វិធីសាស្ត្រ​ទប់ស្កាត់​ជំងឺ​ឈឺក្បាល​

6 Videos


​ជាទូទៅ​ជំងឺ​ឈឺក្បាល​កើត​នៅលើ​មនុស្ស​សឹងតែ​គ្រប់គ្នា​មិន​ថា​ប្រុស​ឬ​ស្រី ចាស់ឬក្មេងប៉ុន្តែ​ការឈឺ​ក្បាល ​ដែល​កើតមានឡើង​ចំពោះ​មនុស្ស​វ័យ​កណ្តាល​គឺជា​បញ្ហា​ធំជាងគេ ។ មិនត្រឹមតែ​ប៉ុណ្ណោះ​អ្វីដែល​ជាការ​ព្រួយបារម្ភ​ទាក់ទិន​នឹង​ជំងឺ​មួយ​នេះ​គឺ​ការឈឺក្បាល​ជាប្រចាំ​អាច​រួមមាន​ដូចជាជំងឺ​ប្រកាំង​និង​ជំងឺ​ឈឺក្បាលដោយ​សារភាព​តានតឹងជាដើម ។ ដើម្បី​អាច​ទប់ស្កាត់​និង​បង្ការ​ជំងឺ​ប្រភេទ​នេះ​កុំឱ្យ​កើត​លើ​ខ្លួន​អ្នកជា​រៀងរហូត​នោះ ចូរ​ឈ្វេងយល់​ដើម្បី​រកឱ្យឃើញ​ដំណើរ​ដើមទង​ឬ​មូលហេតុ​ដែលនាំឱ្យ​លោកអ្នក​ឈឺក្បាលទើប​អាច​រក​ដំណោះស្រាយ​និង​ព្យាបាល​ឱ្យមាន​ប្រសិទ្ធភាព ។

១-​របប​អាហារ

វិធីសាស្ត្រ​ទប់ស្កាត់​ជំងឺ​ឈឺក្បាល​

​តាម​ការ​សិ​ក្ស​ស្រាវជ្រាវ​បាន​បញ្ជាក់ថា​ក្នុងករណី​ដែល​លោកអ្នក​(​ជាពិសេស​មិត្តៗ​នារី​) តម​អាហារ​កម្រិត​ខ្ពស់​ដោយ​ពុំ​ហ៊ាន​ទទួលទាន​ម្ហូប​ស្ទើរតែ​គ្រប់មុខ​នោះពេលខ្លះ​វា​ក៏​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ប្រព័ន្ធ​ប្រសាទដោយសារ​កង្វះ​អាហារូបត្ថម្ភ​ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រព័ន្ធ​ខួរក្បាល ។ ដូច្នេះ​បញ្ជាក់បាន​ថា ការ​តម​របប​អាហារ​ពិតជា​មិន​ជះឥទ្ធិពល​អាក្រក់​ទេ​តែ​ត្រូវសង្កេតមើល​ពី​ភាព​ញឹកញាប់​នៃ​ការកើត​ជំងឺ​ឈឺក្បាល​របស់លោក​អ្នក​អំ​ឡុងពេល​តម​របប​អាហារ​ពោល​បើសិនជា​បាន​រកឃើញ​ភាពអវិជ្ជមាន​ចូរ​ផ្លាស់ប្តូរ​របប​អាហារ ។​

២-​ភាព​តានតឹង និង តប់ប្រមល់
​ភាព​តានតឹង​ក្នុង​អារម្មណ៍​គឺជា​កត្តា​ចម្បង​ដែលនាំឱ្យ​លោកអ្នក​មាន​ជំងឺ​ឈឺក្បាល ។ គួរ​បញ្ជាក់ថា​របាយការណ៍​ផ្នែក​វេជ្ជសាស្ត្រ​បាន​អះអាងថា កាលណា​លោកអ្នក​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​ប៉ុនណា​ការកើត​ជំងឺឈឺក្បាល​ក៏មាន​ដល់​កម្រិត​នោះ​ដូចគ្នា ។ ដើម្បី​ចៀសវាង​ជំងឺ​ឈឺក្បាល​មិនថា​នៅ​កន្លែងធ្វើការ​នៅ​សាលា​ឬក៏​នៅទីណា​នោះទេ ចូរ​លោកអ្នក​ធ្វើ​ចិត្ត​ឱ្យ​ទូលាយហ៊ាន​ទទួលយក​ការពិត​និង​ចេះ​សម្រាក​លម្ហែកាយ​សម្រួល​ចិត្ត​និងបន្ធូរ​អារម្មណ៍​កុំឱ្យ​មាន​ភាព​តប់ប្រមល់​និង​ភាព​តានតឹង ដែល​វា​ជា​កត្តា​ដ៏​សំខាន់​ជាងគេ​បំផុត​នាំឱ្យមាន​ជំងឺ​ឈឺក្បាល ។

៣-​ភាព​តានតឹង​ប្រព័ន្ធ​សាច់ដុំ​ឆ្អឹង​
​យុគសម័យ​ទំនើប​នេះ​មនុស្ស​ភាគច្រើន​ក្នុង​រយៈពេល​មួយថ្ងៃ​ពេញ​សំងំធ្វើការ​ដោយ​អង្គុយ​នៅតែ​មួយកន្លែង​ភ្នែក​សម្លឹងមើល​តែ​អេក្រង់​កុំព្យូទ័រ​ជាលទ្ធផល​ក្រុមមនុស្ស​ទាំងនេះ​ពិតជា​មាន​ជំងឺ​ឈឺ​មួយ​ចំហៀង​ក្បាល​ជាមិនខាន ។ ករណីនេះ​ពិតជា​ដូច​ទៅនឹង​បញ្ហា​ដែល​អ្នក​កំពុង​ប្រឈម​ណាស់​មែនទេ ? ដូច្នេះ​ចូរ​ធ្វើការ​កែប្រែ​ទម្លាប់​ចាស់ៗ​ទើប​ជាការ​ប្រសើរ​ដោយ​ត្រូវ​ងើប​ដើរ​ឱ្យបាន ៥ នាទីបន្ទាប់ពី​ធ្វើការ​បាន​រយៈពេល​មួយ​ម៉ោង ។ ម្យ៉ាងទៀត​អ្នកជំងឺ​ប្រភេទ​នេះ​គួរ​ចូលរួម​ហាត់ប្រាណ​នៅ​ក្លឹប​យោ​ហ្គា​ជិះ​កង់​ដើរ​កម្សាន្តនិងការធ្វើ​លំ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​ដោយ​ការរត់​ជាដើម ។

៤-​តុល្យភាព​អ័រម៉ូន
​របកគំហើញ​បាន​ពី​ការសិក្សា​ស្រាវជ្រាវ​បញ្ជាក់ថា​កាលបើ​លោកអ្នកមាន​កង្វះ​អ័រម៉ូន​មួយចំនួន​ដូចជា Adrenals ឬក៏ Thyroid ជាដើមច្បាស់​ណាស់​លោកអ្នក​ពិត​ជា​នឹងត្រូវ​ឆ្លងកាត់​បទពិសោធ​នៃ​ការកើត​ជំងឺ​ឈឺក្បាលព្រោះថា​តុល្យភាព​នៃ​កម្រិត​អ័រម៉ូន​ពិត​ជាមាន​សមត្ថភាព​ខ្ពស់​ក្នុងការទទួលខុសត្រូវ​ទៅលើ​ដំណើរការ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​និង​ដំណើរការផលិត​សារជាតិ​នានា​នៅក្នុង​រាងកាយ ។ ក្រៅពីនេះ​កង្វះ​អ័រម៉ូន​ក៏​នឹងធ្វើ​ឱ្យលោកអ្នក​មាន​ជំងឺ​ប្រកាំង​និង​ជំងឺ​ឡើង​សម្ពាធ​ឈាម​ជាដើម ។

៥-​ហ្សែ​ន​ក្នុង​រាងកាយ​
​ជា​រៀងរាល់ថ្ងៃ​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុងតែ​សិក្សា​ទៅលើ​ហ្សែ​ន​មួយរបស់​មនុស្ស​គ្រប់ៗ​រូប​ដើម្បី​រកឱ្យឃើញ​ថា តើ​វា​ពិត​ជាមាន​ជះឥទ្ធិពលឬទាក់ទិន​ទៅនឹង​ការកើត​ជំងឺ​ឈឺក្បាល​ដែរ​ឬក៏​យ៉ាងណា ? ដោយសារតែលទ្ធផល​ពុំទាន់​មាន​ភាពជាក់លាក់​ព្រោះតែ​ស្ថិតនៅក្រោម​ការសិក្សា​ស្រាវជ្រាវបរិបទ​មួយ​នេះ​ក៏​ស្ថិតនៅក្នុង​ភាពស្រពេចស្រពិល​នៅឡើយ​ពោលគឺ​គេអាច​ដឹងបាន​ថា​ហ្សែ​ន​ណាមួយ​ក្នុង​រាងកាយ​ទាក់ទិន​នឹង​ការឈឺ​ក្បាល​ដែរ​ឬ​អត់ល្គឹកណា​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានទទួល​ជោគជ័យ​ក្នុងការ​សិក្សា​ស្រាវជ្រាវ​របស់​ពួកគេ​ជាមុនសិន ៕ បុត្រ​