Barcelona នឹងមិនឱ្យ Neymar លេងពាន Copa America ទេ

ក្រុម Barcelona នឹងមិនឱ្យខ្សែប្រយុទ្ធ Neymar លេងឱ្យជម្រើសជាតិ២កម្មវិធីនោះទេ ពោលគឺអាចនឹងឱ្យកីឡាកររូបនេះ លេងនៅព្រឹត្តិការណ៍អូឡាំពិក ប៉ុន្តែមិនឱ្យលេង នៅពានរង្វាន់ Copa America ទេ។

Barcelona នឹងមិនឱ្យ Neymar លេងពាន Copa America ទេ

 សហព័ន្ធបាល់ទាត់ប្រេស៊ីលរំពឹងថាអាចនឹងស្នើដល់ក្រុម Barcelona ដើម្បីអនុញ្ញាតឱ្យកីឡាករ Neymar លេង២ពានរង្វាន់ផ្សេងគ្នា (អូឡាំពិករដូវក្ដៅ និង Copa America ) ជូនជាតិនៅពាក់កណ្ដាលឆ្នាំនេះ។ តែគួរឱ្យសោកស្ដាយ លោក Jose Maria Bartomeu ប្រធានក្លឹបអ្នកមានបុណ្យបានបញ្ជាក់កាលពីម្សិលមិញនេះហើយថា ពួកគេមិនអនុញ្ញាតឱ្យកីឡាកររបស់ខ្លួនលេងទាំងពីរពានរង្វាន់ទេ។

លោក Bartomeu បានប្រាប់ទៅសហព័ន្ធបាល់ទាត់ប្រេស៊ីលថា Barcelona អាចឱ្យ Neymar លេងតែមួយពានរង្វាន់ប៉ុណ្ណោះ ពោលគឺអាចជាព្រឹត្តិការណ៍អូឡាំពិក មិនមែន Copa America ទេ ព្រោះការដែលឱ្យកីឡាករលេងដល់ទៅពីរកម្មវិធី អាចឱ្យកីឡាករគ្មានពេលសម្រាក។

នៅពាក់កណ្ដាលឆ្នាំនេះ ប្រទេសប្រេស៊ីលនឹងធ្វើជាម្ចាស់ផ្ទះកម្មវិធីអូឡាំពិករដូវក្ដៅដែលកម្ពុជាក៏មានឈ្មោះចូលរួមប្រកួតប្រជែងផងដែរ ខណៈដែលពានរង្វាន់ Copa America ក៏ត្រូវចាប់ផ្ដើមនៅពេលជាមួយគ្នានេះដែរ៕

ប្រភព៖ សប្បាយ