សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ថ្វាយព្រះពរ​សម្ដេចម៉ែ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​

សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ថ្វាយព្រះពរ​សម្ដេចម៉ែ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​



ភ្នំពេញ ​៖ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខាងមុខនេះ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុន សែន បាន​ថ្វាយ​លិខិត ថ្វាយព្រះពរ សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល។​

ក្នុង​​ឱកាស ដ៏​មហា​នក្ខត្ត​បក្ស​ឧត្តុង្គឧត្តម​នៃ​ពិធី​ទទួល​អំណរ បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ដែល​នឹង​ឈាន​ចូល​ក្នុង​ថិរវេលា ដ៏​ឆាប់ៗ​ខាងមុខនេះ សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ព្រះ​បរម​រាជានុញ្ញាត លំឱនកាយ​ថ្វាយ​ព្រះ​មង្គល​ពរ​បវរ​សួស្តី មហា​ប្រសើរ សូម​ហ្លួង​ម៉ែ ជា​អម្ចាស់​ជីវិត ទ្រង់​ព្រះ​ប្រកបដោយ​ព្រះ​បរមសុខ​ភាពល្អ​ពេញ បរិបូ​ណ៍ ព្រះ​ព​លា​នុ​ភាព​មាំទាំ​ខ្លាំងក្លា ព្រះរាជ​បញ្ញាញាណ​ភ្លឺ​ថ្លា ត្រចះត្រចង់​វាងវៃ ព្រះ​ទីឃាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​សម្ដេច​គង់​ជា​ម្លប់​ដល់​កូនចៅ ចៅទួត ចៅលួត​របស់​ព្រះអង្គ ជ្រកកោន​ត្រជាក់ត្រជុំ សុខដុមរមនា​ជា​ភិយ្យោភាព ដរាប​ត​រៀង​ទៅ​។​

ក្នុង​លិខិត​ថ្វាយព្រះពរ របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ថ្លែង​ថ្វាយ​នូវ​សម្ភាវកថា ប្រកបដោយ​សមានចិត្ត​គោរព កោតក្រែង​ស្ញប់ស្ញែង​ជា​អតិបរមា ចំពោះ​ព្រះរាជ គំរូ​វីរភាព របស់​អង្គ​សម្ដេច​ម៉ែ​ជា​អម្ចាស់​ជា​ទីគោរព​ស្រឡាញ់​ស្មើ​ជីវិត ដែល​ជា​និច្ចកាល​ស្ដេច ទ្រង់​ព្រះ​បំពេញ​ព្រះរាជ​បូ​ជនី​កិច្ច បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ សាសនា ព្រះមហាក្សត្រ ពិសេស​ទ្រង់​ប្រណិប័តន៍ ព្រះ​មហា​វីរក្ស​ត្រ ព្រះ​បរម​រតន​កោដ្ឋ យ៉ាង​ខ្ជាប់ខ្ជួន​ ដោយ​ព្រះ​ទសពិធរាជធម៌ និង​ព្រះព្រហ្ម​វិហារធម៌​ដ៏​ឧត្តុង្គឧត្តម កសាង​សន្សំ​បារមី សំភារៈ​សម្រាប់ បូជា​ប្រោះ​ព្រះរាជទាន ដល់​ប្រជារាស្ត្រ។

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី នេះ​ផង​ដែរ សម្ដេច និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​បួងសួង ដល់​ព្រះ​តេជៈ​ព្រះ​បារមី នៃ​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ ប្រោះព្រំ​នូវ​ព្រះ​ពរជ័យ​សិរី​សួស្តី​ជ័យ​មង្គល​ថ្វាយ សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ សូម​ទ្រង់​ព្រះ​ប្រកបដោយ​ព្រះ​ពុទ្ធ​ពរ​ទាំង បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕