សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ចាស់ជរា ​ក្នុង​សង្កាត់​សំរោង​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ចាស់ជរា ​ក្នុង​សង្កាត់​សំរោង​



ភ្នំពេញ ៖ បងប្អូន​ដែល​ជា​មាតា បិតា និង​អាណាព្យាបាល គ្រួសារ​យុវជន​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង​ចាស់ជរា​ចំនួន​១៥​គ្រួសារ មកពី​ភូមិ​ទាំង​៤​របស់​សង្កាត់​សំរោង បាន​ទទួល​អំណោយ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មុន​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​ខិតចូល​មកដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០១៦​នេះ នៅ​សាលាសង្កាត់ ​និង​តាម​គេហដ្ឋាន។

លោក​ ហែម រិទ្ធី អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​ បាន​លើក​ឡើង​ថា អំណោយ​ទាំងនេះ​វា​តិចតួច​មែន ប៉ុន្តែ​វា​អាច​ដោះស្រាយ​ពេល​ជួប​ការ​លំបាក​បាន​មួយ​គ្រា​ផង​ដែរ ហើយ​លោក​សូម​អរគុណ​ដល់​បងប្អូន​ដែល​ជា​មាតា បិតា និង​អាណាព្យាបាល ទាំងអស់​ ដែល​បាន​អនុញ្ញាត​ឲ្យ​បងប្អូន​កូនក្មួយ​ចូលរួម​ក្នុង​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​តែងតែ​ធ្វើ​សកម្មភាព​ជួយ​ដល់​សង្គម​ជា​រៀងរាល់​ថ្ងៃនេះ។

ដោយឡែក​ លោកស្រី សួន ចាន់ណា​រី អភិបាលរងខណ្ឌ​ព្រែក​ព្នៅ​បាន​មាន​ប្រសាសន៍​ថា លោកស្រី​អរគុណ​បងប្អូន​ដែល​ជា​មាតា បិតា និង​អាណាព្យាបាល ដែល​បាន​បង្ហាត់បង្រៀន​បងប្អូន​កូនក្មួយ​ឲ្យ​ចេះ​ហាត់ពត់លត់ដំ​ខ្លួន​បាន​ល្អ ជៀស​ឲ្យ​ផុត​ពី​សកម្មភាព​ក្មេង​ទំនើង ឬ​ប្រព្រឹត្តិ​អំពើ​មិន​គប្បី ដែល​សង្គម​ស្អប់ខ្ពើម។

ក្នុង​ឱកាស​នោះ​ដែរ​ លោកស្រី​ក៏បាន​អំពាវនាវ​សូម​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​លទ្ធភាព គួរ​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ ពោល​គឺ​ខ្មែរ​ត្រូវតែ​ជួយ​ខ្មែរ ដើម្បី​អនាគត​សម្រាប់​កូន​ខ្មែរ​ទាំងអស់​គ្នា ពិសេស​ត្រូវ​ជួយ​អ្នកមាន​ជំងឺ និង​ក្រីក្រ។ ហើយ​យើង​ក៏​មិន​ភ្លេច​ផង​ដែរ​ នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​ដល់​អ្នក​ដែល​គ្មាន​ទីពឹង​ដើម្បី​ឲ្យ​ជីវិត​ខ្មែរ​គ្រប់រូប​រស់នៅ​ដោយ​សេចក្ដី​សុខ​ក្នុង​ដំបូល​សុខ​សន្តិភាព​តែមួយ​ជាមួយគ្នា។

ក្នុង​ការ​ទទួល​អំណោយ​នេះ ប្រជាពលរដ្ឋ​ទាំង​១៥​គ្រួសារ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​អាជ្ញាធរ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​បាន​នាំ​យក​នូវ​អំណោយ​មក​ផ្ដល់​ជូន​ពួកគាត់​នា​ពេល​នេះ ដែល​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជាពលរដ្ឋ​ដឹង​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដែល​ជួបប្រទះ​នូវ​ការ​លំបាក ពិសេស​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ជួប​នូវ​បញ្ហា​គ្រោះ​អាសន្ន​ផ្សេងៗ​។ ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ បាន​លើកដៃ​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ដែល​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ថែរក្សា​សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ ​ហ៊ុន សែន​ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​បាន​នៅ​សេចក្ដី​សុខ​គ្រប់ពេលវេលា​ ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ឲ្យ​កាន់​តែ​មានការ​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត​៕
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ចាស់ជរា ​ក្នុង​សង្កាត់​សំរោង​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ចាស់ជរា ​ក្នុង​សង្កាត់​សំរោង​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ចាស់ជរា ​ក្នុង​សង្កាត់​សំរោង​