ដុក​ទ័​រ​ខ្មោច​វ័យក្មេង​នៅ​កំពង់ធំ​

6 Videos


​នៅក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ​នៅតែមាន​ជំនឿ​លើ​អប្បិយ​ជំនឿ​គួបផ្សំ​នឹង​វេជ្ជសាស្ត្រ​ដែល​កំពុង​រីកចម្រើន​ដោយ​មិនអាច​បោះបង់ចោល​មួយណា​បានឡើយដោយ​អាស្រ័យ​លើ​ការជឿ​របស់​បុគ្គល​ម្នាក់ៗ​និង​ដោយសារ​ខ្មែរ​យើង​ច្រើន​មាន​ទស្សនៈ​ថាមន្តអាគម​ផ្សំ​អាយុ ។ អ្នកខ្លះ​ពេល​មាន​ជំងឺ​ឈឺ​ថ្កាត់​មុនដំបូង​គឺ​តែងតែ​រក​គ្រូពេទ្យ​ឱ្យ​មើលថែនិង​ព្យាបាល​ឱ្យដល់​ពេល​ជំងឺ​នោះ​មិនបាន​ជាសះស្បើយ​រហូតដល់​ថ្នាក់​អស់ប្រាក់រាប់លាន​រៀល​នៅតែ​មិនជា​ដាច់​ទៀត​ទើប​នាំគ្នា​ងាក​មក​ព្យាបាល​តាមបែប​អប្បិយ ជំនឿ​ផ្លូវ​ក្នុង​វិញ​ម្តង ។​ ​តួ​យ៉ាងដូច​នៅក្នុង​ភូមិ​ត្បូង​ក្រពើ ឃុំ​ត្បូង​ក្រពើ​ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ មាន​គ្រូ​ម្នាក់​ល្បី​ថា​ពូកែ​ស័ក្តិសិទ្ធិ​ធ្វើឱ្យ​អ្នកស្រុក​មិន​ថា​ក្នុង​ឬ​ក្រៅ​ខេត្ត​ផ្អើល​នាំគ្នា​ទៅឱ្យ​គ្រូ​វ័យក្មេង​នេះ​ព្យាបាល​ជំងឺ​គ្រប់ៗ​គ្នា ។

ដុក​ទ័​រ​ខ្មោច​វ័យក្មេង​នៅ​កំពង់ធំ​

ដុក​ទ័​រ​ខ្មោច​វ័យក្មេង​នៅ​កំពង់ធំ​

​អ៊ំស្រី ធី អាយុ ៥៣ ឆ្នាំ មុខរ​បរជាកសិករ​ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តកំពង់ធំ​ដែរ ហើយក៏​ជា​អ្នកជំងឺ​ម្នាក់​ដែល​បានទៅឱ្យ​ដុក​ទ័​រ​ខ្មោច​វ័យក្មេង​នេះ​ព្យាបាល​ជំងឺ​ដែរ​នោះបាន​ប្រាប់​អ្នកយកព័ត៌មាន​របស់​យើង​ថាមូល​ហេតុដែល​អ៊ំស្រី​មក​ព្យាបាល នៅទីនេះ​ដោយសារ​អាការរោគ​រប​ស់​អ៊ំស្រី​ឈឺ​ចាក់​ដោត​ពេញ​ខ្លួន​​ជួន​ឈឺដៃ ជួន​ឈឺ​ជើង ហើយ​ពេលខ្លះ​ដើរ​ពុំរួច​ក៏មាន​តែ​ពេល​ជួប​គ្រូ​ហើយ​គ្រូជួយ​ស្តោះផ្លុំ​ឱ្យ​ជំងឺ​ឈឺដៃ​ជើង​របស់​អ៊ំស្រី​ដែល​ឈឺ​ជា​យូរ​មកហើយ​នោះគឺ​ចាប់ផ្តើម​ជា​ដូច​គេ​បេះ​តែម្តង​ហើយ​ចាប់ផ្តើម​ដើរ​ស្រួល​ជាង​មុន ។ ចំណែក​រោគ​ចុក​រួយ​ករ​បស់​អ៊ំស្រីគឺ​បាន​ធូរស្រាល​ហើយដោយ​អ៊ំស្រី​បញ្ជាក់ថា​«​ខ្ញុំ​មក​ទីនេះ​តាម​គេ​តាម​ឯង​ដែរអត់​ដែល​មក​សោះ​ទើប​មក​បាន​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​តែ​ជំងឺ​បាន​ធូរស្បើយ​ច្រើន​មែនទែន​ហើយ ។ អ្នក​មក​មុនៗ​គេ​ប្រាប់តៗ​គ្នា​ថា​គ្រូ​នេះ​ពូកែ​ស័ក្តិសិទ្ធិ​ណាស់ ដល់ពេល​មក​ខ្លួនឯង​គឺ​ពូកែ​ដូច​គេ​ថា​មែន ។ពេល​មក​ដំបូង​គ្រូគ្រាន់តែ​សួរ​អាការរោគ​ដើម្បីឱ្យ​ដឹងថា​តើ​ជា​រោគា​ខ្លួនឯង​ឬ​ត្រូវ​អំពើ​របស់គេ ។ ក្រោយពី​មើល​ហើយ​លោកគ្រូ​បាន​ប្រាប់ថា​ជំងឺ​របស់ខ្ញុំ​នេះ​គឺ​បណ្តាលមកពី​ខ្ញុំ​ប៉ះពែ​របស់គេ​ទើប​បណ្តាលឱ្យ​ឈឺ​ដូច្នេះហើយ​លោកគ្រូ​ក៏​ចាប់ផ្តើម​សូត្រ​ផ្លុំ​ឱ្យទៅ​ក៏ជា​ដូច​គេ​បេះ​តែម្តងទៅ ។ រីឯ​កំណល់​វិញ​លោកគ្រូ​មិន​បង្គាប់​នោះទេ​គឺ​ឱ្យ​ទៅតាម​សទ្ធាមួយ​ពាន់ពីរពាន់​រៀល​ក្តី​លោកគ្រូ​មិន​ប្រកាន់​ឡើយ​»​។

​ចំណែក​អ៊ំស្រី យី​ម អាយុ ៦២ ឆ្នាំ រស់នៅក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បាន​ប្រាប់​ឱ្យដឹងថាអ៊ំស្រី​មករក​គ្រូ​នេះ​គឺ​ដោយសារ​ចុក​រួយ​-​ក ឈឺដៃ​ស្ទើរ​បែក​ឆ្អឹង​លើក​មិន​ចង់​រួច​នោះទេ ​ដល់​មកឱ្យ​លោកគ្រូ​ព្យាបាល​តែ​ពីរ​ថ្ងៃ​សោះ​ស្រាប់តែ​បាន​ធូរស្រាល​ច្រើន​មែនទែន ច​លើក​បត់​ពត់​បាន​ដូច​ធម្មតា​ហើយ​ស្រួល​ក្នុង​ខ្លួន​ដេក​ក៏បាន​ហូប​ក៏បាន​ដែរ ។​

ដុក​ទ័​រ​ខ្មោច​វ័យក្មេង​នៅ​កំពង់ធំ​

អ៊ំ​ប្រុស អេង ប៉ាំង អាយុ ៦០ ឆ្នាំ ជា​អ្នក​ជូន​ប្រពន្ធ​ទៅ​មើលជំងឺ​ដែរ​នោះបាន​បង្ហើប​ប្រាប់ថាគ្រូ​នេះ​ល្បី​ដោយសារ​យក​កំណល់​តិចតួច​ហើយ​អាច​ព្យាបាល​ជំងឺ​ឱ្យ​អ្នកជំងឺ​បានជា​សះស្បើយ​ទៀតហើយ​នៅពេល​ខ្លះ​លោកគ្រូ​ក៏​ជួយ​ដល់​អ្នកជំងឺ​ដែល​ទីទ័លក្រ​ខ្លាំង​ទៅទៀតមិនចេះ​កំណាញ់​ឡើយ ។​
​នៅពេល​ចុះទៅ​ជួប​ផ្ទាល់​ដល់ផ្ទះ​លោកគ្រូ​អ្នកយកព័ត៌មាន​របស់​យើង​បានសង្កេតឃើញ​មាន​មនុស្សម្នា​យ៉ាងច្រើន​កុះករ​នៅក្នុង​កូនខ្ទម​តូចៗ​ដែល​គេ​សង់សម្រាប់​ឱ្យ​អ្នកជំងឺ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ជុំវិញ​ផ្ទះ​លោកគ្រូ​ដើម្បី​មើលថែ ជំងឺ​មួយរយៈ​ឱ្យ​ស្រាកស្រាន្ត​មុននឹង​ត្រឡប់ទៅផ្ទះ​វិញ ។ តាមការសង្កេត​នៅ​ទីនោះ​មាន​អ្នកជំងឺ​ច្រើនណាស់​មកសុំ​ស្នាក់នៅ​ដើម្បី​ព្យាបាល​ជំងឺ ។ រីឯ​លោកគ្រូ​វិញ​ក៏​រវល់​ខ្លាំង​ស្ទើរតែ​រក​ពេល​ពិសា​បាយ​គ្មាន ដោយមាន​អ្នកជំងឺ​ជាច្រើន​នៅ​រង់ចាំ​ឱ្យ​លោកគ្រូ​ជួយ​ព្យាបាលពោលគឺ​អស់ពី​ម្នាក់​នៅ​ម្នាក់​មិន​ដាច់​ឡើយ ។

​តាម​ការសាកសួរ​ពី​ជីវប្រវត្តិ​ដែលនាំឱ្យ​លោកគ្រូ​មានឈ្មោះ​បោះ​សំឡេង​រហូតដល់​សព្វថ្ងៃ​នេះលោកគ្រូ​បាន​បង្ហើប​ឱ្យដឹងថា​សព្វថ្ងៃ​លោកគ្រូ​រស់នៅក្នុង​ភូមិ​ត្បូង​ក្រពើ ឃុំ​សន្ទុក ស្រុក​សន្ទុក ខេត្តកំពង់ធំ មានឈ្មោះ​ពិត ហង្ស រតនា ដែល​អ្នកស្រុក​អ្នកភូមិ​ស្គាល់​ថា​លោកគ្រូ ចាន់​រ័ត្ន ហើយ​មានរហស្សនាម​ថា​’​ដុក​ទ័​រ​ខ្មោច​» ។ លោកគ្រូ​មាន​អាយុ ៣៥ ឆ្នាំ ចេះ​ព្យាបាល​ជំងឺ​តាំងពីក្មេង​មកម្ល៉េះ​ដោយសារ​មាន​បង់បត់​កាន់ ។ កាលពី​រៀន​ថ្នាក់​ទី ៧ លោកគ្រូ​ធ្លាប់​ទៅ​រស់នៅ​ខេត្ត​អាងយ៉ាងក្នុង​ទឹកដី​កម្ពុជា​ក្រោមគឺ​នៅពេលនោះ​ហើយ​ដែល លោក​មាន​សតិ​មិន​ប្រក្រតី​រវើរវាយ​ឃើញ​រូប​ដែល​គេ​មើលមិនឃើញ​នៅ​ទឹកជ្រោះ​លើ​ភ្នំ​ព្រះ​បង្កួយ​ដូចជា​រូប​មនុស្ស​ស្រី​ស្អាត​ពពោះ ឬ មនុស្ស​ផ្លុំ​ខ្លុយ​ជាដើម​ហើយ​មួយថ្ងៃៗ​ហូប​តែ​ម្លូ និង មាន​កម្លាំង​ខ្លាំង​គ្មាន​អ្នកណា​ចាប់​ឈ្នះ​ឡើយ ។ ឃើញ​ដូច្នេះ​អ្នក​ម្តាយ​របស់​លោកគ្រូ​ក៏​នាំ​លោកគ្រូ​មក​ស្រុក កំណើត​វិញ​ក្នុង​ទឹកដី​កំណើត​នៃ​ខេត្តព្រៃវែង ។

ដុក​ទ័​រ​ខ្មោច​វ័យក្មេង​នៅ​កំពង់ធំ​

ដោយហេតុតែមាន​បារមី​កាន់​លោកគ្រូ​ក៏​ចេះតែ​ដើរ​ស្មឹង​ស្មាធិ៍​សមាធិ​ក្រោមដើម​ពោធិ៍​ទាំង​មិនដឹង​ខ្លួន​ក៏មានដែរ ។ ក្រោយមក​លោ​គ្រូ​ក៏បាន​ទៅ​បួស​រៀន​បាន​ប្រាំបី​វស្សា​នៅ​ខេត្ត​អាងយ៉ាង​ហើយ​ព្យាបាល​អ្នកជំងឺ​នៅ​ទីនោះ​យ៉ាង​ពូកែ​ស័ក្តិសិទ្ធិ ។ លោកគ្រូ​បាន​បន្តថា​ឥ​ទ្បូ​វ​នេះ​លោកគ្រូ​បានមក​រស់នៅ​ភូមិ​ត្បូង​ក្រពើ ឃុំ​ត្បូង ក្រពើ ស្រុក​កំពង់ស្វាយ​នេះ ដំបូង​មិនមាន​អ្នក​ជឿ​ដូច​សព្វថ្ងៃនេះ​ទេ តែ​ចាប់ផ្តើម​ល្បី​ដោយសារ​ព្យាបាល​នារី​ក្រមុំ​ឆ្កួត​ម្នាក់​មកពី​ស្រុកថៃ ដោយ​គ្មាន​គ្រូ​ណា​ជួយ​ដោះ​អំពើ​ពី​នារី​ក្រមុំ​នោះបាន​ឡើយ​តែ​លោកគ្រូ​គ្រាន់តែ​ឃើញ​ដឹងថា នាងក្រមុំនោះ​គឺ​ត្រូវ​ស្នេហ៍​គេ​ហើយ​លោកគ្រូ​ក៏​ជួយ​ស្តោះផ្លុំ​ភ្លាម​ឃើញ ថា​នាង​នោះ​ក៏​បានជា​ភ្លាម ។ ពេលនោះ​ហើយ​ដែល​កេរ្តិ៍ឈ្មោះលោកគ្រូ​ក៏​ចាប់ផ្តើម​ល្បី​រន្ទឺ​ឡើង​ធ្វើឱ្យ​អ្នកស្រុក​អ្នកភូមិ​នាំគ្នា​ជឿ​លោកគ្រូ​គ្រប់ៗ​គ្នា ។

​ភាពល្បីល្បាញ​របស់លោក​គ្រូ​គឺ​ដោយសារ​បារមី​បង់បត់​ភ្នំ​ព្រះ​បង្កួយ​ដែលជា​អ្នកចង្អុល​បង្ហាញ​ប្រាប់​ដល់​លោកគ្រូ​ទាំង​ការមើល​ជំងឺ​ក៏ដូចជា​ការ​ផ្សំ​ថ្នាំ​ឱ្យ​ត្រូវ​នឹង​ប្រភេទ​ជំងឺ​នីមួយៗ ។ ចំណែក​កំណល់​វិញ​គឺ​មិន​ច្រើន​ទេ​ត្រឹមតែ​ប្រាក់​មួយ​ម៉ឺន​រៀល​អង្កាម​មួយ​ត្រឡោក កាក់​ស្លឹកត្នោត​ប្រាំ ធូប​មួយ​ដុំ​និង​ទៀន​ពីរ​ដើម ។​​ទន្ទឹមនឹង​ភាពល្បីល្បាញ​របស់​ដុក​ទ័​រ​ខ្មោច​វ័យក្មេង​នេះដែរមាន​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ស្រុកភូមិ​នោះបាន​និយាយថាប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​មិនសូវមាន​ការចាប់អារម្មណ៍​ជាមួយ​លោកគ្រូ​នេះ​ទ្បើ​យហើយ​អ្នក​ដែល​ទៅឱ្យ​លោកគ្រូ​នេះ​ព្យាបាល​ជំងឺ​ភាគច្រើន​គឺជា​អ្នក​មកពី​ឆ្ងាយៗ ៕ ភោគ តុលា​