ប្រជាពលរដ្ឋ​១៦​គ្រួសារ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ ចាប់ឆ្នោត​យក​ដី​កម្មសិទ្ធិ​ ក្នុង​តំបន់​បឹងកក់​

ប្រជាពលរដ្ឋ​១៦​គ្រួសារ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ ចាប់ឆ្នោត​យក​ដី​កម្មសិទ្ធិ​ ក្នុង​តំបន់​បឹងកក់​

ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ចំនួន​១៦​គ្រួសារ​ ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​នឹង​ទទួល​បាន​ដី​ទំហំ ៤x១៦​ម៉ែត្រ​ ក្នុង​មួយ​គ្រួសារ ដោយ​សាលា​រាជធានី​ភ្នំពេញ​នឹង​ចេញ​ជា​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​តែម្តង ដោយ​មុន​នៃ​ការ​ប្រគល់​ជូន​នេះ​ និង​ម្យ៉ាង​ដើម្បី​ឲ្យ​មាន​ត​ម្លា​ភាព ស្មើ​សិទ្ធិ ស្មើភាព សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​មេសា​នេះ បាន​ធ្វើ​ពិធី​ចាប់​ឆ្នោ​ត ដើម្បី​ជ្រើស​រើស​យក​ទីតាំង​ដី​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ដែល​ពិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោក​ មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើក​ឡើង​ថា នេះ​ជា​ជំហាន​បន្ត​ក្នុង​ការ​ដំណោះស្រាយ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ ​របស់​សាលា​រាជធានី ទៅតាម​ការ​ប្ដេ​ជ្ញា​ចិត្ត​របស់ ​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដោយ​លោក​អភិបាល​បាន​ប្ដេជ្ញា​ថា​ នឹង​បញ្ចប់​រាល់​បញ្ហា​ទំនាស់​ដីធ្លី​ដែល​រ៉ាំរ៉ៃ​ឲ្យ​អស់​។​ លោក​បន្ត​ថា មកដល់ពេលនេះ​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹងកក់​ជិត​ឈាន​ដល់​ទី​បញ្ចប់​ហើយ​ ពោល​គឺ​នៅ​សល់​តែ​៦​គ្រួសារ​ទៀត​ប៉ុណ្ណោះ។

ចំពោះ​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​នេះ​មិនមែន​មានន័យថា សាលា​រាជធានី​ភ្នំពេញ​មិន​ដោះ​ស្រាយ​នោះ​ទេ គឺ​បាន​ខិតខំ​ដោះស្រាយ​ណាស់ គ្រាន់តែ​មិនទាន់​ឈាន​ដល់​ការ​ស្រុះស្រួល​គ្នា​ប៉ុ​ណ្ណោះ ដោយ​ខាង​សាលា​រាជធានី​ភ្នំពេញ​ប្រគល់​ដី​ឲ្យ​ពួកគាត់​ក្នុង​មួយ​គ្រួសារ​ដី​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​១៨​ម៉ែត្រ ប៉ុន្តែ​ខាង​ប្រជាពលរដ្ឋ​ទាមទារ​ដី ​ដែល​ពួកគាត់​រស់នៅ​ជាក់ស្តែង​។ លើ​បញ្ហា​នេះ​សាលា​រាជ​ធានី​នឹង​បន្ត​ការ​ដោះស្រាយ​ជា​ជំហាន​ទៀត។​

លោក​ គួច ចំរើន ​អភិបាល​ខណ្ឌដូនពេញ ក្នុង​ឱកាស​នោះ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​កាដូ​ថ្មី​មួយទៀត​រប​ស់​សាលា​រាជធានី​ភ្នំពេញ​ជូន​ប្រជាពលរដ្ឋ​ទាំង​១៦​គ្រួសារ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​យើង​នេះ​៕