ប៉ូលិសស្រីចិត្តធម៌ ទ្រាំមើលនឹង ភ្នែកមិនបាន ក៏សម្រេចបំបៅដោះ ដល់ទារកដែល កំពុងស្រេកឃ្លាន ក្រោយម្តាយ បោះបង់ចោល

អាហ្សង់ទីន៖ ទង្វើរបស់ប៉ូលិសស្រីម្នាក់ បានកំពុងតែធ្វើឲ្យ មនុស្សជាច្រើនមាន ការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង ក្រោយពីរូបគាត់ បានសម្រេចចិត្ត ធ្វើការបំបៅដោះ ដល់ទារកស្រេកឃ្លានម្នាក់ ដែលត្រូវបានម្តាយ យកមកបោះបង់ចោល។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះបាន កើតឡើងនៅក្នុងទីក្រុង Tunuyan របស់ប្រទេសអាហ្សង់ទីន ហើយក្នុងនោះដែរ ទារកម្នាក់នោះត្រូវបាន គេដឹងថាមានអាយុ ត្រឹមតែ១៥ខែប៉ុណ្ណោះ។

បើតាមសម្តីរៀបរាប់ របស់បុរសម្នាក់ ដែលអះអាងថាខ្លួន គឺជាឪពុករបស់ ទារកម្នាក់នោះ បានឲ្យដឹងថា ម្តាយរបស់ទារក បាននាំរូបគេ រត់ចេញពីផ្ទះ ក្រោយពីកើតមានជម្លោះ ជាមួយនឹងខ្លួន ព្រមទាំងឪពុករបស់ខ្លួន ដោយសារតែហេតុនេះ ទើបរូបគេបាន ទៅរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីតាមជួយរក ពួកគេទាំង២នាក់។ ក្រោយមកទើបទទួលបានដំណឹងថា ទារកនោះត្រូវ បានម្តាយដែលមាន វ័យជំទង់នៅឡើយនោះ បានយកទៅបោះចោល ដោយមិនគិតគូរពីសុខទុក្ខ អ្វីឡើយ។

យ៉ាងណាមិញ ប៉ូលិសស្រីចិត្តធម៌ម្នាក់ ឈ្មោះថា Silvina Rojas បានប្រទះឃើញ ទារកនោះយំខ្លាំងពេក ព្រោះតែក្តីស្រេកឃ្លាន ទើបរូបគាត់សម្រេចចិត្ត ជួយសង្រ្គោះដោយ ការបំបៅដោះដល់រូបគេ ភ្លាមៗដោយមិន បានខ្វល់អ្វីទាំងអស់។

ជាមួយគ្នានេះដែរ Rojas ដែលកំពុងមានកូន អាយុ៨ខែដែរនោះ បាននិយាយថា “ទារកម្នាក់នោះ គឺឃ្លានខ្លាំងមែនទែន ដូច្នេះខ្ញុំក៏ បំបៅដោះទៅរូបគេ ហើយវាជារឿងធម្មតាមួយ ប៉ុណ្ណោះដែល យើងគួរតែធ្វើ”។

គូសបញ្ជាក់ផងដែរថា ទង្វើនេះបាន ទទួលការកោតសរសើរ យ៉ាងខ្លាំងពីសំណាក់ មហាជនជាច្រើន ហើយក្នុងនោះដែរ ក៏មានការរាយការណ៍មកថា ម្តាយរបស់ទារកនោះ បានបង្ហាញខ្លួនហើយ តែទោះយ៉ាងណាក្តី ក្រុមភ្នាក់ងារ ការពារកុមារ បានកំពុងតែស៊ើបអង្កេត លើករណីនេះហើយ៕

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត