មូល​ហេតុដែល​លោកអ្នក​មិនគួរ​អនុញ្ញាតឱ្យ​អ្នកផ្សេង​ថើប​លើ​បបូរមាត់​កូន​

    ​នៅពេល​និយាយ​ដល់​ការការពារ​កូនតូច យើងទាំងអស់គ្នា​សុទ្ធតែ​ដូចគ្នា​ទាំងអស់​។ សូម្បី​ស្នាម​តូច​មួយ​នៅលើ​ខ្លួន​កូន​ក៏​អាចធ្វើឱ្យ​យើង​គេង​មិន​លក់​បក់​មិន​ល្ហើយ​បានដែរ ហើយ​សូម្បីតែ​សំឡេង​ក្អក​តែ​បន្តិច​ក៏​ធ្វើឱ្យ​ពុក​ម្តាយ​កើត​ក្តីបារម្ភ​ភ្លាម​រំពេច​បានដែរ​។ វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​ក្នុង​ការមើល​ថែកូន​។ ប៉ុន្តែ​សម្រាប់​ឪពុកម្តាយ ការមើល​ថែកូន​បាន​ធំ​ដឹងក្តី​គឺជា​ការងារ​មហា​ជោគជ័យ​បំផុត​ក្នុង​ជីវិត​។

​    ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ឪពុកម្តាយ​សប្បាយចិត្ត​ពេលដែល​អ្នកដទៃ​សរសើរ​កូន​ពួកគាត់​ថា "​គួរឱ្យ​ស្រឡាញ់​" "​គួរឱ្យ​គ្រឺត​" និង​ពាក្យ​សរសើរ​ផ្សេងទៀត​។

​    ​ប៉ុន្តែ​នៅពេល​និយាយ​ដល់​ការប៉ះពាល់​កូន លោកអ្នក​ត្រូវ​ប្រយ័ត្ន​ដាច់ខាត​មិនឱ្យ​អ្នកដទៃ​ថើប​លើ​បបូរមាត់​កូន​នោះឡើយ​។ ប្រសិនបើ​លោកអ្នក​ទុកឱ្យ​អ្នកដទៃ​ថើប​លើ​បបូរមាត់​កូន មានន័យថា​លោកអ្នក​ដូច​ប្រគល់​ផ្នូរខ្មោច​មួយ​ដល់​កូនលោក​អ្នក​យ៉ាង​អ៊ីចឹង​ដែរ ព្រោះ​អ្នក​ប្លែក​មុខ​នោះ​មិនដឹងថា​កើត​ជំងឺ​អ្វីខ្លះ​នោះទេ​។

មូល​ហេតុដែល​លោកអ្នក​មិនគួរ​អនុញ្ញាតឱ្យ​អ្នកផ្សេង​ថើប​លើ​បបូរមាត់​កូន​

​    ​យោងតាម​ករណី​សិក្សា​ជាក់ស្តែង​មួយ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ ម្តាយ​ជនជាតិ​អង់គ្លេស​ឈ្មោះ Claire Henderson បាន​បង្ហោះ​រូបថត​កូនស្រី​អាយុ ១ ខែ ឈ្មោះ Brooke បានកើត​ជំងឺ​លើ​មាត់​និង​មុខ ដោយសារតែ​គាត់​បណ្តោយឱ្យ​មនុស្ស​ប្លែក​មុខ​ថើប​បបូរមាត់​កូន​របស់គាត់​។ មនុស្ស​ម្នាក់​នោះបាន​កើត​ជំងឺ HSV (​ជា​ប្រភេទ​ជំងឺ​ឆ្លងតាម​ការរួម​ភេទ​) ហើយ​បាន​ចម្លង​វា​មក​ក្មេង​តាមរយៈ​ការ​ថើប​បបូរមាត់​នេះឯង​។​

​    ​ខណៈ​ជំងឺ HSV មិនមែនជា​ប្រភេទ​ជំងឺ​ដែល​មនុស្ស​ធំ​ពិបាក​ទប់ទល់ ប៉ុន្តែ​វា​អាចធ្វើឱ្យ​ក្មេង​ស្លាប់​បាន​ដោយសារតែ​ប្រព័ន្ធ​រាងកាយ​របស់​ក្មេង​មិនអាច​ទ្រាំទ្រ​បាន​ចំពោះ​ជំងឺ​ប្រភេទ​នេះ​ទេ​។

​    ​នៅមាន​ជំងឺ​ជាច្រើន​ទៀត​ដែល​អាច​ចម្លង​តាម​បបូរមាត់​ក្មេង ដូច្នេះ យក​ល្អ​លោកអ្នក​មិនត្រូវ​អនុញ្ញាតឱ្យ​មនុស្ស​ប្លែក​មុខ​ថើប​លើ​បបូរមាត់​កូន​របស់​អ្នកជា​ដាច់ខាត​៕