ចេះ​មក​ទាន់ កុំ​អី​របួស និង​ស្លាប់​ប៉ុន្មាន​នាក់​ទៅ

ខេត្ត​បន្ទាយ​មានជ័យ ៖ គ្រាន់តែ​រាំ​ជាន់​ជើង​គ្នា​ប​ន្តិ​បន្តួច ក្មេង​ទំនើង​២​ក្រុម​បាន​កាន់ដំបង កាំបិត បម្រុង​បើក​ឆាកប្រយុទ្ធ​គ្នា តែ​មិន​បាន​សម្រេច​​ទេ ព្រោះ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ធ្វើការ​ទប់ស្កាត់​​​ទាន់​ពេល និង​ឃាត់ខ្លួន​បាន​ចំនួន​៩​នាក់ មក​ទី​បញ្ជា​ការដ្ឋាន ដើម្បី​ធ្វើការ​អប់រំ ។

ហេតុការណ៍​នេះ កើតឡើង​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៨ មេ​សា ២០១៦ ស្ថិត​នៅ​ចំណុច​មុខ​ក្លិប​កម្សាន្ត​វិមាន​រៀម ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​១០​នាក់​បាន​ដើរ​ល្បាត​នៅ​ពេល​យប់ ក៏​បាន​ប្រទះ​ឃើញ​ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម ប្រដាប់​ដោយ​ដំបង កាំបិត បម្រុង​វាយ​ប្រយុទ្ធ​គ្នា កម្លាំង​កងរាជអាវុធហត្ថ​ក៏​បាន​ធ្វើការ​ទប់ស្កាត់ និង​ចាប់​ឃាត់​ពួក​គេ​យក​មក​ទី​បញ្ជាការ​ដ្ឋា​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយ​ពី​ចាប់​ឃាត់ខ្លួន និង​សួរ​ចម្លើយ​រួច​មក ពួក​គេ​និយាយ​ថា មូលហេតុ​ដែល​ពួក​គេ​បំរុង​វាយប្រហារ​គ្នា​នេះ ក៏​ដោយសារ​តែ​បញ្ហា​រាំ​ជាន់​ជើង​គ្នា ។ ប្រភព​បញ្ជាក់​ថា ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម​នេះ មិន​បង្ក​ឱ្យ​ភាគី​ណា​ម្នាក់​រង​របួស​នោះ​ទេ គ្រាន់តែ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ពួក​គេ​បញ្ឈប់ បង្ក​នូវ​ភាព​អសន្តិសុខ ដែល​នាំ​ឱ្យ​ប៉ះពាល់​សង្គម រួច​កោះហៅ​ឪពុក​ម្តាយ និង​អ​ណា​ព្យាបាល​មក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឱ្យធ្វើ​ការ​អប់រំ​បន្ត ។