បើ​ខ្ញុំ​មិនរុះ​ចេញ តើ​មាន​ផ្លូវ​ឯណា​ សម្រាប់​ចូល​ផ្ទះ​

ខេត្តព្រៃវែង ៖ ក្រុម​មនុស្ស​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ចោមរោម​មើល​យ៉ាង​កកកុញ បន្ទាប់​ពី​ឃើញ​លោក មាស ឆ​ន មេ​ភូមិ​១ និង​ប្រពន្ធ​កូន​នាំ​គ្នា​រុះ​របាំង​ដែក ដែល​ជប៉ុន​ធ្វើ​អម​សងខាង​ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង​ចោល កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៨ មេ​សា ២០១៦ នេះ ។

លោក​មាស ឆ​ន មេ​ភូមិ​១ ក្នុង​ឃុំ​ព្រែក​ខ្សាយ (​ខ​) ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា ពួក​គាត់​នាំ​គ្នា​រុះ​របាំង​ដែក​នេះ​ចេញ ព្រោះ​របាំង​នេះ បាំងបិទ​ផ្លូវ​មុខ​ផ្ទះ​របស់​គាត់ ធ្វើ​ឱ្យ​ពួក​គាត់​គ្មាន​ផ្លូវ​ចេញ​-​ចូល​បាន​ទេ ហើយ​គ្រួសារ​គាត់​បាន​ស្នើ​សុំ​ទៅ​ខាង​ជប៉ុន​ហើយ ថា ឱ្យ​ទុក​ចន្លោះ​តូច​១ សំរាប់​ឱ្យ​ពួក​គាត់​អាច​ចេញ​-​ចូល​បាន​ផង ប៉ុន្តែ​គេ​នៅ​តែ​បិទ​ជិតឈឹង​ដដែល ។

លោក​មេ​ភូមិ​រូប​នេះ​បាន​បន្ត​ថា រឿង​នេះ​គាត់​ក៏​បាន​ស្នើ​សុំ​ទៅ​ខាង​មេឃុំ និង​អភិបាលស្រុក​ដែរ គឺ​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​ទុក​ផ្លូវ​ឱ្យ​គាត់​ចូល​ផ្ទះ​ផង ប៉ុន្តែ​លោក​អភិបាលស្រុក​ប្រាប់​ថា ឱ្យ​គេ​ដាក់​សិន​ទៅ តែបើ​គេ​ដាក់​ហើយ​ឱ្យ​គ្រួសារ​គាត់​ចេញ​-​ចូល​តាម​ផ្លូវ​ណា​។ ដោយសារ​តែ​គ្មាន​ដំណោះស្រាយ​បែប​នេះ ទើប​គាត់​និង​ប្រពន្ធ​កូន នាំ​គ្នា​រុះ​របាំង​ដែក​នេះ​ចេញ​ដោយ​ខ្លួន ទោះបី​ដឹង​ថា ធ្វើ​បែប​នេះ​វា​ខុស តែ​គាត់​គ្មាន​ជម្រើស​ទេ ។

លោក​មេ​ភូមិ​បាន​បញ្ជាក់​ថា គាត់​និង​ក្រុម​គ្រួសារ បាន​មក​រស់នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​១​នេះ តាំងពី​ឆ្នាំ​១៩៩១​មក​ម្ល៉េះ ហើយ​ពេល​គេ​ធ្វើ​ផ្លូវ​ឡើង​ស្ពាន​នេះ គេ​បាន​សង់​ជា​សំណ​ស់​សំរាប់​ផ្ទះ​ដែល​ប៉ះពាល់​នៅ​សងខាង​ផ្លូវ​នេះ​ហើយ រួម​ទាំង​ផ្ទះ​របស់​គាត់​ដែរ ហើយ​គាត់​ក៏​បាន​ខិត​ផ្ទះ​ទៅ​ក្រោយ​ផុត​ពី​ថ្នល់​និង​ដី​ដែល​ប៉ះពាល់​ហើយ​ដែរ ប៉ុន្តែ​ដោយសារ​តែ​ផ្លូវ​ថ្មី​នេះ​គេ​ធ្វើ​ខ្ពស់​ស្ទើ​ស្មើ​ដំបូលផ្ទះ​របស់​គាត់ ហើយ​ព័ទ្ធ​បាំង​ជិត​មុខ​ផ្ទះ​គាត់​ទៀត ធ្វើ​អោយ​គាត់​គ្មាន​ផ្លូវ​ណា​ផ្សេង​សំរាប់​ចេញចូល​នោះ​ទេ ។

សព្វថ្ងៃ​គ្រួសារ​គាត់​បាន​ដាក់​កាំជណ្តើរ​ដែក សំរាប់​ដើរ​ឡើង​ទៅ​លើ​ផ្លូវ ឥឡូវនេះ​គេ​មក​ធ្វើ​របាំង​ដែក​បិទ​ជិត​ផ្លូវ​នេះ​ទៀត តើ​អោយ​គ្រួសារ​គាត់​ចេញចូល​តាម​ណា ផ្ទះ​មនុស្ស​រស់នៅ​មិន​អាច​អត់​ផ្លូវ​ចេញចូល​នោះ​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​មេ​ភូមិ និង​ប្រពន្ធ​កូន បាន​រុះ​របាំង​ដែរ​ដែល​ជប៉ុន​ទើបតែ​ដាក់​អស់​១​ផ្ទាំង​ប្រវែង​ជាង​៣​ម៉ែត្រ ហើយ​ក្នុង​ពេល​រុះ​នោះ គេ​ឃើញ​ខាង​ជប៉ុន​មក​ពិនិត្យ​មើល និង​ថតរូប​ទុកជា​ភស្តុ​តាង​ថែម​ទៀត ដោយឡែក​ខាង​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​វិញ ពុំ​ឃើញ​មាន​វត្ត​មាននៅ​ទីនោះ​ទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត