បញ្ជាការ​ដ្ឋាន​អង្គរក្ស​ទិស​ប្រាសាទ​ព្រះវិហារ ​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់​វរ​កងទ័ព​លី​ក្នុង​សមរភូមិ​មុខ​

បញ្ជាការ​ដ្ឋាន​អង្គរក្ស​ទិស​ប្រាសាទ​ព្រះវិហារ ​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់​វរ​កងទ័ព​លី​ក្នុង​សមរភូមិ​មុខ​



ព្រះវិហារ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៨​ ខែ​មេសា​ ឆ្នាំ​២០១៦​នេះ នៅ​ទីបញ្ជាការ​ដ្ឋាន​អង្គរក្ស​ទិស​ប្រាសាទ​ព្រះវិហារ​ ស្ថិតនៅ​ចំណុច​៩៥​ ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត បាន​ជួបជុំគ្នា​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​ដែលជា​វរ​យុទ្ធជន​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ជាតិ ​និង​មាតុភូមិ​។​

ពិធី​ដ៏​សំខាន់​នេះ​ មាន​រៀបចំ​សែនព្រេន​នំចំណី ​ផ្លែឈើ​ ភេសជ្ជៈ ​និង​បាន​និមន្ត​ព្រះសង្ឃ​ច្រើន​អង្គ​ធ្វើ​ពិធី​សូត្រ​មន្ត​បង្សុកូល​ថែមទៀត​ ស្រប​ពេល​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ជិត​ចូល​មកដល់។​

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ​ថ្នាក់ដឹកនាំ​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ជា​ច្រើន​រូប​ ព្រមទាំង​យុទ្ធជន ​បាន​ធ្វើ​ពិធី​ដាក់​កម្រងផ្កា ​និង​អុជ​ធូប​ឧទ្ទិស​ដល់​ដួង​ព្រលឹង​វរ​យុទ្ធជន​ដែល​បាន​ពលី​ជីវិត​ក្នុង​សមរភូមិ​មុខ ​សូមឲ្យ​វិញ្ញាណក្ខន្ធ​របស់​អ្នក​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ទ្បើយ​។​

សូម​ដួង​ព្រលឹង​វរ​យុទ្ធជន​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​តាម​ជួយ​ថែរក្សា​នាយទាហាន ​នាយទាហានរង​ និង​ពលទាហាន​ទាំងអស់​ ដែល​កំពុង​មាន​កាតព្វកិច្ច​ការពារ​បូរណភាព​ទឹកដី​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ទទួល​បាន​នូវ​សេចក្ដី​សុខ​សប្បាយ​ជា​រៀង​រហូត។​

គួរ​រំលឹក​ថា ​ក្នុង​ពេល​ប៉ះទង្គិច​គ្នា​ដោយ​ផ្ទុះ​អាវុធ​ទ្រង់ទ្រាយ​ធំ​ជាមួយ​ភាគី​ថៃ​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​ កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១១ ​ខាង​វរ​កងទ័ព​ចំណុះ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​ទិស​ប្រាសាទ​ព្រះវិហារ​បាន​តស៊ូ​ក្រាញននៀល​ប្រយុទ្ធ​វាយបក​ទាំង​យប់​ ទាំង​ថ្ងៃ​ ទៅលើ​សត្រូវ​យ៉ាង​អង់​អាច​ក្លាហាន​រហូត​ទទួល​បាន​ជ័យជំនះ​។ ​ក្នុង​នោះ ​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​ទាំងអស់​បាន​រួម​សុខទុក្ខ​ប្រយុទ្ធ​កៀក​ស្មា​ក្នុង​សមរភូមិ​មុខជា​មួយ​វរ​កងទ័ព​យ៉ាង​អង់អាច​ក្លាហាន​ដូចគ្នា៕
បញ្ជាការ​ដ្ឋាន​អង្គរក្ស​ទិស​ប្រាសាទ​ព្រះវិហារ ​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់​វរ​កងទ័ព​លី​ក្នុង​សមរភូមិ​មុខ​