ព្រះរាជអាជ្ញាកោះហៅ ឧត្តមសេនីយ៍ កែវ មាស ចូលបំភ្លឺពាក់ព័ន្ធលោកស្រីជា គង្គា ភរិយានាយឧត្តមសេនីយ៍ ដុម ហាក់ ប្ដឹងពីបទបរិហារកេរ្តិ៍!

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ កែវ មាស ដែលគេស្គាល់ថា ជាប្រធានការិយាល័យទី២ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវស្ត្រីម្នាក់ដែលគេស្គាល់ឈ្មោះ ជា គង្គា ជាភរិយានាយឧត្តមសេនីយ៍ ដុម ហាក់ បានដាក់ពាក្យបណ្ដឹង ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈពាក់ព័ន្ធ ទៅនឹងករណីដែលអ្នកស្រីអះអាងថា លោកឧត្តមសេនីយ៍ កែវ មាស បាននិយាយបរិហារ្តិ៍ មកលើអ្នកស្រីដែលជាព័ត៌មាន មិនពិតឲ្យសារព័ត៌មានយកទៅចុះផ្សាយ។

មន្ត្រីតុលាការមួយរូប បានបង្ហើបឲ្យដឹងថា ករណីបណ្ដឹងនេះ ព្រះរាជអាជ្ញាបានចេញដីកាកោះហៅ ដើម្បីឲ្យលោកឧត្តមសេនីយ៍ កែវ មាស ចូលទៅបំភ្លឺនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ ហើយ ប្រសិនបើមិនមានការប្រែប្រួលទេនោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ អ្នកស្រី ជា គង្គា បានធ្វើពាក្យបណ្ដឹងដាក់ចូលទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្ដឹងលោកឧត្តមសេនីយ៍ កែវ មាស មានតួនាទីជានាយការិយាល័យទី២ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ក្នុងពាក្យបណ្ដឹង អ្នកស្រីជា គង្គា បានអះអាងថា លោកឧត្តមសេនីយ៍ កែវ មាស បាននិយាយបរិហារ្តិ៍ អ្នកស្រីក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយអ្នកសារព័ត៌មាន ក្នុងស្រុកមួយយកទៅចុះផ្សាយ ជាសាធារណៈតាមព័ត៌មានអនឡាញ។

នៅក្នុងបទសម្ភាសន៍នោះលោកឧត្តមសេនីយ៍ កែវ មាស បាននិយាយចោទប្រកាន់ទៅលើអ្នកស្រី ជា គង្គា ថា លោកឧត្តមសេនីយ៍ ដុម ហាក់ គាត់ឲ្យប្រពន្ធក្រោយរុញ មកចាប់យកដី២ហិកតា នៅបន្ទាយស្រីលក់បាត់ហើយ និងនិយាយថា លោកឧត្តមសេនីយ៍ ដុម ហាក់ ហ្នឹងណាស់ គឺប្រពន្ធចុងរុញចាប់យកដីគ្រប់កន្លែង មិនមែនមួយហ្នឹងទេ នៅតាមព្រំដែន ឲ្យតែដីណាមិនច្បាស់លាស់ចាប់យកបាត់ ព្រមទាំងនិយាយបន្ថែមទៀតថា ជំទាវចំតិត មិនដឹងយ៉ាងម៉េចទេ ឲ្យគេថតសំឡេងខ្ញុំយកទៅប្ដឹង ដែលពាក្យពេជន៍ទាំងអស់ខាងលើនេះ សុទ្ធសឹងតែជាការនិយាយបំភ្លើសការពិត និងមួលបង្កាច់ទៅលើអ្នកស្រីដោយគ្មានភស្តុតាង និងជាការប្រមាថដល់ស្ត្រីខ្មែរគ្រប់រូប និងជាការនិយាយផ្ដេសផ្ដាស ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់អ្នកស្រី ដោយអ្នកស្រីប្ដឹងទាមទារឲ្យតុលាការ ផ្ដល់យុត្តិធម៌តាមច្បាប់ និងទាមទារជំងឺចិត្តចំនួន១០០០លានរៀលផងដែរ។ ពាក់ព័ន្ធករណីបណ្ដឹងខាងលើនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦នេះ ភ្នាក់ងារ Fresh News មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពី លោកឧត្តមសេនីយ៍ កែវ មាស បានឡើយ ព្រោះមិនមានលេខទូរស័ព្ទ សម្រាប់ធ្វើការទាក់ទង៕

ព្រះរាជអាជ្ញាកោះហៅ ឧត្តមសេនីយ៍ កែវ មាស ចូលបំភ្លឺពាក់ព័ន្ធលោកស្រីជា គង្គា ភរិយានាយឧត្តមសេនីយ៍ ដុម ហាក់ ប្ដឹងពីបទបរិហារកេរ្តិ៍! ព្រះរាជអាជ្ញាកោះហៅ ឧត្តមសេនីយ៍ កែវ មាស ចូលបំភ្លឺពាក់ព័ន្ធលោកស្រីជា គង្គា ភរិយានាយឧត្តមសេនីយ៍ ដុម ហាក់ ប្ដឹងពីបទបរិហារកេរ្តិ៍!

ប្រភពៈ freshnewsasia