រៀបចំ​យុទ្ធសាស្ត្រ​ថ្មី ​ដោយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​បង្គោល​តំបន់​អភិរក្ស

រៀបចំ​យុទ្ធសាស្ត្រ​ថ្មី ​ដោយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​បង្គោល​តំបន់​អភិរក្ស



ពោធិ៍សាត់ ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មេសា ​ឆ្នាំ​២០១៦ ​ជំនាញ​ផ្នែក​មន្ត្រី​រដ្ឋបាល​ជលផល​ ផ្នែក​ក្រគរ ខណ្ឌ​ជលផល​ពោធិ៍សាត់ ​បាន​អញ្ជើញ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​របស់​ខ្លួន​ជាមួយ​សហគមន៍​ និង​តំណាង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ​ចុះ​ដល់​គោលដៅ​ទីតាំង​សមិទ្ធផល​ ​និង​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ទីតាំង​បោះ​បង្គោល​តំបន់​អភិរក្ស​ ដែល​ទើប​នឹង​សាង​រួច​ដើម្បី​ស្គាល់​កាន់តែ​ច្បាស់​ក្នុង​ការ​នេសាទ​ចៀសវាង​ចូល​តំបន់​អភិរក្ស​ប៉ះពាល់​ដល់​ហ្វូង​មច្ឆជាតិ​ ធនធាន​ជលផល ​រួម​ទាំង​បង្ហាញ​ពី​របៀប​ទប់ស្កាត់​បទល្មើស​បែប​ថ្មី​ក្នុង​តំបន់​អភិរក្ស​កំពង់​ប្រាក់។

លោក​ពុធ ស៊ុន​លី ​នាយ​ផ្នែក​ជលផល​ក្រគរ​បាន​ធ្វើ​បទ​បង្ហាញ​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​​​ថា ​៖​ ទីតាំង​តំបន់​ជ្រោយ​ស្ដី ​​​ស្ថិត​ក្នុង​ភូមិ​កំពង់​ថ្គោល ​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់ ​​ហើយ​បង្គោល​ឡូត៍​អភិរក្ស​កាលពីមុន​នោះ​បាន​បាក់​ដួល​រលំ​អស់​ជាច្រើន​ឆ្នាំ​ហើយ ​ហើយ​ប្រជា​នេសាទ ​ដែល​នេសាទ​តំបន់​នេះ​តែងតែ​មើល​មិន​ឃើញ​ ដោយ​គេ​គិត​ថា ​អត់​មាន​ឃើញ​បង្គោល​តំបន់​អភិរក្ស ​ទើប​ពួកគេ​លូក​ចូល​នេសាទ​ចូល​តំបន់​ហាមឃាត់​នេះ​កន្លងមក។ ប៉ុន្តែ​ដោយ​មាន​ការ​ណែនាំ​ពី​ប្រធាន​រដ្ឋបាល​ជលផល ​លោក​អភិបាលខេត្ត​ និង​នាយ​ខណ្ឌ​​ផង​នោះ​ ​​​​បង្គោល​ឡូត៍​ចំនួន​២​​ត្រូវ​បាន​សាងសង់​រួច​រាល់​ជា​ស្ថាពរ ​ដោយ​ចំណាយ​ទឹកប្រាក់​អស់​ជិត​២០​លាន​រៀល​ ហើយ​បង្គោល​ទី​៣​នោះ​គឺ​បោះ​ជា​សសរ​គ្រឹះ​​ធ្វើ​ពី​ស៊ីម៉ងត៍​លាយ​ថ្ម​មិន​ជាប់​​ឡើយ ​ដោយសារ​ទីតាំង​ចំណុច​នេះ​ជា​ដី​ភក់​ទាល់​តែ​បោះ​ឈើ​ទើប​អាច​ដំណើរការ​បាន។

លោក​ពុធ ស៊ុន​លី ​នាយ​ផ្នែក​ជលផល​ក្រគរ​ បាន​នាំ​លោក​ប៊ិន វណ្ណា​ អភិបាលស្រុក​ក្រគរ​អាជ្ញាធរ​មូលដ្ឋាន ​ប្រធាន​សហគមន៍​ និង​តំណាង​ប្រជា​នេសាទ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ ទៅ​​បង្ហាញ​សមិទ្ធផល​ និង​បើក​ដំណើរការ​ជា​ផ្លូវការ​ ​តំបន់​ដែន​អភិរក្ស​ធនធាន​ជលផល​ជ្រោយ​ស្ដី។ បន្ទាប់​មក ​ក៏បាន​នាំ​ទៅ​តំបន់​អភិរក្ស​មួយ​កន្លែង​ទៀត​ដែល​ជា​ចំណុច​សម្បុក​ត្រី​មេ​ពូជ​ពង​កូន​នៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប។ ចុងក្រោយ​​​គឺ​តំបន់​អភិរក្ស​កំពង់​ប្រាក់​​ ​ស្ថិត​ក្នុង​ទីតាំង​ភូមិ​កំពុង​ប្រាក់​ ឃុំ​ស្នាអន្សា ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់។ នៅ​ពេល​នោះ​ លោក​​បាន​ពន្យល់​ពី​​​ផលវិបាក​ទប់ស្កាត់​បទល្មើស​ និង​របៀប​ទប់ស្កាត់​យុត្តិសាស្ត្រ​ថ្មី​ដើម្បី​ថែរក្សា​ទីតាំង​អភិរក្ស​នេះ​ក្នុង​ការ​ថែរក្សា​ធនធាន​ជលផល​ឲ្យ​សម្បូរ​​ឡើង​វិញ។ លោក​ពន្យល់​បន្ថែម​ថា ​ជំនាញ​ និង​សមត្ថកិច្ច​មាន​ការ​លំបាក​​យ៉ាង​ខ្លាំង​ក្នុង​ការ​ទប់ស្កាត់​ទីតាំង​តំបន់​អភិរក្ស​មួយ​នេះ​ ដោយសារ​តែ​ជនល្មើស​មកពី​ខេត្ត​ផ្សេង​ប្រើប្រាស់​ឧបករណ៍​បទល្មើស​ទំនើប​មក​លួច​ធ្វើ​សកម្មភាព​តំបន់​នេះ។ ពេល​យើង​ដឹង​ពួកគេ​បើក​គេចខ្លួន​អស់​ ដោយសារ​តែ​យើង​ដេញ​មិនទាន់។

លោក​បន្ត​ថា ​៖​ ព្រោះតែ​សកម្មភាព ​ការ​ទប់ស្កាត់​ទាំង​នេះ​ ជួប​ផលវិបាក​ខ្លាំង​ និង​មាន​ការ​បំផុស​ពី​ជលផល​ផង​ ខាង​ប្រជា​នេសាទ​នៅ​ក្បែរ​តំបន់​នេះ ​បាន​ជួយ​ជា​បង្គោល​ឈើ​ប្រមាណ​ជា​ជិត​មួយ​ម៉ឺន​ដើម​ និង​បង្គោល​ឈើ​ជលផល​ផង​ក៏​បាន​នាំគ្នា​បោះ​ក្នុង​តំបន់​អភិរក្ស​នេះ​រៀប​ក្បួន​យុត្តិសាស្ត្រ​ជា​កញ្ចុំ​មុំ​បី​ខ្វែង​គ្នា​នៅ​លើ​តំបន់​នេះ​ ដែល​មាន​ផ្ទៃដី​ជិត​៣០០០​ហិកតា ​ដែល​មាន​ប្រវែង​ជិត​៣០​គីឡូម៉ែត្រ​ដើម្បី​ការពារ​តំបន់​អភិរក្ស​នេះ ហើយក៏​មាន​ការ​​ចូលរួម​ការពារ​ពី​ប្រជា​នេសាទ​នៅ​តំបន់​នេះ ​ដោយ​ពួកគេ​ស្ម័គ្រចិត្ត​ ក្នុង​មួយ​យប់ៗ​តិច​បំផុត​ក៏​២០​នាក់​ទៅ​៣០​នាក់​ដែរ។

លោក ពុធ ស៊ុន​លី​ ក៏​បាន​បញ្ជាក់​ពី​សមិទ្ធផល​បង្ហាញ​ទាំងនេះ​ថា ​៖​ ក្រោយពី​ប្រើ​វិធានការ​ទប់ស្កាត់​បែប​យុត្តិសាស្ត្រ​ថ្មី​នេះ​រួច​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ខ្ពស់ ​ដោយ​ជនល្មើស​ពិបាក​នឹង​​​ចូល​លួច​ចាប់​ត្រី​ក្នុង​តំបន់​នេះ​ណាស់​ ព្រោះ​វា​ទាក់​នឹង​ឈើ​​កញ្ចុំ​ទាំង​រហែក​សាច់​អួន​អស់។

ជាមួយ​គ្នា​នោះ​លោក ប៊ិន វណ្ណា ​អភិបាល​ស្រុក​ក្រគរ​ និង​ជា​តំណាង​ឲ្យ​លោក​អភិបាលខេត្ត​បាន​កោតសរសើរ​ដល់​អ្នក​​ស្ម័គ្រចិត្ត​​​​​​​ការពារ​តំបន់​អភិរក្ស។ ក្នុង​នាម​អាជ្ញាធរ​ស្រុក​ និង​អាជ្ញាធរ​ខេត្ត​មូលដ្ឋាន​នៅ​តំបន់​នេះ ​សូម​ធ្វើ​​ការ​គាំទ្រ​នូវ​សកម្មភាព​នេះ​ទាំងស្រុង​ និង​រង់ចាំ​ជួយ​អន្តរាគមន៍​ពី​មន្ត្រី​ជំនាញ​ ដែល​ត្រូវការ​អាជ្ញាធរ​ព្រោះ​វា​ជា​សម្បត្តិ​ជាតិ​យើង​ទាំង​អស់​គ្នា៕

រៀបចំ​យុទ្ធសាស្ត្រ​ថ្មី ​ដោយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​បង្គោល​តំបន់​អភិរក្ស

រៀបចំ​យុទ្ធសាស្ត្រ​ថ្មី ​ដោយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​បង្គោល​តំបន់​អភិរក្ស

រៀបចំ​យុទ្ធសាស្ត្រ​ថ្មី ​ដោយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​បង្គោល​តំបន់​អភិរក្ស