​ច្បាប់​សហជីព ជា “​កាដូ​” ថ្មី​មួយទៀត​សម្រាប់​កម្ពុជា ក្នុង ការកសាង​សង្គម​ប្រជាធិបតេយ្យ​សេរី មាន​សណ្តាប់ធ្នាប់​!

ភ្នំពេញ:
តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា ក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា អំណាច​នីតិកម្ម​នៃ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​បែប​ប្រជាធិបតេយ្យ​សភានិយម បានផ្តល់ "​កាដូ​" ធំៗ​ជា​បន្តបន្ទាប់ សម្រាប់​ប្រជាជាតិ​កម្ពុជា ក្នុង​ដំណើរការ​បោះជំហាន​ទៅ​មុខជា​ប្រយោជន៍​នៃ​ការថែរក្សា​សន្តិភាព និង សន្តិសុខ​ជាតិ សម្រាប់​ពង្រឹង​ការកសាង "​សង្គម​ប្រជាធិបតេយ្យ​សេរី មាន​សណ្តាប់ធ្នាប់​" មាន​ជាអាទិ៍ ៖
- នីតិកម្ម​នៃ​កំណែទម្រង់​ការបោះឆ្នោត រួមមាន វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​បញ្ញត្តិ​ជំពូក​ថ្មី​ស្តីពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ព្រមទាំង​ច្បាប់​ថ្មី​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អង្គការ​ធម្មនុញ្ញ​នេះ ហើយ​និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​។ គោលដៅ​នៃ​នីតិ​កម្មនេះ គឺ​សំដៅ​លុបបំបាត់​ចលនា​ឧទ្ទាម​និយម​កើតមាន​ក្រោយ​ការបោះឆ្នោត​។​
- ការបង្កើតបាន​នូវ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលជា​នីតិកម្ម​ដ៏​ចាំបាច់​នៃ​ការកំណត់​អត្តសញ្ញាណ​ច្បាស់លាស់​នៃ​ចលករ​សង្គម ក្រោម​ផ្លាក "​សមាគម​" និង "NGO"​។ តាមរយៈ​ច្បាប់​នេះ គឺ​កម្ពុជា អាច​សម្រិតសម្រាំង​ចលករ​សង្គម​ក្នុង​ក្របខ័ណ្ឌ​នីតិរដ្ឋ ទប់ស្កាត់​ការ​ជ្រៀតចូល និង​ជ្រកកោន​ក្រោម​ផ្លាក "​អង្គការសិទ្ធិមនុស្ស​" យក​កម្ពុជា​ធ្វើជា​ឋានសួគ៌​នៃ​ការប្រព្រឹត្ត​អំពើ​ខុសច្បាប់ ក៏ដូចជា ក្រោមលេស​នៃ​ពាក្យ "​ប្រជាធិបតេយ្យ​" "​សេរីភាព​" និង​ពាក្យ "​សិទ្ធិមនុស្ស​" បម្រើ​នយោបាយ​បរទេស សំដៅ​បង្កើត "​ចលករ​នៃ​ការផ្លាស់ប្តូរ​" (Agents for Change) ដោយ​បំពាន​នីត្យានុកូលភាព​នៃ​អំណាច​រដ្ឋ​អធិបតេយ្យ ឯករាជ្យ អ​ព្យា​ក្រិ​ត្យ​អចិន្ត្រៃយ៍ និង​ប្រជាធិបតេយ្យ​របស់​កម្ពុជា​។​
- ឥឡូវនេះ ជា "​កាដូ​" ថ្មី​មួយទៀត​សម្រាប់​ប្រជាជន​កម្ពុជា គឺ​ច្បាប់​សហជីព​។ ក្នុង​ក្របខ័ណ្ឌ​របប​សេដ្ឋកិច្ច​ទីផ្សារសេរី គឺ កម្ពុជា ត្រូវការ​ច្បាប់​នេះ​ជា​ចាំបាច់ ដើម្បី​លើកស្ទួយ​ការគោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក និង​ការយោគយល់​គ្នា​រវាង​និយោជក និង​និ​យោ​ជិ​ក កម្មករ​/​ក​ម្មា​រិ​នី​។ លើសពីនេះទៅទៀត ច្បាប់​សហជីព ធានា​ការពារ​ប្រឆាំងនឹង​ចលនា​បះបោរ​ដែលជា​គោលដៅ​នៃ​វិទ្ធង្សនា​សេដ្ឋកិច្ច ដែល​ប៉ុនប៉ង​បំផ្លាញ​ដំណើរ​វិវត្តន៍​រីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច​ឧស្សាហកម្ម និង​ទេសចរណ៍​។ ដោយសារតែ​កន្លងមក ពុំទាន់​មានច្បាប់​សហជីព ទើប​កម្ពុជា គឺជា​ឋានសួគ៌​របស់​ពួក​ចលនា​ប្រឆាំង​ជ្រក​ក្រោម​ផ្លាក "​អង្គការ​សហជីព​" ជួល​មនុស្ស​មួយចំនួន​ឲ្យ​ធ្វើជា "​ភ្នាក់ងារ​បរទេស​" ញុះញុង អុចអាល បង្កចលាចល ក្នុង​ចេតនា​បង្កើត​រូបភាព​អាក្រក់ សំដៅ​ធ្វើ​ឲ្យ​អ្នកវិនិយោគ​បរទេស​ចាក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ដទៃ ក៏ដូចជា សំដៅ​ធ្វើ​ឲ្យ​អ្នកវិនិយោគ​បរទេស​ដែល​គ្រោង​មក​បណ្តាក់ទុន​នៅ​កម្ពុជា ស្ទាក់ស្ទើរ និង​បង្វែរ​ទិស​ទៅ​ប្រទេស​ផ្សេង​។​
​ដូច្នេះ ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​នៃ​ការអភិវឌ្ឍន៍​ប្រទេសជាតិ គឺ អំណាច​ប្រជាធិបតេយ្យ​នៃ​នីតិកាល​ទី​៥​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​សែន ជា​ប្រមុខ​ដឹកនាំ​បក្ស និង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល បាន និង​កំពុង​ចេញ​នូវ​ផ្លែផ្កា​គ្រឹះ​សំខាន់ៗ​ជាច្រើន​ផ្អែកលើ​នីតិរដ្ឋ​នៃ​ការថែរក្សា​សន្តិភាព និង​សន្តិសុខ​ជាតិ ជា​មូលដ្ឋាន​រៀបចំ "​សង្គម​ប្រជាធិបតេយ្យ​សេរី មាន​សណ្តាប់ធ្នាប់​"​ជាមួយនឹង​លទ្ធភាព​ជាក់ស្តែង​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម សំដៅ​លើកស្ទួយ​ជីវភាព​ប្រជាជន ជា​ជំហានៗ ដោយ​ចីរភាព​៕​

​ច្បាប់​សហជីព ជា "​កាដូ​" ថ្មី​មួយទៀត​សម្រាប់​កម្ពុជា ក្នុង ការកសាង​សង្គម​ប្រជាធិបតេយ្យ​សេរី មាន​សណ្តាប់ធ្នាប់​!