សណ្ឋាគារ ROSEWOOD នឹង​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំ​នេះ​

សណ្ឋាគារ ROSEWOOD នឹង​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំ​នេះ​



ភ្នំពេញ ៖ សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ROSEWOOD ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក នឹង​បើក​ដំណើរការ​នៅ​ក្នុង​អាគារ​វិមាន​វឌ្ឍនៈ​ខេ​ភី​ថ​ល នៅ​ចុង​ឆ្នាំនេះ​ប្រសិនជា​គ្មាន​អ្វី​ប្រែប្រួល​ទេនោះ​។

លោក លឹម ភូ​ ស៊ីថា​វរិ​ទ្ឋ មន្ត្រី​ជាន់ខ្ពស់​គ្រប់គ្រង​ផ្នែក​ជួល​នៃ​អាគារ​វិមាន​វឌ្ឍនៈ ខេ​ភី​ថ​ល​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ម្សិល​មិញ​ថា សណ្ឋាគារ​នេះ​នឹង​ស្ថិត​នៅលើ​វិមាន​វឌ្ឍនៈ​ចាប់ពី​ជាន់​ទី ២៥ ដល់​ជាន់​ទី ៣៩ ជា​ជាន់ខ្ពស់​បំផុត​នៃ​អាគារ​ខ្ពស់​ជាងគេ​នៅ​រាជធានី​ភ្នំពេញ​នាពេលនេះ​។ សណ្ឋាគារ​នេះ​មាន បន្ទប់​ជាង​១០០ រួមបញ្ចូល​បន្ទប់​សណ្ឋាគារ និង​អា​ផាត​ម៉ិ​ន​ប្រណីត​។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន Rosewood កំពុងធ្វើការ​រៀបចំ​ឌី​សាញ​បន្ទប់ និង​បំពាក់​សម្ភារៈ​បរិក្ខារ​បម្រើ​ឲ្យ​ស​ណ្ឋា គារ​ដែល​មាន​លំដាប់​ផ្កាយ​ប្រាំ​នេះ។

លោក​បន្ត​ថា “​សណ្ឋាគារ​នេះ​ក៏​នឹង​មាន​ភោជនីយដ្ឋាន ដែល​អាច​គយគន់​ទេសភាព​ក្រុងភ្នំពេញ​ទាំងមូល មាន​កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​ឆ្លើយតប​នឹង​កម្រិត​ស្តង់ដា​អន្តរជាតិ​”​។ លោក​បន្ត​ថា “​វា​ជា​សណ្ឋាគារ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​របស់​សហរដ្ឋអាមេរិក ដែល​បាន​ចូល​មក​កាន់​ទីផ្សារ​កម្ពុ​ជា ស្រប​ពេល​ដែល​ទីផ្សារ​នេះ​កំពុង​មាន​ការវិវត្តន៍​ល្អប្រសើរ។

លោក ថា​វរិ​ទ្ឋ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំណុច​ពិសេស​របស់​កម្ពុជា គឺ​ទីផ្សារ​របស់​កម្ពុជា​កំពុង​មាន​ភាព​រីកចម្រើន និង​សុទិដ្ឋិនិយម ពិសេស​កម្ពុជា​កំពុង​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរណ៍ និង​សេដ្ឋកិច្ច​មាន​ភាព​រឹងមាំ ទើប​អាច​ទាក់ទាញ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ធំៗ​មកកាន់​កម្ពុជា ហើយ​បច្ចុប្បន្ន​ទាំង​អ្នក​វិនិយោគ​ខ្មែរ និង​បរទេស​បាន​ធ្វើ​ការ​វិនិយោគ​កាន់​តែច្រើន​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ។

លោក អាង គីម​អៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​វត្តមាន​សណ្ឋាគារ​នេះ និង​ចាត់ទុកជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្ពុជា​ ដែល​មាន​សណ្ឋាគារ​លំដាប់​អន្តរជាតិ​បែបនេះ​មក​វិនិយោគ​នៅ​កម្ពុជា ដោយ​លោក​បាន​ថ្លែង​ថា ការ​ចូល​មកកាន់​កម្ពុ​ជា​របស់​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​នេះ បញ្ជាក់​ពី​ស្ថិរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច​និង​កំណើន​ភ្ញៀវ​ទេសចរ​មក
ទស្សនា​កម្ពុជា។ លោក​បន្ត​ថា ពេល​មាន​សណ្ឋាគារ​ល្បីៗ​បែបនេះ មក​បើក​នៅ​កម្ពុជា ពួកគេ​នឹង​ជួយ​ទាក់ទាញ និង​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​មក​កម្ពុជា​កាន់​តែច្រើន​ថែមទៀត​។

លោក​បន្ត​ថា “​ទីផ្សារ​សណ្ឋាគារ​នៅ​កម្ពុជា​មាន​ភាពសមរម្យ ទាំង​សេវា​ប​ដិ​ស ណ្ឋា​រ​កិច្ច គុណភាព​បន្ទប់​មាន​ភាព​ប្រហាក់ប្រហែល​ជាមួយ​ប្រទេស​ក្នុង​តំបន់ ប៉ុន្តែ​ប្រសិនជា​មានការ​បំពេញ​បន្ថែម​ខាង​អាកាសចរណ៍ ចំនួន​បន្ទប់​សណ្ឋាគារ​ ដែល​មាន​បច្ចុប្បន្ន​នេះ​នឹង​ជួប​ការ​ខ្វះខាត​”​។ លោក​បន្តថា “​ខេត្ត​នៅ​តំបន់​ឆ្នេរ​មួយ​ចំនួន​ដូចជា​ខេត្ត​ព្រះសីហនុ កំពត​ក៏​កំពុង​ខ្វះខាត​បន្ទប់​សណ្ឋាគារ​ប្រណីត​ផង​ដែរ ដូច្នេះ​ក្នុងនាម​ផ្នែក​ឯកជន សមាគម​នឹង​គាំទ្រ​ក្នុង​ការ​ធ្វើជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​សណ្ឋាគារ​ថ្មី​នេះ​”៕