ជិះ​ម៉ូតូ​ទៅ​អុកឡុក​កន្លែង​រាំវង់​ បង្ក​ជា​ទំនាស់​វាយ​កាប់​គ្នា​របួសធ្ងន់​និង​ស្រាល​១០​នាក់​

ជិះ​ម៉ូតូ​ទៅ​អុកឡុក​កន្លែង​រាំវង់​ បង្ក​ជា​ទំនាស់​វាយ​កាប់​គ្នា​របួសធ្ងន់​និង​ស្រាល​១០​នាក់​



ភ្នំពេញ ៖ ឆាកប្រយុទ្ធ​រវាង​ក្រុម​ក្មេង​ទំនើង​៦​នាក់​ និង​ប្រជាពលរដ្ឋ​អ្នកលេង​រាំវង់​កម្សាន្ត​ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​បង្ក​ឲ្យ​មានការ​វាយ​កាប់​គ្នា​យ៉ាង​អនាធិបតេយ្យ​ ដែល​ក្រុម​បង្ក​ជា​ក្មេង​ទំនើង​៦​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​អុកឡុក​ក្នុង​ពិធី​រាំវង់​នោះ​រួច​បង្ក​ជា​ទំនាស់​ ឈានដល់​ការ​កាប់​គ្នា​របួសធ្ងន់​និង​ស្រាល​ទាំងសងខាង​សរុប​ជិត​១០​នាក់​ក្នុង​នោះ​ក្រុម​ប្រជាពលរដ្ឋ​របួស​២​នាក់​ និង​ក្រុម​បង្ក​របួស​ទាំង​៦​នាក់​ក្នុង​នោះ​ធ្ងន់​ពីរ​នាក់​ហើយ​ចាប់ខ្លួន​៤​នាក់។

ហេតុការណ៍​នេះ​បាន កើតឡើង​កាលពី​វេលា​ម៉ោង ២២​យប់​ថ្ងៃទី ៨​ខែមេសា​ឆ្នាំ ២០១៦​នៅ​ចំណុច​បន្ទប់​ជួល​នៅ​ខាងកើត​ផ្សារ​ព្រៃទា ស្ថិត​ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា នៅមុន​ពេល​មាន​ហេតុការណ៍​នេះ​កើតឡើង​គឺ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើ​បាន​នាំគ្នា​ចាក់​ធុងបាស់​រាំ​លេង​កម្សាន្ត​មុន​បុណ្យចូលឆ្នាំ ស្រប​ពេល​នោះ​ដែរ​មាន​ក្រុម​អ្នកលេង​ជា​ក្មេង​ទំនើង មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​បី​គ្រឿង​ម៉ាក MSX ២​គ្រឿង និង​ម៉ាក​ស្កុប​ពី​១​គ្រឿង​មកលេង​ផ្ទះ​ជួល​បងប្អូន​ក្បែរ​កន្លែង​កើតហេតុ ហើយ​ក្រុម​ជន​បង្ក​បាន​ជិះ​ម៉ូតូ​រោទិ៍​បំពង់​ស៊ីមាំង​បង្ក​សំឡេង​រំខាន ខ្លាំងៗ​និង​ជិះ​ម៉ូតូ​រក​ទៅ​បុក​ប្រជាពលរដ្ឋ​ដែល​កំពុង​ឈរ​រាំ​ថែម​ទៀត​ផង។

ពេលនោះ​ក្រុម​អ្នក​រាំ​បាន​ស្រែក​ថា​ ឲ្យ​ទៅ​ក្រុម​ម៉ូតូ​ថា ជិះ​ម៉ូតូ​អត់​មើល​គេ​រាំ​ទេ​ឬ​ម៉េច​ក៏​រោទ៍​បំពង់​ស៊ីមុំាង​ឮ​ខ្លាំងៗ​យ៉ាង​នេះ​ ដោយ​ឮ​គេ​ស្ដី​ឲ្យ​បែបនេះ​ក្រុម​ម៉ូតូ​បង្ក​បាន​ឈប់​ម៉ូតូ​ទៅ​សួរនាំ រហូត​បង្ក​ជា​ទំនាស់​ពាក្យសំដី​តឹង​សរសៃ​ក​ដាក់គ្នា​ឈាន​ទៅដល់​ការ​ទាញ​កាំបិត​និង​ដំបង​ទីប​វាយ​កាប់​គ្នា​យ៉ាង​អនាធិបតេយ្យ​បណ្ដាល​ឲ្យ មាន​អ្នក​រង​របួស​ធ្ងន់​៨​នាក់​ក្នុង​នោះ​២​នាក់​ជា​ជន​បង្ក​ហេតុ​បាន​ដាច់​ម្រាមដៃ​អស់​៤​ម្រាម​ម្នាក់ទៀត​ដេក​សន្លប់​ហើយ​៤​នាក់​ទៀត​ដែល​របួសស្រាល​ត្រូវ​ចាប់ខ្លួន​និង​ខូចខាត​ម៉ូតូ​អស់​ចំនួន​៣​គ្រឿង​ឬ​ឯ​អ្នក​រង​របួស​ត្រូវ​បាន​ក្រុម​សង្គ្រោះ​បន្ទាន់ ៧១១ ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ ​ដើម្បី​ជួយសង្គ្រោះ​ជីវិត។

ក្រោយមក​សមត្ថកិច្ច​បាន​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែង​ភ្លាមៗ ​ហើយ​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ម្ខាង​ទៀត​បាន​៤​នាក់ និង​ម៉ូតូ​៣​គ្រឿង​រួម​និង​វត្ថុតាង យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ​ដើម្បី​យក​ទៅ​សួរនាំ​ដើម្បី​កសាង​ឯកសារ​បញ្ជូន​ទៅកាន់​ផ្នែក​ព្រហ្មទណ្ឌ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕
ជិះ​ម៉ូតូ​ទៅ​អុកឡុក​កន្លែង​រាំវង់​ បង្ក​ជា​ទំនាស់​វាយ​កាប់​គ្នា​របួសធ្ងន់​និង​ស្រាល​១០​នាក់​

ជិះ​ម៉ូតូ​ទៅ​អុកឡុក​កន្លែង​រាំវង់​ បង្ក​ជា​ទំនាស់​វាយ​កាប់​គ្នា​របួសធ្ងន់​និង​ស្រាល​១០​នាក់​