អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ពី​សុ​ឆន្ទៈ​ក្នុងការ​រៀបចំ​សង្គម​កម្ពុជា​

នៅ​ចុង​សប្តាហ៍​នេះ លោក យែ​ម បុញ្ញ​ប្ញ​ទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា​ពី​សុ​ឆន្ទៈ​ក្នុងការ​រៀបចំ​សង្គម​កម្ពុជា​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា ប្រទេសជាតិ​នីមួយៗ​រឹងមាំ​ខ្លាំងក្លា អភិវឌ្ឍ​ជឿនលឿន គឺ​ដោយសារ​ធនធានមនុស្ស ប្រជាពលរដ្ឋ​គ្រប់រូប មានចំណេះដឹង ចូលរួម​ក្នុង​ការកសាង​ប្រទេសជាតិ​។ ការចូលរួម​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ការទទួល ខុសត្រូវ ដែលមាន​អារម្មណ៍ គំនិត​គិត​ជា​វិជ្ជមាន នោះ​ជា​រឿង​មួយ​ដ៏​សំខាន់​។ ប្រជាជាតិ​នោះ ប្រទេស​នោះ អាច​ទទួលបាន​នូវ​សង្គម​មួយ​ដែល​ខ្លួន​ចង់បាន​ពិតប្រាកដ តម្រូវ​ឲ្យ​មានការ​រៀបចំ​ប្រព័ន្ធ​សុខាភិបាល ប្រព័ន្ធ​អប់រំ ប្រព័ន្ធគ្រប់គ្រង​ដឹកនាំ ឲ្យ​មាន​ប្រសិទ្ធភាព​ជាទីបំផុត​។​

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា ការជំរុញ​ឲ្យ​មាន​មណ្ឌល​សុខភាព​ទៅតាម​ទីជនបទ ឃុំ​-​សង្កាត់ ជាការ​គិតគូរ​មួយផ្នែក ទៅលើ​សុខភាព ក៏ប៉ុន្តែ​តម្រូវការ​ចាំបាច់​ឲ្យ​មាននូវ​ថ្នាំសង្កូវ បរិក្ខារ​ពេទ្យ និង​ពេទ្យ​ដែលមាន​ក្រមសីលធម៌ វិជ្ជាជីវៈ ត្រូវ​ចូលរួម យ៉ាង​សស្រាក់សស្រាំ ក្នុង​ការជួយ​ព្យាបាល ពង្រឹង​សុខភាព ជូន​ដល់​ប្រជាពលរដ្ឋ​យើង​។ ផ្នែក​មួយ​ខំ​ព្យាបាល តែ​ផ្នែក​មួយ​មិន​ខំ​ការពារ​ឲ្យ​មាន​ម្ហូបចំណី ត្រី​សាច់ បន្លែបង្ការ ដែលមាន​គុណភាព តែ​បែរជា​អាចមាន​ជាតិគីមី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ ជាទីបំផុត​ទៅវិញ​។

ជុំវិញ​បញ្ហា​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា ការកសាង​សាលារៀន គឺជា​ចំណុច​វិជ្ជមាន​មួយ​ដ៏​ប្រសើរ​បំផុត គួរ​យើង​គិតគូរ​សិក្សា​បន្ត សិស្ស​ដែល​នៅ​ឆ្ងាយ អាចមាន​កន្លែង​សម្រាក​ទទួលទាន​អាហារ​ពេល​ថ្ងៃ ចូល​បណ្ណាល័យ ដើម្បី​ចៀសវាង​នូវ​ការធ្វើដំណើរ​ឆ្ងាយ ទាំងអស់នេះ​តម្រូវ​ឲ្យ​យើង​រៀបចំ​បរិស្ថាន​សាលា មាន​កន្លែង​កីឡា មាន​បណ្ណាល័យ មាន​អាហារ​ដ្ឋា​ន មាន​ដើមឈើ​ធំៗ​ជា​ម្លប់ មាន​ទឹកស្អាត និង​មាន​បង្គន់​អនាម័យ​ជាដើម​។​

ក្នុងនាម​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា ទាំង​វិស័យ​សុខាភិបាល វិស័យ​អប់រំ គណបក្ស​សង្គ្រោះ​ជាតិ​មាន​សុ​ឆន្ទៈ​ពិត គណបក្ស​សង្គ្រោះ​ជាតិ​ប្រាកដជា​អាចធ្វើ​បាន ក្នុងការ​ពង្រឹង​សុខភាព និង​ផលិត​ធនធានមនុស្ស បណ្តុះ​មនសិការ​អ្នក​បន្តវេន​ជាតិ​យើង​បាន​។ គួរ​កត់សម្គាល់ថា បើទោះជា​ពេល​បច្ចុប្បន្ននេះ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ជា​គណបក្សជំទាស់​ធំជាងគេ​ក៏ដោយ ក៏​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បានបង្ហាញ​គោលជំហរ​នយោបាយ ពិសេស​វិធីសាស្ត្រ យុទ្ធសាស្ត្រ និង​យន្ត​ការល្អៗ សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច សង្គម សុខាភិបាល និង​ការពារជាតិ​ជាដើម​៕

12985466_1105336342863163_1445439936187076020_n