ជួយ​គាត់​ផង ​! កូនចិញ្ចឹម​ យក​ដីស្រែ​គាត់​ លក់​អស់ហើយ

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​វ័យ​៨៨​ឆ្នាំ ដែល​មាន​ស្បែក​ជ្រីវជ្រួញ និង​សំឡេង​ញ័រ​ៗ តែ​អាច​ស្តាប់​បាន លោកយាយ​ដ៏​ចំណាស់​អង្គុយ​លើ​កាំ​ជណ្តើរ​មុខ​ផ្ទះ​ដោយ​ខ្នង​កោង ចង្ការ​ធ្លាក់​ទាប​ជាង​ក្បាលជង្គង់​បាន​ប្រាប់​ថា រូប​គាត់​ត្រូវ​បានកូន​ចិញ្ចឹម​តាំងពី​តូច​ក្រូចឆ្មា​លួច​ដីស្រែ​គាត់​លក់​អស់ហើយ សួ​ម​ឱ្យ​សមត្ថកិច្ច​អា​ជ្ញ​ធរ​ស្រុក ខេត្ត និង​អ្នក​សារព័ត៌មាន​ជួយ​គាត់​ផង ។

លោកយាយ​អភ័ព្វ​បាន​រៀបរាប់​ថា គាត់​ឈ្មោះ​គង់ ប៉ុក អាយុ​៨៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ម្លូ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ខេត្តកំពង់​ឆ្នាំង ចំណែក​កូនស្រី​ចិញ្ចឹម​របស់​គាត់ ដែល​បាន​លួច​យក​ដី​គាត់​លក់​នោះ​ឈ្មោះ​គង់ វ​ណ្ណា ហៅ​គង់ ឈួ​ន អាយុ​៤៦​ឆ្នាំ មាន​ប្តី​ឈ្មោះ អ៊ុ​ម ចុន អាយុ​៦៣​ឆ្នាំ សព្វថ្ងៃ​បែក​ពី​គាត់ ទៅ​រស់នៅ​ភូមិ​ទួល​សំរោង ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ។

លោកយាយ​បាន​បន្ត​ថា កូនចិញ្ចឹម​លោកយាយ​ឈ្មោះ​គង់ វ​ណ្ណា ហៅ​ឈួ​ន​នេះ គាត់​សុំ​គេ​មក​ចិញ្ចឹម​តាំងពី​អាយុ​៧​ខែ​មក​ម្ល៉េះ ទុក​ដូច​ជា​កូនបង្កើត ។ គាត់​បាន​ចែក​ដីស្រែ​មួយ​កន្លែង​ មាន​៥​ស្រែ​ឱ្យ​កូនស្រី​នោះ​ហើយ ហេតុ​អី​ក៏​កូនស្រី​គាត់​ឃុបឃិត​គ្នា​ជាមួយ​ប្តី​លក់​ដីស្រែ គាត់​ផ្សេង​ពី​ចែក​នេះ​ឱ្យ​គេ​ទៀត ។ គាត់​បាន​ប្រាប់​ថា គាត់​មាន​ចុងសន្លឹក​ដីស្រែ​នោះ តែ​បាន​បាត់​ទៅ​មិនដឹង​ថា អ្នក​ណា​ជា​អ្នក​លួច ។

គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ និង​សារព័ត៌មាន​នានា មេត្តា​ជួយ​យក​ដី​ទាំងនោះ មក​ឱ្យ​គាត់​វិញ គាត់​មិន​ចង់បាន​លុយ​ទេ គឺ​សុំ​សំណូមពរ​យក​តែ​ដី​នោះ​វិញ​ប៉ុណ្ណោះ គ្រាន់​និង​ធ្វើស្រែ​ខ្លួនឯង ឬ​ជួល​គេ​ធ្វើ​យក​ស្រូវ ដើម្បី​ទុក​ធ្វើ​បុណ្យឧទ្ទិស​កុសល​​ជូន​ពុក​ម្តាយ​ដែល​បាន​ស្លាប់​ទៅ ។

បុរស​ឈ្មោះ​នូ សាត អាយុ​៦០​ឆ្នាំ ដែល​ត្រូវជា​ចៅ​លោកយាយ​ឈ្មោះ​គង់ ប៉ុក បាន​រៀបរាប់​ថា គាត់​ដឹង​ប្រវត្តិ​ដី​នោះ​ច្បាស់​ណាស់ ក្នុង​ឆ្នាំ​១៩៨៧-៨៨ រហូត​ដល់​ឆ្នាំ​១៩៩៩ គាត់​ជា​អ្នក​ធ្វើស្រែ​ហ្នឹង ដោយ​យក​ផល​មក​ជួ​ួ​យ​ចិញ្ចឹម​យាយ​គង់ ប៉ុក និង​ឈ្មោះ​គង់ វ​ណ្ណា​ជា​កូនចិញ្ចឹម ។

នៅ​ឆ្នាំ​១៩៩៩ ឈ្មោះ​គង់ វ​ណ្ណា ហៅ​ឈួ​ន​មាន​ប្តី គាត់​ក៏​ប្រគល់​ដីស្រែ​នោះ​ទៅ​ឈ្មោះ​គង់ វ​ណ្ណា និង​ប្តី​ធ្វើស្រែ​ចិញ្ចឹម​យាយ​​វិញ​ម្តង ហើយ​តាំងពី​នោះ​មក​គាត់​ឈប់​កាន់កាប់​ដី​នោះ​ទៀត ។

បុរស​រូប​នោះ​បាន​បញ្ជាក់​ថា កូនចិញ្ចឹម​បាន​ផ្តល់​ស្រូវ​ឱ្យ​លោកយាយ​៣​ឆ្នាំ​ដែរ ដោយ​ឆ្នាំ​ទី​១ យក​មក​ដាក់​ហូប​រួម និង​ឆ្នាំ​ទី​២ ទី​៣ គ្រាន់​តែ​ដឹកស្រូវ​យក​មក​ឱ្យ បន្ទាប់​មក​ក៏​បាត់​ឈឹង ។

លោកយាយ គង់​ប៉ុក នៅ​មានកូន​ចិញ្ចឹម​ប្រុស​ម្នាក់​ទៀត​ដែល​ចិញ្ចឹម​ពី​តូប​ៗ​មក សព្វ​ថ្ងៃ នៅ​ខេត្តបាត់ដំបង ឈ្មោះ​គង់ ច​ន្ថា​។

ប្រភព​ដដែល​បាន​បន្ត​ថា ឈ្មោះ​គង់ វ​ណ្ណា បាន​ព្យាយាម​លក់​ដី​នោះ​២-៣​លើក​ហើយ តែ​លោកយាយ​ចេះ​តែ​ទៅ​ឃាត់​ទាន់ ប្រាប់​មេ​ភូមិ​ឈ្មោះ​លី លី​ម ថា គាត់​មិន​ឱ្យ​លក់​ដី​នោះ​ទេ អ្នក​ចង់​លក់​ប្រាប់​គាត់​ផង តែ​នៅ​តែ​មាន​ការ​​លក់​ទាល់តែ​បាន ។

ក្រោយ​ពេល​ក់​ដី​នោះ​យូរហើយ ទើប​លោកយាយ​ដឹង ហើយ​ខាង​ឃុំ​បាន​សម្របសម្រួល​ដែរ​ដោយ​ថា បើ​ជ្រុល​លក់​ហើយ ជួយ​រំលែក​ថវិកា​នោះ​ឱ្យ​យាយ​ខ្លះទៅ តែ​លោកយាយ​ថា មិន​យក គឺ​សុំ​តែ​ដី​វិញ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត