សង្ខារ​​មិន​ទៀង ប្រហែស​បន្តិច​​គឺ​បាត់​បង់

ខេត្តព្រៃវែង ៖ ​បុរស​​​​ចំណាស់​ម្នាក់​​ពេល​ដែល​ចូល​ទៅ​​បោសសំអាត​ក្នុង​តូប​លក់ដូរ​​​ខាង​មុខ​ផ្ទះ ហើយ​​លើកដៃ​ទៅ​ច្រត់​ជញ្ជាំង​​តូប​​​​​ធ្វើ​ពី​​ស​ង្ក័​សី ត្រូវ​បាន​​ចរន្ត​អគ្គិ​ស​នី​ឆក់​ស្លាប់​យ៉ាង​​អាណោ​ច​​អាធ័ម ​ដែល​ហេតុ​ការ​ណ៍​​នេះ ​​​កើតឡើង​កាលពី​វេលា​ម៉ោង​២​​រសៀល​ថ្ងៃ​ទី​៨​មេ​សា ស្ថិតនៅ​ក្នុងផ្ទះ​​​ក្នុងភូមិ​ស្វាយ​អ​ន្ទ​រ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ ​ជន​រង​គ្រោះដែលស្លាប់​​​ឈ្មោះ​អ៊ុ​ន កុយ ​អាយុ​៤៨​ឆ្នាំ ​ជា​កសិករ​។

ប្រភព​ឱ្យ​​ដឹង​ថា មូលហេតុ​​​ធ្វើ​ឱ្យ​​ជន​រង​គ្រោះ​​ឆក់​​ស្លាប់​នោះ គឹ​ដោយសារ​តែ​ខ្សែភ្លើង​ដែល​នៅ​​ជាប់​នឹង​ជញ្ជាំង​ក្នុង​តូប​លក់ដូរ​​នោះ ដាច់​​បែក​​ជ័រ​ខាងក្រៅ​ចេញ​ខ្សែភ្លើង​ខាងក្នុង​ មក​ប៉ះ​នឹង​ជញ្ជាំង ។ គាប់​ជួន​ជញ្ជាំង​តូប​នោះ ​ជា​ដែក​ស​ង្ក័​​សី​ទៀត ទើប​ធ្វើ​ឱ្យ​ឆ្លង​ចរន្ត​អគ្គិស​នី ខណៈ​​ជន​រង​គ្រោះជា​ម្ចាស់​តូប​​មិន​បានដឹង ​។

សមត្ថកិច្ច​ដដែល​​​បញ្ជាក់​ថា ពេល​​កើតហេតុ​នោះ ជន​រង​គ្រោះ​​បាន​ចូល​ទៅ​​បោសសំអាត​ធូលី​ដី​នៅ​ក្នុង​តូប​លក់ដូរ​របស់​ខ្លួន ​ដែល​នៅ​ខាង​មុខ​ផ្ទះ ហើយ​​​បោសសម្អាត​​បាន​មួយ​ស្របក់ ដោយ​ហត់​អស់កម្លាំង​​ក៏​ឈប់ ហើយ​លូកដៃ​ទៅ​ច្រត់​ជញ្ជាំង ប៉ះ​ចំ​ស​ង្ក័​សី​ដែល​មាន​ចរន្ត​ភ្លើង ទើបត្រូវ​ឆក់​រហូត​ដល់​ស្លាប់​តែ​ម្តង ​។ ពេល​ឆក់​នោះ ​ក៏​មាន​អ្នក​បានឃើញ​ដែរ ប៉ុន្តែ​គ្មាន​នរណា​អាច​​ចូល​​ជួយ ដោយ​ម្នាក់​ៗ​ នាំ​គ្នា​គាំង​​អស់ ហើយ​រយៈពេល​នៃ​ការ​ឆក់​នោះ​ ក៏​លឿន​ថែម​ទៀត គឺ​តែ​មួយប៉ព្រិច​​ភ្នែក​ប៉ុណ្ណោះ ជន​រង​គ្រោះ​​ក៏​ដួល​​ទៅ​លើ​ដី និង​​ស្លាប់​​តែម្តង ​។

ក្រោយ​​​កើតហេតុ​​ភ្លាម មនុស្ស​ម្នា​​ក៏​នាំ​គ្នា​ផ្អើល​​ឆោឡោ​ឡើង និង​រាយ​ការ​ណ៍​​ប្រាប់​​ទៅសមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ត្រួត​ពិនិត្យ​រក​ឃើញ​មូលហេតុ ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ឆក់​ស្លាប់ ហើយ​ក៏​បាន​ណែនាំ​ដល់​​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​​មានការ​ប្រុង​ប្រ​យ័ត្ន​ឱ្យ​​បាន​ខ្ពស់ ចំពោះ​កា​រត​​បណ្តាញ​ខ្សែភ្លើង ធ្វើ​យ៉ាងណា​ កុំ​ត​ខ្សែភ្លើង​ជាប់​នឹង​ជញ្ជាំង​​ដែក ហើយ​ខ្សែភ្លើង​ណា​ដែល​ចាស់​ពេក កុំ​ប្រើប្រាស់​អី ព្រោះ​វា​អាច​បង្កឱ្យ​​មាន​គ្រោះថ្នាក់​ ដូច​ជា​ករណី​នេះអ៊ីចឹង ៕