អ្នក​វិនិយោគិន​កម្ពុជា​ទាមទារ​ឲ្យ​ភាគី​ថៃ​សម្រួលការ​នាំចូល​ទំនិញ​ពី​កម្ពុជា​ ដោយ​គ្មាន​ឧបសគ្គ​

អ្នក​វិនិយោគិន​កម្ពុជា​ទាមទារ​ឲ្យ​ភាគី​ថៃ​សម្រួលការ​នាំចូល​ទំនិញ​ពី​កម្ពុជា​ ដោយ​គ្មាន​ឧបសគ្គ​



ភ្នំពេញ ៖ អ្នក​វិនិយោគិន​កម្ពុជា​ប្រមាណ​៦០​ក្រុមហ៊ុន​បាន​ជួបចរចារ​គ្នា​កាលពីពេល​ថ្មីៗ​នេះ​ជាមួយ​ភាគី​ថៃ ដើម្បី​ទាមទារ​ឲ្យ​ថៃ​សម្រួល​ដល់​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា​ទៅ​ថៃ​ដោយ​គ្មានឧបសគ្គ​កើតឡើង​នៅ​តាម​ព្រំដែន។

លោក​បណ្ឌិត តាន់ មុន្នី​វណ្ណ អគ្គនាយករង​ក្រុមហ៊ុន​ម៉ុង​ឬ​ទ្ធី​គ្រុប​បាន​ថ្លែង​នៅ​ថ្ងៃទី ៧ ខែ មេសា​ឆ្នាំ​២០១៦​នេះ​ថា តំណាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​និង​អ្នក​វិនិយោគិន​ខ្មែរ​ប្រមាណ ៦០​ក្រុមហ៊ុន​បាន​ជួប​ចរចា​គ្នា​ជាមួយ​ភាគី​ថៃ​អំពី​ការ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ផ្លាស់ប្ដូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​មាន​សមភាព​គ្នា​ពោលគឺ​ការ​ផ្លាស់ប្តូរ និង​ការ​ដឹកជញ្ជូន​ទំនិញ​តាម​ព្រំដែន។

លោក​បណ្ឌិត បាន​បន្ត​ទៀត​ថា បញ្ហា​ដែល​កម្ពុជា​មើល​ឃើញ​ជាក់ស្តែង​សព្វថ្ងៃនេះ ​គឺ​ការ​នាំ​ទំនិញ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​មាន​ភាព​ងាយស្រួល​ហើយ​ទំនិញ​ខ្មែរ ដែល​នាំទៅ​ប្រទេស​ថៃ​វិញ​មានការ​លំបាក​ច្រើន ដោយសារ​តែ​មាន​ជាប់​របាំង​ពន្ធគយ ។ ប៉ុន្តែ​ពេល​អាស៊ាន​ធ្វើ​សមាហរណកម្ម​ហើយ​ត្រូវ​រក​វិធី​យ៉ាងណា​កុំ​មាន​អតុល្យភាព​ខ្លាំង​ពេក​ជាពិសេស​វិស័យ​កសិកម្ម​អាច​នាំ​ចូល​ទៅ​ប្រទេស​ថៃ​បាន។

លោក​បណ្ឌិត បាន​បញ្ជាក់​ថា​«​ឥឡូវនេះ​ខាង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​បាន​រួមគ្នា​សម្រួល​ឲ្យ​រថយន្ត​ចូល​ពី​កម្ពុជា​ទៅ​ថៃ​បាន​ហើយ​ត្រូវ​កំណត់​រថយន្ត​តែម្តង​ដូចជា ១​ថ្ងៃ​ចូល​៥០០ គ្រឿង​ជាដើម​ហើយ​ភាគី​កម្ពុជា​បាន​ស្នើ​ឲ្យ​ថៃ​អនុញ្ញាត​ឲ្យ​ទំនិញ​កម្ពុជា​អាច​ឆ្លងកាត់​បាន​តាម​ព្រំដែន​មិនបាច់​បង់ពន្ធ​នោះ​ទេ​»​។

ចំណែក លោក​ឧកញ៉ា ភូ ពុ​យ ប្រធាន​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ បាន​ថ្លែងថា​តាមពិត​អ្នក​វិនិយោគ​កម្ពុជា​បាន​ជួប​ជាមួយ​ពាណិជ្ជករ​ថៃ​និង​តំណាង​ក្រសួងពាណិជ្ជកម្ម​ថៃ​ហើយ​កម្ពុជា​បាន​លើកឡើង​ពី​ការ​សម្របសម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការទិញ​កសិផល​កម្ពុជា​ប្រចាំឆ្នាំ​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​នៅ​តាម​ច្រក​កម្ពុជា​-​ថៃ​រួមមាន​ច្រក​បាត់ដំបង ប៉ៃលិន​បន្ទាយមានជ័យ​ព្រោះ​កន្លងមក​ភាគី​ថៃ​កុំ​ចង់​ទិញ​ គឺ​ទិញ​នឹង​ចង់​ឈប់​គឺ​ឈប់។

លោក​ឧកញ៉ា​បាន​បន្ត​ថា ​កម្ពុជា​បាន​ចរចា​ជាមួយ​ភាគី​ថៃ​ឲ្យ​មាន​លក្ខណៈ​ពិសេស​ជាង​មុន​និង​សម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​មាន​ភាព​ច្បាស់លាស់​ ហើយ​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​ភាគី​ថៃ​គោរព​លើ​កិច្ចព្រមព្រៀង​របស់​អាស៊ាន ដែល​បាន​ចុះហត្ថលេខា​រួមគ្នា​នា​ពេល​កន្លងមក ។ លោក​ឧកញ៉ាបញ្ជាក់​ថា ចំពោះ​ការ​ដឹកជញ្ជូន​ពី​កម្ពុជា​ទៅ​ថៃ​វិញ​កម្ពុជា​បាន​ស្នើ​ឲ្យ​បើក​បាន​ទូលំទូលាយ ហើយ​ដើម្បី​កុំ​ឲ្យ​លំបាក​នោះ​ត្រូវតែ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ដឹកជញ្ជូន​កុំ​ឲ្យ​មាន​ភាព​រអាក់រអួល​ឲ្យ​ទីផ្សារ​មាន​ភាព​ច្បាស់​លាស់។

កាលពី​ឆ្នាំ ២០១២ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​សម្រេច​បាន​ប្រមាណ​៤​ពាន់​លាន​២៧,៧៣​ដុល្លារ​កើន​ដល់​៤​ពាន់​លាន​៧១១,៥៥​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣​និង​បន្ត​កើន​ដល់​៥​ពាន់​លាន​១១៥,៥៩​ដុល្លារ​ឆ្នាំ​២០១៤​និង​មាន​កម្រិត​ប្រហាក់ប្រហែលគ្នា​ប្រមាណ​៥​ពាន់​លាន​១០៦,៥១​ដុល្លារ​ក្នុង​ឆ្នាំ ២០១៥ កន្លងទៅ៕