ស្ដ្រី​ខ្មែរ​ចំនួន​5​នាក់​ត្រូវ​បាន​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ចិន​ជូ​យ​សង្គ្រោះ

រាជធានី​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​ចំនួន​០៤​នាក់ ដែល​បាន​ទៅ​ធ្វើការ​ផ្នែក​សេវា​បោសសម្អាត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការងារ ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ។  នេះ​បើ​យោង​តាម​ការ​ប្រកាស​ឱ្យ​ដឹង​ពី​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្ដិការ​អន្ដជាតិ នៅ​ថ្ងៃ​ទី​៨ ខែមេសា ។

ស្ដ្រី​ទាំង ០៤ នាក់​នោះ មាន ៖
-​ឈ្មោះ គង់ ល​ក្ខិ​ណា អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង បាន​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ និង​បាន​ទៅ​ស្ថានទូត​នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៦ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ។
-​ឈ្មោះ អុល សា​រ៉​ង អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង បាន​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៦ និង​បាន​ទៅ​ស្ថានទូត​នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៦ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ។
-​ឈ្មោះ ឡេ​ង ស្រី​មុំ អាយុ​៣៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ក្រឡា ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៥ និង​បាន​ទៅ​ស្ថានទូត នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ។
-​ឈ្មោះ​នៅ ដា​នី អាយុ​៤១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ល្បើក ស្រុក​ឈូក  ខេត្តកំពត បាន​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៦ និង​បាន​ទៅ​ស្ថានទូត នៅ​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៦ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ។

ការ​ប្រកាស​ដដែល​បន្ដ​ថា ស្ថានទូត​បាន​ធ្វើការ​ទាមទារ​យ៉ាង​ស្វិតស្វាញ​ជាមួយ​ថៅកែ​របស់​ពល​ការិនី​ទាំង​០៤​នាក់​នេះ ឲ្យ​បើក​ប្រាក់ខែ និង​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​ធ្វើ​ដំណើរ​ត្រឡប់​មក​មាតុប្រទេស ។ កំឡុង​ពេល​រង់ចាំ​ការ​ត្រឡប់​មក​កម្ពុជា​វិញ ស្ថានទូត​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ និង​ការ​ហូប​ចុក ជូន​ដល់​ពល​ការិនី​ទាំង​០៤​នាក់ នេះ​ផង​ដែរ ។

ពល​ការិនី​០៤​នាក់​ខាងលើ ត្រូវ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៩ ខែមេសា វេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក តាម​ជើង​យន្តហោះ AK ៥៣៦ ។
ជាមួយ​គ្នា​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏​បាន​អន្តរាគ​មន៍​ជួយ​ស្ត្រី​ខ្មែរ​០១​រូប ឈ្មោះ វេន ផ​ល្លី អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទី​១ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​រៀប​ការ​ជាមួយ​ប្តី​ជនជាតិ​ចិន ហើយ​ត្រូវ​ប្តី​បិទ​សិទ្ធិ​សេរីភាព ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ។ ស្ត្រី​ឈ្មោះ វេន ផ​ល្លី បាន​ធ្វើ​មាតុភូមិនិវត្តន៍​រួច​ហើយ កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៦ កន្លង​មក  ៕