កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន ឈានដល់​វគ្គ​ជម្រុះ​បេក្ខជន​ ជា​លើក​ទី​២

ភ្នំពេញ​:
មុខរបរ​ខ្ញុំ ឬ My Place ដែលជា​កម្មវិធី​ជីវិត​ពិត កំពុង​ចាក់ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយទូរទស្សន៍ PNN បាន​បាត់បង់​បេក្ខជន​ទី​២ ​កាលពី​ថ្ងៃ​សុក្រ ​ទី​៨​ មេសា ក្រោយពី​ត្រូវ​បេក្ខជន​រួម​ក្រុម និង​គណៈកម្មការ​លោក ទេព រិន្ទ​ដា​រ៉ូ បោះឆ្នោត​ទម្លាក់​។​

បេក្ខជន ចាន់ រតនា ចាក​ចេញពី​កម្មវិធី​បន្ទាប់ពី​ត្រូវបាន​បោះឆ្នោត​ទម្លាក់​ដោយ​បេក្ខជន​រួម​ក្រុម និង​គណៈកម្មការ​។

​ចាន់ រតនា វ័យ ២៣ ឆ្នាំ មកពី​ខេត្តព្រៃវែង ត្រូវបាន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​ព្រោះ​មិត្ត​រួ​ក​ក្រុម​បាន​លើកឡើងថា គាត់​មិនសូវ​យល់​ពី​ការធ្វើ​ជំនួញ​នេះ​ប៉ុន្មាន​ទេ ហើយ​គាត់​ក៏​មិនសូវ​ស្តាប់​យោបល់​របស់​ក្រុមការងារ​ដែរ​។

“​គាត់​មិនមាន​វិធានការ​ច្បាស់លាស់​នៅក្នុង​តូ​នាទី​របស់គាត់ ហើយ​ចាំតែ​ស្តាប់​ការបញ្ជា​ពី​អ្នកដទៃ​...”​សំដី​ដែល​បេក្ខជន​ប៊ុន​លាភ លើកឡើង​។

​យោងតាម​មិត្ត​រួម​ក្រុម អ៊ុន អី​ង​ជូ បានអោយដឹងថា បេក្ខជន រតនា ត្រូវបាន​គេ​បោះឆ្នោត​ទម្លាក់​ដោយសារតែ​គាត់​តែងតែមាន​ជំលោះ​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ និង​មិន​ធ្វើការ​ជា​ក្រុម​។​

​ចាន់ រតនា​ គឺជា​បេក្ខជន​ទី​ពីរ​ដែល​ត្រូវបាន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​។

​មុខរបរ​ខ្ញុំ ជា​កម្មវិធី​ជីវិត​ពិត​ថ្មី​មួយ នៃ​ម៉ោង​មាស​របស់​ស្ថានីយទូរទស្សន៍ PNN ជា​កន្លែង​ប្រមូលផ្តុំ​បេក្ខជន ១៣​រូប ដើម្បី​ធ្វើការ​ជា​ក្រុម បង្កើត​ចេញ​ជា​អាជីវកម្ម​ពិតប្រាកដ​មួយ ពោលគឺ​ភោជនីយដ្ឋាន​។ កម្មវិធី​នេះ មាន​ផ្សាយ​ជូន​ទស្សនា​រៀងរាល់​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ៨​យប់​។​

​កាលពី​២​សប្ដាហ៍​មុន​បេក្ខជន​បាន​ប្រឈម​នឹង​ការប្រកួតប្រជែង​ជាច្រើន​។ ពួកគេ​បានធ្វើការ​ជាមួយគ្នា​ដើម្បី​រៀបចំ​ភោជនីយដ្ឋាន​។ ពួកគេ​ក៏បាន​ប្រកួតប្រជែង​គ្នា​ផងដែរ​ដើម្បី​ទទួលបាន​ទឹកប្រាក់​៥​ពាន់​ដុល្លារ​។

​ពេលនេះ​បេក្ខជន​ស្ទើរតែ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ដំណើរការ​ភោជនីយដ្ឋាន​របស់​ពួកគេ​ហើយ​។

​នៅ​សប្តាហ៍​ក្រោយ បេក្ខជន​ម្នាក់​នឹងត្រូវ​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​ទៀត​។ ខណៈ​បេក្ខជន​កាន់តែច្រើន​ត្រូវបាន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី បេក្ខជន​ដែល​នៅសល់​នឹង​គ្រប់​គ្រង់​ហាង​ដោយ​ខ្លួនឯង​ដោយ​ជួល​បុគ្គលិក ឬ​ផ្លាស់ប្ដូរ​អាជីវកម្ម​៕

​ឈុត​ខ្លី​ក្នុង​កម្មវិធី មុខរបរ​ខ្ញុំ សូម​ចុច​វីដេអូ​ខាងក្រោម​៖
https://www.facebook.com/PNNMyPlace/videos/1313870508629596/

កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន ឈានដល់​វគ្គ​ជម្រុះ​បេក្ខជន​ ជា​លើក​ទី​២