រដ្ឋមន្ត្រី​សុខាភិបាល ​៖​ មាន​អ្នកជំងឺ​កម្ពុជា​ប្រមាណ​១​ភាគរយ​ប៉ុណ្ណោះ​ ដែល​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​បរទេស​

រដ្ឋមន្ត្រី​សុខាភិបាល ​៖​ មាន​អ្នកជំងឺ​កម្ពុជា​ប្រមាណ​១​ភាគរយ​ប៉ុណ្ណោះ​ ដែល​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​បរទេស​



ភ្នំពេញ​ ៖​ ឆ្លើយតប​នឹង​ការរិះគន់​ថា​ មាន​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​ច្រើន​បាន​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​បរទេស​នោះ​ លោក​វេជ្ជបណ្ឌិត​ ម៉ម ​ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បដិសេធ ​ហើយ​អះអាង​ថា​មិន​មាន​ច្រើន​ដូច​ការ​លើក​ឡើង​នោះ​ទេ ​ពោល​គឺ​មាន​ប្រជាពលរដ្ឋ​មាន​ជំងឺ​ប្រមាណ​តែ​១​ភាគរយ​ប៉ុណ្ណោះ​ ដែល​ចេញទៅ​ព្យាបាល​នៅ​បរទេស។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បែបនេះ​នៅ​ក្នុង​ពិធី​បិទ​ទិវា​វេជ្ជសាស្ត្រ ស​ល្យ​សាស្ត្រ​លើក​ទី​២០ និង​ទិវា​ថែទាំ​វេជ្ជសាស្ត្រ​លើក​ទី​៧​ កាលពី​រសៀល​ថ្ងៃ​ទី​០៨ ​ខែ​មេសា​ ឆ្នាំ​២០១៦​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត។

លោក​វេជ្ជបណ្ឌិត ម៉ម​ ប៊ុនហេង​ បាន​បន្ត​ថា ​«​កន្លងមក​មានការ​លើក​ឡើង​ថា​ មាន​ប្រជាជន​កម្ពុជា​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​បរទេស​ច្រើន​ក្នុង​១​ឆ្នាំៗ​ ដោយ​ពួកគាត់​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ​ហើយ​មាន​អ្នក​ខ្លះទៀត​មិនដែល​ទៅ​ព្យាបាល​នៅ​បរទេស​ផង​ ក៏​និយាយ​នឹង​គេ​ដែរ​។​ ហើយ​អ្វី​ដែល​ចម្លែក​ ពេទ្យ​ខ្លះ​ក៏​និយាយ​តាម​គេ​ដែរ​ ដោយ​មិនបាន​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ទេ។ ​ប៉ុន្តែ​តាម​ស្ថិតិ​របស់​ធនាគារ​ពិភពលោក​បាន​បង្ហាញ​ថា​ អ្នក​ដែល​បាន​ប្រើប្រាស់​សេវា​នៅ​ក្រៅ​ប្រទេស ​តែ​ប្រមាណ​១​ភាគរយ​ទេ​។ ​ដូចនេះ​អ្នក​ដែល​និយាយ ​ចេះតែ​និយាយ ​អត់​មាន​ហេតុផល​ច្បាស់លាស់​»​។​ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​តាមរយៈ​តួលេខ​នេះ​បង្ហាញ​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ច្រើន​លើស​លប់​បាន​ទៅ​រក​សេវា​ព្យាបាល​នៅ​ក្នុង​ស្រុក​។​

ជាក់ស្ដែង​យើង​មើល​នៅ​តាម​មណ្ឌល​សុខភាព​មន្ទីរពេទ្យ​បង្អែក​ និង​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​ គឺ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​យ៉ាង​ច្រើន​ពេញៗ។
តាម​ស្ថិតិ​របស់​ធនាគារ​ពិភពលោក​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា​ ការ​ថែទាំ​ជំងឺ​នៅ​តាម​ពេទ្យ​រដ្ឋ​និង​ឯកជន​នៅ​ក្នុង​ស្រុក​មាន​ប្រមាណ​៥០​ភាគរយ​។​ ដូចនេះ​ យើង​ត្រូវ​ពង្រឹង​ការ​ត្រួតពិនិត្យ​ និង​បង្កើន​សមត្ថភាព​សេវា​សាធារណៈ​របស់​យើង​ ដើម្បី​ឲ្យ​បងប្អូន​យើង​មក​ប្រើ​សេវា​រដ្ឋ​យើង។ ​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​«​ស្ថិតិ​របស់​ធនាគារ​ពិភពលោក​នេះ ​ខ្ញុំ​បាន​ឲ្យ​ផ្សព្វផ្សាយ​រួច​ហើយ​នៅ​តាម​ទំព័រ​ហ្វេ​ប៊ុ​ក​ ក្រសួង​ និង​ផ្សាយ​តាម​សន្និបាត​រួចហើយ​កាលពីពេល​ថ្មីៗ​នេះ ​ប៉ុន្តែ​បង​ប្អូន​ដែល​និយាយ​មិនបាន​មើល​វេ​ប​សាយ​ទេ​ ចេះតែ​ថា​ទៅ​។​ សូម​គ្រូពេទ្យ​យើង​មើល​វេ​ប​សាយ​ផង​កុំ​ឲ្យ​គេ​និយាយ​ចេះតែ​ជឿ​គេ​»​។​

លោក​វេជ្ជបណ្ឌិត​ ម៉ម ​ប៊ុនហេង​ បាន​បន្តទៀតថា ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​ដោយ​បាន​ចំណាយ​លុយ​យ៉ាង​សន្ធឹកសន្ធាប់​តែ​ជា​ជំងឺ ​ឬ​មិន​ជា​មិន​ដឹង​ទេ ​លុះ​ពេល​ដល់​​មក​រក​សេវា​នៅ​ក្នុង​ស្រុក​ គ្រាន់តែ​ចំណាយ​តិចតួច​ស្រែកថា​អស់​លុយ​ច្រើន​ណាស់​។ ​វា​មិន​សម​ហេតុ​សម​ផល​ និង​មិនត្រូវ​រឿង​នោះទេ។​

ការចោទប្រកាន់ថា​ពេទ្យ​នៅក្នុង​ស្រុក​មិនមាន​គុណភាព​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​ទៅពិនិត្យ​ព្យាបាល​ជំងឺ​ ឬ​ទៅពិនិត្យ​សុខភាព​នៅ​ប្រទេស​ជិត​។​ ពាក្យ​នេះ​ចេះតែ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ តែ​មិន​មាន​របាយការណ៍​ ឬ​ការស្រាវជ្រាវ​ណាមួយ​ឲ្យ​បាន​ជាក់​លាក់​នោះ​ទេ​។​ ប៉ុន្តែ​ថ្មីៗ​នេះ​ធនាគារ​ពិភពលោក​បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ​ទៅលើ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​បរទេស​។ ​ជា​លទ្ធផល​បាន​បង្ហាញ​ថា ​មាន​ប្រជាពលរដ្ឋ​មាន​ជំងឺ​ប្រមាណ​១​ភាគ​ប៉ុណ្ណោះ​បាន​ចេញទៅ​ព្យាបាល​នៅ​បរទេស។

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ ដើម្បី​បង្កើន​ការ​ជំនឿ​ជឿជាក់​មក​លើ​សេវា​រដ្ឋ​យើង ​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ជំងឺ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​មិន​ថា ​អ្នកមាន​ ឬ​អ្នកក្រ​នោះ​ទេ​ពិសេស​ពង្រឹង​ក្រម​វិជ្ជាជីវៈ​ឲ្យ​បាន​ល្អ​ប្រសើរ​រួសរាយ​រាក់ទាក់​ដាក់​អ្នកជំងឺ ​ត្រូវ​ចាត់​ទុក​អ្នកជំងឺ​ជា​អតិថិជន​របស់​យើង៕