បើស្រវឹង កុំបើកបរអី!

ខេត្តក្រចេះ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​ជិះ​ម៉ូតូ​​​ទៅ​បុក​បង្គោល​ថ្ម​បាំង​ចិញ្ចើម​ផ្លូវ ដោយ​ត្រូវ​គេ​សង្ស័យ​ថា អាច​​បណ្តាល​មក​ពី​ជន​រង​គ្រោះ​ផឹកស្រា​ស្រវឹង ដែល​ហេតុការណ៍​​បង្ក​​ដោយ​ខ្លួនឯង​នេះ កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ មេ​សា ២០១៦ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ។

ជន​រង​គ្រោះ​ឈ្មោះ​អ៊ិ​ត សុភាព អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ បុរី បាក់​.​ក និង​បែកក្បាល​ស្លាប់ នៅ​ពេល​ជិះ​ម៉ូតូ​ទៅ​បុក​បង្គោល​របាំង​ផ្លូវ ។

នគរបាល​ចរាចរណ៍​ឱ្យ​ដឹង​ទៀត​ថា មូលហេតុ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នេះ គឺ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​ផឹកស្រា​ស្រវឹង ទើប​ជិះ​ម៉ូតូ​លឿន​រេ​ចង្កូត​ទៅ​បុក​ជាមួយ​ប​ង្គោល​របាំង​ជ្រោះ​ផ្លូវ បណ្តាល​ឱ្យ​ស្លាប់​។

យ៉ាងណា​ក៏​ដោយ បើ​ទោះបីជា​សព្វថ្ងៃ​នេះ ការ​ចុះ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដូច​ជា​ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង និង​ទប់ស្កាត់​ការ​ប្រើប្រាស់​ល្បឿន​កំណត់ តែ​សកម្មភាព​នេះត្រូវ​គេ​មើលឃើញ​ថា អនុវត្ត​បាន​តែ​នៅ​ក្បែរ​ទីប្រជុំជន ។ ចំ​ណែ​ក​នៅតាម​ជនបទ​លើ​ផ្លូវជាតិ ការ​ប្រើប្រាស់​ល្បឿន​នៅ​តែ​ជា​បញ្ហា​ប្រឈម ហើយ​គ្រោះថ្នាក់ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ល្បឿន​លឿន គួរ​ឱ្យ​ព្រួយបារម្ភ ៕