំណាយលុយក្នុងមួយខែប៉ុន្មានជូនលោក គង់ គឹមនី អភិបាលស្រុកស្នួលនោះទេ ក្នុងការទិញប៉ុស្តិ៍ផ្តាច់មុខ នៅលើទឹកដី ស្រុកស្នួល ទើបគាត់មានអំណាច ដាក់ពង្រាយមន្ត្រីប្រចាំការ ទាំងយប់ទាំងថ្ងៃ ចាំគាបជំរិត ទារលុយពីប្រជា ពលរដ្ឋរកស៊ីដឹកទំនិញ ក៏ដូចជាចាំទារលុយ ពីឈ្មួញ ដឹកឈើ ដោយគ្មាន ការ បង្ក្រាបអ្វីឡើយ ។

បើគិតតាមច្បាប់ប្រឆាំងអំពើពុករលួយ និងបទបញ្ជាអគ្គស្នងការនគរបាលជាតិ មន្ត្រីប៉ូលីសឈ្មោះ ខេន ទូច ហៅ គឿន និងមេកើយ អាចនឹងត្រូវស្ថិតក្នុងការ តាមដានស្រាវជ្រាវ ឬត្រូវកោះហៅទៅសួរនាំក្នុងករណី ដែលមានពាក្យបណ្តឹង ព្រោះអ្វីដែលលោក ខេន ទូច ហៅ គឿន បានប្រព្រឹត្តគឺបំពានទៅនឹងការឹត បន្តឹង របស់ថ្នាក់លើ យ៉ាងក្រអឺតក្រទមបំផុត៕  ស្រស់ រុះរោយ

ប៉ូលីសស្រុកស្នួល ឈ្មោះ ខេន ទូច ហៅ គឿន មានអំណាចដាក់ប៉ុស្ទិជជុះ តាមដងផ្លូវប្រដេញឡានដឹកឈើយកលុយ និងទំនិញគេចពន្ឋយកលុយ ផ្ទុយបទបញ្ជាថ្នាក់លើ