ការ​ចុះ​ត្រួតពិនិត្យ​ និង​ណែនាំ​អាជីវករ​ផ្សារ​ទួល​ទំពូង​ សូម​កុំ​ប្រើ​សារធាតុ​គីមី​ដាក់​ទៅលើ​ទំនិញ ​និង​ម្ហូប​អាហារ​

ការ​ចុះ​ត្រួតពិនិត្យ​ និង​ណែនាំ​អាជីវករ​ផ្សារ​ទួល​ទំពូង​ សូម​កុំ​ប្រើ​សារធាតុ​គីមី​ដាក់​ទៅលើ​ទំនិញ ​និង​ម្ហូប​អាហារ​



ភ្នំពេញ ៖ ទំនិញ​ជាច្រើន​ប្រភេទ​មាន​ដូចជា សរសៃ​គុយទាវ​តូច សរសៃ​គុយទាវ​ធំ មី​ក្រៀម មី​ស្រស់ លត​ឆា គ្រឿង​សមុទ្រ​រួមមាន មឹក​ស្រស់ បង្គា​ស្រស់ និង​បន្លែ ផ្លែឈើ​ស្រស់ ដែល​ដាក់​តាំង​នៅ​ក្នុង​ផ្សារ​ទួលទំពូង សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​កាំកុងត្រូល​ផែ​ស្ងួត​ចុង​ទី​ភ្នំពេញ សហការ​ជាមួយ​គណៈកម្មការ​ផ្សារ​ទួល​ទំពូង​ ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ណែនាំ​ទៅ​ដល់​ក្រុម​អាជីវករ​ទាំងអស់ សូម​កុំ​ប្រើ​សារធាតុ​គីមី​ដាក់​ទៅលើ​ទំនិញ ក៏ដូចជា​ម្ហូបអាហារ​ផ្សេងៗ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់។

សកម្មភាព​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៦ ដឹកនាំ​ដោយ​លោក គង់ វុទ្ធី អនុ​ប្រធាន​សាខា​កាំកុងត្រូល​ផែ​ស្ងួត​ចុង​ទី​ភ្នំពេញ និង​លោក ថោង ថង ប្រធាន​គណៈកម្មការ​ផ្សារ​ទួល​ទំពូង ចុះ​ត្រួតពិនិត្យ​បាន​ចំនួន​៥​តូប គឺ​តូប​លេខ​៦៣០ តូប​លេខ​៩៣៩ តូប​លេខ​៧៦២ តូប​លេខ ៧៦៥ និង​តូប​លេខ​៧៧០ ដែល​តូប​ទាំង​៥​នេះ មាន​លក់​ដូចជា សរសៃ​គុយទាវ​តូច សរសៃ​គុយទាវ​ធំ មី​ក្រៀម មី​ស្រស់ លត​ឆា គ្រឿង​សមុទ្រ​រួមមាន មឹក​ស្រស់ បង្គា​ស្រស់ និង​បន្លែ ផ្លែឈើ​ស្រស់ ប៉ុន្តែ​ក្រោយពី​ធ្វើការ​ពិសោធន៍ ដោយ​ប្រើ​ប្រដាប់​ពិនិត្យ គឺ​មិន​មាន​អ្វី​ប្លែក​នោះ​ទេ នេះ​ដោយសារតែ​បង​ប្អូន​ក្រុម​អាជីវករ​មាន​ការ​យល់​ដឹង​ច្រើន។

ក្រៅ​ពី​នេះ​ សមត្ថកិច្ច​កាំកុងត្រូល​ក៏បាន​បន្ត​ចុះ​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​ខ្ចប់​កាដូរ​សម្រាប់​លក់​ឲ្យ​ភ្ញៀវ​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ខាងត្បូង​សាលា​វិទ្យាល័យ​ព្រះ​យុគន្ធរ ប្រមាណ​៥​ទីតាំង​ទៀត ដើម្បី​ពិនិត្យមើល ស្រា ឬ សូកូឡា និង​ទំនិញ​ផ្សេងៗ​ជាច្រើន​ទៀត ក្រែង​មានការ​ហួស​សុពល​ភាព នៃ​ការប្រើប្រាស់ ប៉ុន្តែ​ក្រោយពី​ត្រួតពិនិត្យ​ឃើញ​ថា មុខទំនិញ​ភាគច្រើន ដែល​ក្រុម​អាជីវករ​ខ្ចប់​ជា​កាដូរ សម្រាប់​លក់​ឲ្យ​ភ្ញៀវ​នោះ គឺ​ល្អ​ទាំងអស់ ដោយ​គ្រាន់តែ​ទំនិញ​ទាំងនោះ ត្រូវ​បាន​ក្រុម​អាជីវករ​ដាក់​តាំង​លក់​នៅ​ក្រោម​កម្ដៅ​ថ្ងៃ នាំ​ឲ្យ​ខូចគុណភាព​ប៉ុណ្ណោះ។ ដោយ​មើល​ឃើញ​ការ​ដាក់​តាំង​លក់ទំនិញ​ដែល​ខ្ចប់​ជា​កាដូរ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​បែបនេះ សមត្ថកិច្ច​កាំកុងត្រូល​ក៏បាន​ណែនាំ​ឲ្យ​ក្រុម​អាជីវករ​ដាក់​តាំង​ទំនិញ​ឲ្យ​មាន​កន្លែង​សមគួរ ដោយ​ការពារ​មិន​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ឡើយ នាំ​ឲ្យ​ទំនិញ​ខូចគុណភាព មាន​ផល​មិនល្អ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់។

លោក គង់ វុទ្ធី អនុប្រធាន​សាខា​កាំកុងត្រូល​ផែ​ស្ងួត​ចុង​ទី​ភ្នំពេញ​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ ដោយមាន​ការណែនាំ​ពី​ឯកឧត្ដម​ប្រតិភូ​ទទួលបន្ទុក អគ្គ​នាយកដ្ឋាន​កាំកុងត្រូល និង​លោក​ប្រធាន​សាខា​កាំកុងត្រូល​ផែ​ស្ងួត​ចុង​ទី​ភ្នំពេញ រួម​ជា​មួយ​សាខា​កាំកុងត្រូល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​មន្ត្រី​កាំកុងត្រូល សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ដែនដី ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​ទំនើប ហាង​លក់ទំនិញ និង​នៅ​តាម​ផ្សារ​រដ្ឋ​មួយ​ចំនួន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព ម្ហូបអាហារ ហើយ​គោលបំណង នៃ​ការ​ចុះ​ត្រួតពិនិត្យ គឺ​ទប់ស្កាត់​ទំនិញ ខូចគុណភាព ក្លែងបន្លំ​លើក​ស្លាក​សញ្ញា ដែល​ជនខិលខូច​មួយចំនួន​បាន​លួច​បញ្ចេញ​ទំនិញ​មក​លក់​លើ​ទីផ្សារ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខ្មែរ​ខាង​មុខ​នេះ និង​ពង្រឹង​ការ​យល់​ដឹង​អំពី​បញ្ហា​សុវត្ថិភាព ម្ហូបអាហារ​ដល់​បងប្អូន​អាជីវករ និង​អ្នកប្រើប្រាស់​ផងដែរ។

លោក គង់ វុទ្ធី ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ក្រោយពី​ធ្វើតេស្ត​បឋម​រក​សារ​ធាតុគីមី (​បូរ៉ាក់​) និង​សារ​ធាតុគីមី (​ហ្វ​ក​ម៉ា​លីន​) ទៅលើ​សរសៃ​គុយទាវ​តូច សរសៃ​គុយទាវ​ធំ មី​ក្រៀម មី​ស្រស់ លត​ឆា គ្រឿង​សមុទ្រ ដូចជា មឹក​ស្រស់ និង​បង្គា​ស្រស់ ក៏​នៅ​មាន​បន្លែ ផ្លែឈើ​ស្រស់​មួយ​ចំនួន​ផង​ដែរ ត្រូវ​បាន​បញ្ចូន​ទៅ​កាន់​មន្ទីរ​ពិសោធន៍ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដើម្បី​រក​សារធាតុគីមី​បន្ថែម ទៅ​លើ​ផលិតផល​ម្ហូបអាហារ​ទាំង​នោះ​៕

ការ​ចុះ​ត្រួតពិនិត្យ​ និង​ណែនាំ​អាជីវករ​ផ្សារ​ទួល​ទំពូង​ សូម​កុំ​ប្រើ​សារធាតុ​គីមី​ដាក់​ទៅលើ​ទំនិញ ​និង​ម្ហូប​អាហារ​