ដឹង​ទេ​! ស​ង្ក្រា​ន្តឆ្នាំ​ថ្មី​នៅ​សំបូរ​ព្រៃ​គុក ក៏​មិនធម្មតា​ដែរ

ខេត្ត​កំពង់ធំ ៖ ដោយ​​មានកា​រជួយ​​ឧបត្ថម្ភ​​គាំទ្រ​​ពី​សំណាក់​ថ្នាក់ដឹកនាំ​​ខេត្តកំពង់​ធំ ព្រមទាំង​មន្ត្រីរាជ​ការ​ជុំវិញ​​ខេត្ត និង​​ប្រជាពលរដ្ឋ​ផង​នោះ សភាព​​សហព័ន្ធ​យុវជន​កម្ពុជា​​ខេត្តកំពង់ធំ បាន​រួម​​សហការ​​រៀបចំ​​ស​ង្ក្រា​​ន្ត​​ថ្មី សំបូរ​ព្រៃ​គុក​ នៅ​ក្នុងរមណីយ​​ដ្ឋា​ន​ប្រាសាទ​សំបូរ​ព្រៃ​គុក​រយៈពេ​ល​៣​​យប់​​៤​​ថ្ងៃ ដើម្បី​​ទទួល​ទេវតា​​ឆ្នាំ​ថ្មី គឺ​ចាប់ពី​ថ្ងៃ​ទី​​១៣ ដល់​​ថ្ងៃ​​ទី​​១៦ ​មេសា ២០១៦ ។

នៅ​ក្នុង​កម្មវិធី​ស​ង្ក្រា​ន្ត​ថ្មី​សំបូរ​ព្រៃ​គុក ​រួមមាន​ការ​តាំង​លក់​ម្ហូបអាហារ​ខ្មែរ, ផ្សា​រលក់​បន្លែ, ផ្លែ​ឈើ, ធ្វើ​នំ​បញ្ចុក, ដាល់អំបុក, ធ្វើ​នំ​នាឡិ​កា​ខ្នាត​​ធំ, លក់​ឧ​បករ​ណ៍​ប្រើប្រាស់, វត្ថុ​អនុ​ស្សាវ​រី​យ៍, ទស្សនា​វត្ថុ​បុរាណ, ទស្សនា​ក្រ​ម៉ា​យក្ស, រាំវង់​ស្គរដី, រាំ​ធុងបាស់, តន្ត្រី​ខ្នាត​ធំ ទស្សនា​របាំ​ប្រជាប្រិយ​ មាន​ដូច​ជា​របាំ​រាំ​គែន, របាំ​ក្ងោក​ប៉ៃលិន,  របាំ​កាប់​ក្របី​ផឹកស្រា, របាំ​ក្រ​ម៉ា និង​ចូលរួម​លេងល្បែង​ប្រជាប្រិយ​ដូច​ជា​ប្រណាំង​រទេះគោ, ប្រណាំង​ក្របី, ប្រណាំង​គៀវ, បោះ​អ​ង្គុ​ញ, ចោល​ឈូង, ទាញ​ព្រ័ត្រ, វាយក្អម, បូមទឹក​ដាក់​ដប, ចាប់​កូន​ខ្លែង, បិត​មុខ​បញ្ចុក​​ចេក, ល្បែង​ចាប់​មច្ឆា​អូរ​គ្រូ​កែ, ឡើង​សរសរ​ខ្លាញ់, ដណ្តើម​យក​រង្វាន់​ម៉ូតូ, ពូន​ភ្នំខ្សាច់ និង​ស្រង់​ព្រះ​...។​ល​។

ក្នុង​នោះ​ផង​ដែរ លោក អ៊ុត សំ​អន អភិបាលខេត្ត​កំពង់ធំបាន​ថ្លែង​ថា​ ការ​រៀបចំ​ប្រារ​ព្ធ​​ធ្វើ​ស​ង្ក្រា​ន្ត​ថ្មី ​សំបូរ​ព្រៃ​គុប​នេះ​ គឺ​ក្នុង​គោល​បំណង​រំលឹក​ឡើង​វិញ​នូវ​​វប្បធម៌​ប្រពៃណី​ខ្មែរ បង្កើន​បរិយាកាស​រវាង​ប្រជាជន​មូលដ្ឋាន​ជាមួយ​ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ស្រុក​ផ្សេង ជា​ពិសេស​ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ​បាន​រាំ​លេង​កម្សាន្ត​​ជាមួយ​តន្ត្រីសម័យ និង​ចម្រៀង​ប្រពៃណី​ជាតិខ្មែរ ព្រមទាំង​បាន​ស្គាល់​អំពី​​ស្នាដៃ​នៃ​បុព្វបុរស​ខ្មែរ​នា​សម័យ​បុរាណ​ ដែល​បាន​កសាង​ប្រសាទ​នេះ​ឡើងជា​ទីក្រុង​ឥសា​បុ​រៈ មុន​សម័យ​អង្គរ ដែល​មាន​អាយុ​កាល​​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ ។

អ្វីដែល​​សំខាន់​ទៅ​ទៀត​នោះ​ អាច​ធ្វើ​ឱ្យ​​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​នៅ​ទីនោះ​មាន​ជីវភាព ធូរធា​តាម​រយៈ​នៃ​ការ​លក់ដូរ​សម្ភាររបស់របរ​ហូប​ចុក និងបាន​ចូលរួម​សប្បាយ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ស្រប​ពេល​ដែល​ប្រទេស​ជាតិ​របស់​យើង​កំពុង​តែ​មានការ​រីក​ចម្រើន និង​អ​ភ​វ​ឌ្ឍ​ន៏​លើ​គ្រប់​វិស័យ ។