នារីស្រស់ស្អាតវ័យក្មេង លង់ស្នេហ៍បុរសវ័យ៦៩ឆ្នាំ បម្រុងលោតទឹកសម្លាប់ខ្លួន ព្រោះតែ…

ចិន៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកដំណើរនៅតាមដងផ្លូវក្នុងទីក្រុង Xiangyang ប្រទេសចិន បានប្រទះឃើញ នារីម្នាក់កំពុងតែកើតទុក្ខព្រួយ និងបម្រុងលោតទឹកទន្លេ ហាន សម្លាប់ខ្លួន ទៀតផង។ ប៉ុន្តែជាសំណាងល្អ អ្នកដំណើរទាំងនោះ បានជួយសង្គ្រោះ និងនាំនាងទៅកាន់ស្ថានីយ៍ប៉ូលិស ទាន់ពេល។

នារីស្រស់ស្អាតវ័យក្មេង ដែលបម្រុងលោតទឹកសម្លាប់ខ្លួន រូបនោះ បានប្រាប់ប៉ូលិសថា នាងឈ្មោះ Xiao Yun អាយុខ្ទង់២០ឆ្នាំ និងកំពុងស្វែងរកបុរសម្នាក់ ឈ្មោះ Liu ដែលនាងបានប្រាប់ថា មានអាយុខ្ទង់ ៥០ឆ្នាំ។

នាង Xiao Yun បានប្រាប់ឲ្យដឹងទៀតថា មូលហេតុដែលនាង ចង់សម្លាប់ខ្លួន គឺព្រោះតែ លោក Liu។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ពួកគេទាំង២នាក់ បានជួបគ្នានៅក្នុងផ្សារមួយកន្លែង ដោយនាង Xiao Yun គឺជាកម្មករចំណាកស្រុក ធ្វើការនៅទីនោះ។

បើទោះបីជា លោក Liu មានអាយុច្រើន ស្ទើរតែអាចធ្វើជា ឪពុករបស់នាង បានក៏ដោយ ប៉ុន្តែនាង Xiao Yun បាននិយាយថា នាងមិនខ្វល់ពីការគិតរបស់សង្គម ឬក្រុមគ្រួសាររបស់នាងឡើយ ហើយនាងបានគិតថា ពួកគេល្អចំពោះគ្នាទៅវិញទៅមកណាស់ ខណៈលោក Liu បានធ្វើឲ្យនាងមានអារម្មណ៍ថា ដូចនៅផ្ទះអីចឹង។

ជាងនេះទៅទៀត លោក Liu បានលែងលះ ជាមួយប្រពន្ធគាត់ អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ដូច្នេះគ្មានអ្វីមករារាំងផ្លូវ គូស្នេហ៍មួយគូនេះឡើយ។

ជាមួយគ្នានេះដែរ នាង Xiao Yun បានប្រាប់អ្នកយកព័ត៌មានថា លោក Liu នឹងរៀបការជាមួយនាង។ ផ្ទុយទៅវិញ នាងបានដឹងថា វាកាន់តែពិបាកនឹងជឿ ដោយសារតែ នៅអំឡុងថ្ងៃចូលឆ្នាំ ក្នុងឆ្នាំនេះ លោក Liu បែរក្លាយជា ព្រងើយកន្ដើយដាក់នាង និង គេចវេះពីនាង ដោយគ្មានការពន្យល់ ឬហេតុផលសមរម្យឡើយ។ ដោយសារតែ អស់សង្ឃឹម ក្នុងជីវិតពេក នាង Xiao Yun បានប្រាប់ទៅកាន់ Liu ថា នាងនឹងទៅលោតទឹកសម្លាប់ខ្លួន។

ទោះបីជាយ៉ាងនេះក្តី លោក Liu នៅតែមិនតបឆ្លើយ ខណៈនាង Xiao Yun បានព្យាយាមទូរស័ព្ទទៅកាន់ លោក Liu ម្តងទៀត ជាលើកចុងក្រោយ ប៉ុន្តែគាត់នៅតែ មិនតបឆ្លើយដដែល។

យ៉ាងណាមិញ បន្ទាប់ពីបានដឹងលឺ រឿងរ៉ាវរបស់អ្នកទាំង២ រួចមក ប៉ូលិសបានសម្រេចចិត្ត ធ្វើការស៊ើបអង្កេត ចំពោះរឿងនេះ។ រឿងដំបូងដែលបានរកឃើញ និងគួរឲ្យភ្ញាក់ផ្អើល គឺពួកគេបានរកឃើញថា ការពិត លោក Liu មិនមែនមានវ័យ ខ្ទង់៥០ឆ្នាំឡើយ គឺគាត់មានអាយុ ៦៩ឆ្នាំ ទៅហើយ។

នៅទីបំផុត ប៉ូលិសអាចធ្វើការទាក់ទង ជាមួយលោក Liu បាន ប៉ុន្តែគាត់បែរជា និយាយថា ការព្យាយាមសម្លាប់ខ្លួន របស់នាង Xiao Yun គឺគ្រាន់តែជាវិធីមួយ ដើម្បីបោកលុយគាត់តែប៉ុណ្ណោះ ហើយគាត់ក៏មិនដែលចូលចិត្ដនាង តាំងពីដំបូងមកម្ល៉េះ។ តែទោះជាយ៉ាងណា ជាចុងក្រោយ គាត់សុខចិត្ដជួបនាងជា លើកចុងក្រោយ។

តើត្រូវធ្វើដូចម្តេច ប្រសិនបើអ្នក បានឃើញនរណាម្នាក់ បម្រុងធ្វើអត្តឃាត?

- កុំទុកឲ្យគេនៅតែម្នាក់ឯង

- យកវត្ថុមុតស្រួច គ្រឿងស្រវឹង ថ្នាំ ឬ គ្រឿងផ្ទុះ ដែលអាចប្រើប្រាស់បាន ក្នុងការប៉ុនប៉ងសម្លាប់ខ្លួន ចេញឲ្យឆ្ងាយ

- នាំគេទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ឬស្វែងរកជំនួយ ពីអ្នកជំនាញខាងវិជ្ជាពេទ្យ ឬផ្លូវចិត្ត

- ទំនាក់ទំនងទៅកាន់ អាជ្ញាធរមានសមត្ថកិច្ច ឬខ្សែទូរស័ព្ទពិសេស ដូចជា ១១៩ ជាដើម

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត