ក្រុង​សៀមរាប​រៀបចំ​លម្អ​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ

ខេត្តសៀមរាប ៖ នៅ​យប់​ថ្ងៃ​ទី​៧ មេ​សា លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត រួម​ដំណើរ​ដោយ​លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលក្រុង​សៀមរាប និង​អស់លោក​ជានា​យក​ទីចាត់ការ​ចំណុះ​សាលាខេត្ត បាន​ចុះ​ត្រួតពិនិត្យ ការ​តុបតែង​ភ្លើង​លម្អ​នៅ​តាម​ដងផ្លូវ​សាធារណៈ​ក្នុង​ទីប្រជុំជន ដងស្ទឹង​សៀមរាប និង​តាម​សួនច្បារ​ទ្រូងផ្លូវ​ផង​ដែរ ។

នេះ​ជា​ការ​រៀបចំ​ឲ្យ​មាន​សោភ័ណ​ភាព​កាន់តែ​ស្រស់​ត្រកាល ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ក្នុង​ឱកាស​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ទទួល​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំវក អដ្ឋស័ក ព​.​ស ២៥៦០ ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦ មេ​សា ឆ្នាំ​២០១៦ ខាង​មុខ​នេះ និង​ជា​លើក​ទី​៤​ហើយ​ទាំង​លើក​នេះ​សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប​នេះ​ធ្វើ​ឱ្យ​កិត្តិ​ស័ព្ទ​ប្រពៃណី​ជាតិខ្មែរ​បាន​ល្បីល្បាញ​នៅ​លើ​ពិភពលោក ព្រមទាំង​ទទួល​បាន​ជោគជ័យ​លើ​វិញ្ញាសា​សំខាន់​ៗ នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជា​បន្តបន្ទាប់​ផង​ដែរ ។

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នោះ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៏​បាន​ណែនាំ​ដល់​អនុ​គណៈកម្មការ​រៀបចំ​ការងារ​តុបតែង​លម្អ​ភ្លើង ព្រមទាំង​ការ​ធ្វើ​អនាម័យ​បរិស្ថាន នៅ​តាម​ទីកន្លែង​សាធារណៈ ។ ក្នុង​នោះ​ដែរ​លោក​ក៏​បាន​ធ្វើការ​ជំរុញ​ដល់​ក្រុមបច្ចេកទេស​ត​ភ្ជាប់​ចរន្តអគ្គិសនី​ដើម្បី ធ្វើការ​ត្រួតពិនិត្យ​នូវ​រាល់​ភ្លើង​ដែល​បាន​បំពាក់​តាម​ដងផ្លូវ​សំខាន់​ៗ​ជា​ការ​បង្កើន​សម្រស់​សោភ័ណ​ភាព​ទីក្រុង​នា​ពេល​រាត្រី​ឱ្យ​កាន់តែ​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត​ក្នុង​ឱកាស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​នឹង​ចូល​មក​ដល់ នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។ ម្យ៉ាងទៀត ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​នេះ ដោយ​មានការ​អញ្ជើញ​ចូលរួម​ទស្សនា​ពី​ភរិយា​ឥស្សរជន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ ក្នុង​ការ​ប្រកួត​លើ​វិញ្ញាសា​ផ្សេង​ៗ​ផង​ដែរ ។

លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៏​បាន​ធ្វើការ​ក្រើនរំលឹក​ដល់​អនុ​គណៈកម្មការ​រៀបចំ​ការ​តុបតែង​ភ្លើង​លម្អ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​លើ​ការងារ​របស់​ខ្លួន​ឱ្យ​បានជា​ប្រចាំ និង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បច្ចេកទេស​កា​រត​ភ្ជាប់​ចរន្ត​ភ្លើង កុំឱ្យ​មានការ​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ។ លោក​បណ្ឌិត ក៏​បាន​ដាក់​បទបញ្ជា​ដល់​អាជ្ញាធរ​ក្រុង​សៀមរាប ក្នុង​ការ​រៀបចំ​នូវ​បរិស្ថាន អនាម័យ តាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប ដង​វិ​ថី​នានា សំខាន់​នៅ​ជុំវិញ​បរិវេណ​ព្រះ​វិហារ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ដែល​ជាទី​តាំង​ដ៏​មាន​សារៈសំខាន់​នៅ​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត នា​ថ្ងៃ​ខាង​មុខ​នេះ​ផង​ដែរ ៕