ក្រសួងផែនការ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​ ហ៊ុន​ ម៉ា​នី ​ចុះ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​

ក្រសួងផែនការ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​ ហ៊ុន​ ម៉ា​នី ​ចុះ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​



ភ្នំពេញ ៖ ក្រសួងផែនការ​សហការ​ជាមួយ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក ​ហ៊ុន ​ម៉ា​នី​កាលពី​ថ្មីៗ​នេះ​ បាន​នាំ​ថ្នាំពេទ្យ​ និង​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ដល់​កងកម្លាំង​នគរបាល​ជាតិ​សម្ព័ន្ធ​មេត្រីភាព​វរសេនា​តូច លេខ ៣១០​និង​លេខ​៨២៣​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​កម្ពុជា​ថៃ​ភូមិភាគ​៥​ដោយ​ឥតគិតថ្លៃ​ចំនួន​៦១២​នាក់​នៅ​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង។

ចូលរួម​នៅ​ក្នុង​ពិធី​នោះ​ដែរ​រួមមាន​លោក​ទេសរដ្ឋមន្ត្រី​ឆាយ​ ថន​រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រលោក លេង ផា​លី ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក ​ហ៊ុន​ ម៉ា​នី​ លោក​ហ៊ូ​ តាំង​អេង​រដ្ឋលេខាធិការ​ក្រសួងផែនការ និង​លោកស្រី​ហង់​ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ។

លោក​ លេង ផា​លី​ ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក​ ហ៊ុន​ ម៉ា​នី​ បាន​មាន​ប្រសាសន៍​ថា គិត​មកដល់ពេលនេះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក​ហ៊ុន ម៉ានី បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជួន​ប្រជាពលរដ្ឋ​ ដោយ​ឥតគិតថ្លៃ​បាន​ចំនួន​៣៥​ខែ​ស្មើនឹង​៣៩​លើក​ ដោយ​បាន​ពិនិត្យ​និង​ព្យាបាល​ជំងឺ​សរុប​ចំនួន​៤១៧៤៨​នាក់​ក្នុង​នោះ​មាននៅ​ក្នុង​ស្រុក​ឱរ៉ាល់​ និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ ស្រុក​ដងទង់ ខេត្ត​កំពត ស្រុក​កងមាស ខេត្ត​កំពង់ចាម ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង ស្រុក​សំរោង ខេត្ត​តាកែវ ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​ និង​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង។

លោក​លេង​ ផា​លី​បាន​បន្ត​ថា​«​ការ​ចុះពិនិត្យ​ព្យាបាល​ជំងឺ​ជួន​ប្រជាពលរដ្ឋ​ក៏ដូចជា​កង​នគរ​បាលជាតិ​នេះ​គឺជា​ស្មារតី​មនុស្សធម៌​សុទ្ធសាធ​ ដែល​ស្តែង​ចេញពី​សេចក្តី​ស្រលាញ់​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​នាម​ជា​ឈាមជ័រ​ខ្មែរ​តែមួយ​ដូចគ្នា​ខ្មែរ​ស្រលាញ់​ខ្មែរ​រួបរួម​តែមួយ​អនាគត​តែមួយ​ ពោល​គឺ​ការ​ព្យា​បាល​មិន​ប្រកាន់​និន្នាការ​នយោបាយ​បក្ស​បក្ខ​សាសនា​ណាមួយ​ឡើយ​ព្រោះថា​ បញ្ហា​សុខភាព​គឺជា​មូលដ្ឋានគ្រឹះ​ដើម្បី​ឆ្ពោះ​ទៅរក​ភាព​ជោគជ័យ​សុភមង្គល​ជួន​គ្រួសារ​និង​សង្គមជាតិ​ដូច​ពាក្យស្លោក​មួយ​ពោលថា​មាន​សុខភាព​ល្អ​ទើប​មាន​អ្វីៗ​ទាំងអស់​»​។

ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក ហ៊ុន ​ម៉ា​នី​បាន​បន្ថែម​ថា ​«​ការ​ចុះ​ជួយ​ព្យាបាល​ជំងឺ​និង​ផ្តល់​ថ្នាំពេទ្យ​នេះ​គឺជា​អំពើ​ល្អ​បរិសុទ្ធ​របស់​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី ​ដែល​សកម្មភាព​នេះ​ធ្វើ​ដូច​ភ្លៀងរលឹម​ដើម្បី​ធ្វើ​យ៉ាងណា​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​លើក​កម្ពស់​សុខភាព​ជួន​ប្រជាពលរដ្ឋ​ពិសេស​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចំណេញ​ពេលវេលា​ក្នុង​ការរក​ទទួលទាន​និង​ធ្វើ​ឲ្យ​ពួកគាត់​មាន​សុខភាព​ល្អជា​ប្រចាំ​ដោយ​មិន​ចាំបាច់​ចំណាយ​ទៅលើ​ការទិញ​ថ្នាំពេទ្យ​និង​ទៅរក​គ្រូពេទ្យ​ព្រមទាំង​សន្សំសំចៃ​ថវិកា​ទៀត​ផង​»។

លោក​លេង​ ផា​លី​បាន​បញ្ជាក់​ថា «​បើ​ប្រជាពលរដ្ឋ​យើង​មាន​សុខភាព​ល្អ​វា​មិន​ត្រឹមតែ​អាច​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ប៉ុណ្ណោះ​ទេ​ ពោល​គឺ​អាច​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​ថែម​ទៀត​ផង​»​។ លោក​បាន​បន្ថែម​ទៀត​ថា ​«​ទង្វើ​នេះ​គឺជា​អំពើល្អ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ណែនាំ​ដល់​សមាជិក​សមាជិកា​ទាំងអស់​ ឲ្យ​ប្រព្រឹត្តិ​អំពើ​ល្អ​ជួយ​ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះខាត​ពិសេស​ក្នុង​ការ​លើក​កម្ពស់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​»។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោក​ទេសរដ្ឋមន្ត្រី​ឆាយ​ ថន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ហ៊ុន ​ម៉ា​នី​តំណាងរាស្ត្រ​ ដែល​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​និង​ថ្នាំពេទ្យ​ចុះ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ជួន​ដល់​កង​នគរបាល​ជាតិ​ឈរជើង​ ការពារ​ព្រំដែន​កម្ពុជា​ថៃ ​នៅ​ស្រុក​សំឡូត​នា​ពេល​នេះ។ លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​អរគុណ​ ចំពោះ​លោក​លេង ផាលី​ ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​លោក ហ៊ុន​ ម៉ា​នី​ និង​គ្រូពេទ្យ​ទាំងអស់​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​និង​កម្លាំង​កាយ​ចិត្ត​ជួយ​ព្យាបាល​ដល់​កង​នគរបាល​ជាតិ​យើង​ នា​ពេលនេះ​ផងដែរ។

លោក​ឆាយ​ ថន​បាន​មានប្រសាសន៍ថា​«​ការ​ការពារ​ប្រទេសជាតិ​មិន​អាច​ខ្វះ​បាន​ឡើយ​ រវាង​សមរ​ភូមិ​មុខ​​និង​សមរភូមិ​ក្រោយ​ដែល​ទាំងពីរ​នេះ​មិន​អាច​កា​តើ​ផ្តាច់​ពី​គ្នា​បាន​ឡើយ​។ ជាក់​ស្តែង​ដូចជា​ថ្ងៃ​នេះ​ក្នុងនាម​សមរភូមិ​ក្រោយ​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​ហ៊ុន​ ម៉ានី​ចុះ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​និង​សាកសួរ​សុខទុក្ខ​ព្រមទាំង​នាំមក​នូវ​អំណោយ​មួយ​ចំនួន​ជា​គ្រឿង​ឧបភោគបរិភោគ​ជួន​ដល់​បងប្អូន​កង​នគរបាល​ជាតិ​នៅ​ស្រុក​សំឡូត​ដែល​បាន​លះបង់​ញើស​ឈាម​ការពារ​បរ​ណ​ភាព​ទឹកដី​»​។​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ត​ថា ទន្ទឹម​នឹង​ការ​លះបង់​ស្មារតី​ និង​កម្លាំងកាយ​របស់​កង​នគរបាល​ជាតិ​យើង​ការ​ការពារ​ចំពោះ​សុខភាព​ក៏​មាន​សារៈសំខាន់​ផង​ដែរ​។ លោក​ឆាយ ​ថន​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​កង​នគរបាល​ជាតិ​ ដែល​កំពុង​ឈរជើង​ការពារ​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ថែទាំ​សុខភាព​ព្រោះថា​សុខភាព​មាន​សារសំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប​បើ​មិន​មាន​សុខភាព​ល្អ​ទេ​ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ដែរ​ទាំង​គ្រួសារ​ និង​ការពារ​ប្រទេសជាតិ​បាន​ដែរ​។​

នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោក​ទេសរដ្ឋមន្ត្រី​ឆាយ ថន​បាន​ប្រគល់​ជួន​នូវ​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ដល់​កង​នគរបាល​ជាតិ​វរសេនា​តូច​លេខ​៣១០​ និង​លេខ​៨២៣​សម្រាប់​ទុក​បរិភោគ​បើ​ទោះបីជា​សម្ភារៈ​មិន​គ្រប់គ្រាន់​តាម​សេចក្តី​ត្រូវការ​ក៏​ពិតមែន​ តែ​វា​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​សម្រាល​បន្ទុក​បាន​មួយ​រយៈ​ពេល​ខ្លី​ផង​ដែរ។

ជាមួយគ្នានេះដែរ​ប្រជាពលរដ្ឋ ​និង​កង​កម្លាំង​នគរបាល​ជាតិ​ការពារ​ព្រំដែន​កម្ពុជា​ថៃ​ នៅ​តំបន់​សំឡូត​ទាំងអស់​មាន​ក្តី​រីករាយ​យ៉ាង​ខ្លាំង​ក្រៃលែង និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ លោក​ទេសរដ្ឋមន្ត្រី​ឆាយ​ថន​លោក​លេង​ផា​លី​ដែល​បាន​ផ្តល់​នូវ​ថ្នាំពេទ្យ​និង​បញ្ជូន​ក្រុម​គ្រូពេទ្យ​ចុះ​មក​ជួយ​ព្យាបាល​ជំងឺ​ជូន​ពួកគាត់​និង​សូម​គោរព​ជូនពរ ហ៊ុន ម៉ា​នី​លោក​ឆាយ ​ថន​និង​លោក​លេង​ផា​លី​ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ក្រុមគ្រួសារ​ឲ្យ​មាន​សុខភាព​ល្អ​បរិបូរណ៍​កម្លាំង​មាំមួន​អាយុ​យឺនយូរ​ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចំរើន​ថែមទៀត។

ប្រជាពលរដ្ឋ​និង​កង​កម្លាំង​នគរបាល​ជាតិ​ទាំងនោះ​គិត​ថា មានតែ​សម្ដេច​តេ​ជោ​ទេ ​ដែល​មាន​ទេព​កោសល្យ​ពី​កំណើត​នៅ​ក្នុង​ពិភពលោក​កម្រ​រក​បាន​មាន​ប្រាជ្ញា​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​ឥត​ឈប់ឈរ​មានការ​ផ្សះផ្សា​ជាតិ​បង្រួបបង្រួម​ជាតិ​មាន​ស្ថិរភាព​និង​សន្តិភាព​ពិតប្រាកដ​។​ដូចនេះ​យើង​ទាំងអស់​គ្នា​ត្រូវតែ​រួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​តាម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ឲ្យ​បាន​គង់វង្ស​ព្រោះថា​តាមរយៈ​គោលនយោបាយ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សុខសន្តិភាព​ពេញលេញ​ហើយ​សូម្បីតែ​សម័យ​អ៊ុន​តាក់​ដែល​បាន​មក​រៀបចំ​ប្រទេស​កម្ពុជា​នោះ​ក៏​មិន​មាន​សមត្ថភាព​ធ្វើ​ឲ្យ​កម្ពុជា​មាន​សន្តិភាព​ដែរ​៕

ក្រសួងផែនការ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​ ហ៊ុន​ ម៉ា​នី ​ចុះ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​

ក្រសួងផែនការ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​ ហ៊ុន​ ម៉ា​នី ​ចុះ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​