ចូលចិត្តលេង ល្បែងស្ដេចចង់ អត់? សំរាប់អ្នកមិនធ្លាប់លេង ត្រូវយល់ តើអ្វីជាល្បែងស្ដេចចង់ សិនណា

ល្បែងស្ដេចចង់ ជាល្បែងម្យ៉ាងដែលពួកកុមារាកុមារីជំទង់ៗគ្រប់ភូមិស្រុក ទូទាំងកម្ពុជរដ្ឋ តែងលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុសមានស្រីច្រើននាក់មិនកំនត់។ ពេលលេងគេចែកគ្នាជាពីរពួក ប្រុស១ពួក ស្រី១ពួក។

ក្នុងបណ្ដាបអ្នកទាំង២ ពួកនោះគេតាំងប្រុសរឺស្រីម្នាក់អោយធ្វើជាសេ្ដច អោយអង្គុយនៅទីមួយចំកណ្ដាលទី លើកៅអីរឺលើវត្ថុអ្វីមួយ មានត្បាល់ជាដើម។ កាលអ្នកធ្វើស្ដេចអង្គុយលើទីដ៏សមគួរមួយហើយ ខាងស្រីគេអោយស្រីម្នាក់ដើរចូលទៅ ខ្សឹបនឹងស្ដេចថា ខ្លួនស្រលាញ់ឈ្មោះណាមួយ ឧុបមាថាឈ្មោះ ក រឺ ខ ខ្សឹបហើយគេថយទៅអង្គុយ រឺមកឈរនៅកន្លែងដើមវិញ។ ខាងប្រុសគេអោយម្នាក់ដើរចូលទៅរកស្ដេច ដែរ ប្រសិនជាមិនចំឈ្មោះដែលគេខ្សឹប ទុកមុនទេក៏ហីទៅ តែបើប្រុសដែលមកនោះចំ លើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្ដេចស្រែកថា «អៀវៗ» ហើយអោយស្រីនោះ ទៅជិះប្រុសនោះតំរង់ទៅរកកន្លែងគេ កំពុងជិះគេស្រែកថា «អៀវៗ» ហើយគេបញ្ជិះទៅចុះខាងស្រី។ រួចហើយខាងប្រុសគេអោយប្រុសខាងគេម្នាក់ចូលទៅខ្សឹបម្ដង បើប្រុស នោះចូលទៅខ្សឹបថា «ខ្ញុំស្រលាញ់នាងណាមួយ អុបមាថាឈ្មោះ «ខ» ខ្សឹបហើយគេថយ ទៅវិញ បើស្រីម្នាក់ឈ្មោះ «ខ» ចូលទៅមែនស្ដេច ស្រែកថា «អៀវៗ» ហើយអោយប្រុសនោះជិះស្រីនោះ ស្រែកថា «អៀវៗ» ដូចគ្នា។ បានសេចក្ដីថា បើខាងណាចូលទៅខ្សឹប ថា ខ្លួនស្រឡាញ់ឈ្មោះ «ក» ហើយបែរជា ឈ្មោះ «ខ» ចូលមករកស្ដេចវិញនោះស្ដេចមិនអោយអ្នកខ្សឹបជិះរឺអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេអោយម្ខាងចូល ទៅខ្សឹបជាថ្មីទៀត។ គេផ្លាស់គ្នាតាមរបៀបនេះរហូតដល់ពេលឈប់។ អ្នកដែលធ្វើស្ដេច ត្រូមើលខុសត្រូវក្នុងរឿងនេះ ដោយសច្ចៈនិងយុត្ដិធម៌។

ល្បែងនេះស្រេចលើអ្នកធ្វើស្ដេច បើអ្នកធ្វើស្ដេចប្រកបដោយអគតិ ចង់អោយអ្នកណា ជិះអ្នកណាក្រៅពីឈ្មោះដែលគេខ្សឹបក៏បាន គឺថា បើម្នាក់ចូលទៅខ្សឹបថាស្រឡាញ់ឈ្មោះ «ក» ហើយទោះបីឈ្មោះ «ខ» ចូលមក ស្ដេច ស្រែកថា អៀវ ទៅក៏ចេះតែបាន ព្រោះអ្នកចូលទៅក្រោយ មិនបានលឺអ្នកមុនគេខ្សឹបថា ស្រលាញ់ឈ្មោះណាៗទេ។ តែបើមានរបៀបលេងលំអៀងបែបនេះ អ្នកលេងណាដែលចាប់ថ្នាក់បានតវ៉ាឡើង អាចសុំអោយគេប្ដូរស្ដេចបាន ប្រសិនបើអ្នកធ្វើស្ដេចប្រកបដោយសច្ចៈនិងយុត្ដិធម៌នោះការលេងនេះទៀងទាត់ណាស់។

ល្បែងនេះជាល្បែងកំសាន្ដក៏មែនតែជាល្បែងហាត់ចិត្តមនុស្សអោយប្រកបសច្ចៈនិងយុត្ដិ ធម៌ មិនអោយប្រកបដោយអគតិ(សេចក្ដីលំអៀង) ៤យ៉ាងគឺ ចន្ទាគតិ (លំអៀងព្រោះស្រលាញ់) ទោសាគតិ (លំអៀងព្រោះខឹង) ភយាគតិ (លំអៀងព្រោះខ្លាច) មោហាគតិ (លំអៀងព្រោះភ័ន្ដច្រលំ)។ ម្យ៉ាងទៀត ជាការបង្ហាត់អោយមនុស្សចេះជ្រើសតាំងគ្នាអោយ ធ្វើការជាតំនាងភ្នែកច្រមុះខ្លួនផង គឺត្រូវចេះជ្រើសរកនរណាដែលគេយល់ថាជាមនុស្សត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អតាមគន្លងធម៌ពិតៗ។

ចម្លងចេញពី៖ baykdang
ប្រភព៖ km

  • ចូលចិត្តលេង ល្បែងស្ដេចចង់ អត់? សំរាប់អ្នកមិនធ្លាប់លេង ត្រូវយល់ តើអ្វីជាល្បែងស្ដេចចង់ សិនណា已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:ចំនេះដឹង
Tags: