ផែន​ការ​បម្រែ​បម្រួល​អាកាសធាតុ​របស់​ កម្ពុជា ​ត្រូវ​បាន​ដាក់​ចេញ

ភ្នំពេញៈ ក្រុម​ប្រឹក្សា​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព កាល​ពី​ម្សិល​មិញ​ បាន​ដាក់​ចេញ​ផែនការ​សម្រប​សម្រួល និង​គ្រប់​គ្រង់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែ​បម្រួល​អាកាសធាតុ​មួយ​ជា​លើក​ដំបូង ដោយ​ក្រសួង​ចំនួន​ ១៤ នឹង​ចូលរួម​ដោះ​ស្រាយ​បញ្ហា​នេះ។

ផែនការ​​ដែល​មាន​ឈ្មោះថា «គម្រោង​វាយ​តម្លៃ និង​គ្រប់គ្រង់​បម្រែបម្រួល​អាកាសធាតុ​ថ្នាក់​ជាតិ​របស់​ប្រទេស​កម្ពុជា»​ (M&E)​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជួយ​ក្នុង​ការ​រៀបចំ​គម្រោង​ផែនការ​ពី​កម្រិត​មូល​ដ្ឋាន​ដល់​ថ្នាក់​ជាតិ និង​ផ្តល់​នូវ​ព័ត៌មាន​ចាំ​បាច់​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​បំពេញ​ភារកិច្ច​របស់​ខ្លួន​ ដូច​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​អាកាសធាតុ​ទី​ក្រុង​ ប៉ារីស ​កាល​ពី​ឆ្នាំ​មុន។

លោក Neha Rai ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​បរិស្ថាន និង​អភិវឌ្ឍន៍​អន្តរជាតិ បាន​លើក​ឡើងថា សារៈសំខាន់​របស់​ផែនការ​នេះ​គឺ​មិន​ត្រឹម​តែ​ជួយ​កំណត់​នូវ​គោល​នយោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​នោះ​ទេ គឺ​ថែម​ទាំង​បាន​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​ «ចរចារ​ដើម្បី​ទទួល​បាន​ហិរញ្ញវត្ថុ​សម្រាប់​បញ្ហា​អាកាសធាតុ​ផងដែរ»។

ផែន​ការ​បម្រែ​បម្រួល​អាកាសធាតុ​របស់​ កម្ពុជា ​ត្រូវ​បាន​ដាក់​ចេញ

ផែនទីបង្ហាញ​ពី​ភាព​ងាយ​រងគ្រោះ​ដោយសារ​ភាព​រាំង​ស្ងួត​ក្នុង​បណ្តា​ខេត្ត​នៃ​ប្រទេស​កម្ពុជា។ រូបថត ក្រុម​ប្រឹក្សា​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព

ក្រោម​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស ប្រទេស​កម្ពុជា​នឹង​ប្រកួត​ប្រជែង​ដើម្បី​ទទួល​បាន​ថវិការ​ប្រចាំ​ឆ្នាំ​ប្រមាណ ១០០ ពាន់​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​គេ​ត្រៀម​ទុក​សម្រាប់​ការ​កាត់​បន្ថយ និង ការ​បន្ស៊ាំ​នឹង​បម្រែបម្រួល​អាកាសធាតុ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។​

យោង​ទៅ​តាម​គម្រោង M&E ក្រសួង​ចំនួន ១៤ ដែល​មាន​ផែនការ​បម្រែ​បម្រួល​អាកាសធាតុ​តាម​វិស័យ​របស់​ខ្លួន នឹង​ប្រើប្រាស់​​សូចនាករ ដែល​វាស់វែង​ទៅ​លើ​ទាំង​បញ្ហា និង​ប្រសិទ្ធភាព​នៃ​ដំណោះ​ស្រាយ​គោល​នយោបាយ។ ឧទាហរណ៍ «ការ​វាយ​តម្លៃ​ភាព​ងាយ​រងគ្រោះ​»​នៅ​ឆ្នាំ ២០១៤ បាន​បង្ហាញ​ថា ៤៩ ភាគ​រយ​នៃ​បណ្តា​ឃុំ​ក្នុង​ប្រទេស​កម្ពុជា​បាន​មាន​កម្រិត​ងាយ​រងគ្រោះ​ «ខ្ពស់» ឬ​«បង្គួរ» ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ។

ការ​វាស់វែង​ភាព​ងាយ​គ្រោះ​ពី​គ្រោះ​ទឹកជំនន់ រាំងស្ងួត និង​ខ្យល់​ព្យុះ​ ទំនង​ជា​អាច​​ជួយ​ទៅ​ដល់​ក្រសួង​ទាំង​នោះ​ក្នុង​ការ​បង្កើត​គោល​នយោបាយ​ ឆ្លើយ​តប​ទៅ​នឹង​ឥទ្ធិពល​នៃ​អាកាសធាតុ មាន​ដូចជា​ការ​ទាយ​ពី​កម្រិត​ទិន្នផល​កសិកម្ម ការ​ខូចខាត​ផ្លូវ ឬ ការ​រាតត្បាត​នៃ​ជម្ងឺ។​

លោក ស៊ូ សុជាតិ ជា​នាយក​អង្គការ Live&Learn ដែល​ជា​អង្គការ​អប់រំ​ពី​បរិស្ថាន​ កាល​ពី​ម្សិល​មិញ​បាន​ធ្វើ​ការ​ស្វាគមន៍​ចំពោះ​ផែនការ M&E ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា៖ «​យើង​ត្រូវ​ចាំ​មើល​សិន​ថា វា​ត្រូវ​បាន​អនុវត្ត​យ៉ាង​ដូចម្តេច»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍