ក្រសួងយុត្តិធម៌ លើក​ពេល​បន្ធូរបន្ថយ​ទោស​ ដល់​ទណ្ឌិត​

ក្រសួងយុត្តិធម៌ លើក​ពេល​បន្ធូរបន្ថយ​ទោស​ ដល់​ទណ្ឌិត​​ភ្នំពេញ ​៖ ក្រសួងយុត្តិធម៌ លើក​ពេល​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ទៅ​ក្នុង​ឱកាស​បុណ្យពិសាខបូជា​វិញ​។

​យោង​តាម​លិខិត ចុះ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦ របស់​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា គណៈកម្មកា​រ​ថ្នាក់​ជាតិ បាន​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ទៅ​ក្នុង​ឱកាស​បុណ្យពិសាខបូជា​វិញ​។

ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា «​គណៈកម្មការ​ថ្នាក់​ជាតិ​ បាន​ទទួល​សំណើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​របស់​គណៈកម្មការ​ថ្នាក់ រាជធានី​-​ខេត្ត ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦ ចំនួន​១២​ខេត្ត ដែល​ក្នុងចំណោម សំណើ​ទាំងនេះ គណៈកម្មការ​ថ្នាក់​ជាតិ បាន​ពិនិត្យ​ឃើញ​ថា សំ​ណើ​មួយចំនួន​ពុំ​ទាន់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​លក្ខខណ្ឌ និង​ការរៀបចំ ឯកសារ​មិនបាន​ត្រឹមត្រូវ​ទៅតាម​គោលការណ៍ និង​ទម្រង់ លក្ខខណ្ឌ​ ដែល​មាន​ចែង ក្នុង​បទប្បញ្ញត្តិ​ច្បាប់​អាជ្ញាធរ​មាន​នៅ​ឡើយ រួម​ទាំង​កង្វះខាត​ព័ត៌មាន​នៃ​សំណុំ​ឯកសារ របស់​ទណ្ឌិត មួយចំនួន​ផង​ដែរ​។

ដូច្នេះ​ដើម្បី​ធានា​បាន​នូវ​ការអនុវត្ត ត្រឹមត្រូវ​តាម​គោលការណ៍ និង​ទម្រង់​លក្ខខណ្ឌ​ ដែល​មាន​ចែង​ក្នុង​បទប្បញ្ញត្តិ ច្បាប់​ជាធរមាន គណៈកម្មការ​ថ្នាក់​ជាតិ សម្រេច​លើក​ពេល​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ដល់ ទណ្ឌិត ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ទៅ​ក្នុង​ឱកាស​បុណ្យពិសាខបូជា​វិញ​៕

ក្រសួងយុត្តិធម៌ លើក​ពេល​បន្ធូរបន្ថយ​ទោស​ ដល់​ទណ្ឌិត​