មូលនិធិ ២៥៛ វី​តា​ល់ ប្រារព្ធ​ពិធី​សង្ឃ​ហ​ធម៌ និង​ស្រង់​ព្រះ​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ជូន​ដូន​ចាស់​ក្រីក្រ​

មូលនិធិ ២៥៛ វី​តា​ល់ ប្រារព្ធ​ពិធី​សង្ឃ​ហ​ធម៌ និង​ស្រង់​ព្រះ​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ជូន​ដូន​ចាស់​ក្រីក្រ​



ព្រៃវែង ៖ ដូន​ចាស់ជរា​ក្រីក្រ​គ្មាន​ទីពឹង ទាំង​អ្នកខ្លះ​ពិកា​ផង​ប្រមាណ​ជាង​៨០​នាក់​នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង បាន​ទទួល​សង្ឃ​ហ​ធម៌ ប្រាក់ឧបត្ថម្ភ និង​ការ​ស្រង់​ព្រះ​(​ងូត​ទឹក​)​យ៉ាង​យកចិត្តទុកដាក់ តាម​បែប​ព្រះពុទ្ធសាសនា​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​វី​តា​ល់​ប្រមាណ​ជាង​៣០​នាក់។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ក្រុមហ៊ុន​វី​តា​ល់​បាន​ប្រារព្ធ​កម្មវិធី​សប្បុរសធម៌​ធំ​បែបនេះ ប៉ុន្តែ​កម្មវិធី​នេះ​ គឺជា​លើកដំបូង​ដែល​មូលនិធិ​២៥៛​វី​តា​ល់ បាន​ផ្សារភ្ជាប់​កម្មវិធី​សប្បុរសធម៌​ជា​មួយ​នឹង​ព្រះពុទ្ធសាសនា ​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​នឹង​ឈាន​មកដល់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

ពិធី​ស្រង់​ព្រះ​នេះ ប្រារព្ធ​ទៅ​នៅ​ស្រុក​មេសាង ដែល​ជា​ស្រុក​ចុងកាត់មាត់ញក​មួយ​ក្នុង​ខេត្ត​ព្រៃវែង ដែល​សព្វថ្ងៃ​កំពុង​ទទួល​ភាព​រាំង​ស្ងួត​ខ្លាំង។ ប្រជាពលរដ្ឋ​ដែល​ពេញ​កម្លាំង​ភាគច្រើន​បាន​ចំណាកស្រុក​ ដើម្បី​រក​ការងារ​នៅ​ទីក្រុង​បន្សល់​នូវ​ចាស់ជរា​ជាច្រើន​នៅ​ក្នុង​ភូមិ។ ដូន​ចាស់​ខ្លះ​រស់​នៅ​យ៉ាង​ពិបាក ខ្វះមុខខ្វះក្រោយ​ព្រោះ​គ្មាន​ទីពឹង​ គ្មាន​កូនចៅ​ឧបត្ថម្ភ ចំណែក​ឯ​ដូន​ចាស់​មួយ​ចំនួន​ទៀត​កំពុង ទទឹង​រង់ចាំ​កូនចៅ​ដែល​ចាក​ចោលផ្ទះ​មក​ផ្ទះ​វិញ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី ដើម្បី​ទទួល​បាន​ឧបត្ថម្ភ សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ការថែទាំ​ពី​ពួកគេ។ ដោយ​ហេតុតែ​បែបនេះហើយ​ ទើប​ក្រុមហ៊ុន​ដែល​ល្បី​ខាង​អំពើ​សប្បុរសធម៌​វី​តា​ល់ បាន​ស្ម័គ្រ​ចិត្ត​ស្កាត់​ពី​ភ្នំពេញ​រាប់​រយ​គីឡូម៉ែត្រ​ដើម្បី​ប្រារព្ធ​ពិធី​ស្រង់​ព្រះ​ដោយ​ចិត្ត​ជ្រះថ្លា​បែបនេះ។

លោកស្រី ជឹ​ង សុគន្ធា​វី នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ និង​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ក្នុងការ​ប្រារព្ធ​កម្មវិធី​ស្រង់​ព្រះ​នេះ​បាន​មាន​ប្រសា​ស​ថា​« ក្នុងនាម​នាង​ខ្ញុំ​ជា​ខ្មែរ​មួយ​រូប នាង​ខ្ញុំ​យល់​ច្បាស់​ពី​សារសំខាន់​ នៃ​កម្មវិធី​ស្រង់​ព្រះ​នាង​ខ្ញុំ​ និង​គ្រួសារ​ គឺ​តែងតែ​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​សន្សំ​កុសលផល​បុណ្យ និង​ដើម្បី​កម្មវិធី​ចម្រើន​ព្រះជន្ម និង​ផ្ដល់​សិរី​សួស្ដី​ដល់​ចាស់ជរា​គ្មាន​ទីពឹង ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ចូល​មកដល់។ ចំពោះ​ចាស់ជរា​ដែល​យើង​នឹង​ផ្ដល់​ជា​ការ​ស្រង់​ព្រះ ​គឺ​សុទ្ធ​សឹង​ជា​ដូន​ជរា​ក្រខ្សត់​គ្មាន​ទីពឹង។ នាង​ខ្ញុំ ក៏ដូចជា​ក្រុមហ៊ុន វី​តា​ល់ សង្ឃឹមថា​កម្មវិធី​​សង្ឃ​ហ​ធម៌​លើក​នេះ​អាច​រក្សា​បុណ្យ​បាន​ច្រើន​ជូន​ត្រលប់​ទៅ​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​វី​តា​ល់ ដែល​តែងតែ​គាំទ្រ​វី​តា​ល់ តាំង​ពី​ដើម​រៀងមក បើ​គ្មាន​ការ​គាំទ្រ​របស់​អតិថិជន​ទេ ក៏​គ្មាន​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​របស់​ដូន​ចាស់ជរា​នេះ​ដែរ​»។

កម្មវិធី​ស្រង់​ព្រះ​វី​តា​ល់​ គឺ​ពិតជា​ពិសេស​ជាង​កម្មវិធី​ធម្មតា ត្រង់​ថា​ដូន​ចាស់​ទាំង​៨០​នាក់​នឹង ទទួល​បានការ​(​ស្រង់​ព្រះ​)​ងូតទឹក​ស្អាត​ខ្លួន​បែប​ព្រះពុទ្ធសាសនា ពួកគាត់​ក៏​នឹង​ទទួល​បាន​ខោអាវ​ថ្មី​មួយ​កំប្លេ ក្រមា​២ អង្ករ​១០​គីឡូ ទឹក​វី​តា​ល់​មួយ​កេស​ធំ ទឹកដោះគោ​ខាប់​៦​កំប៉ុង ត្រីខ​១​ឡូ ថ្នាំពេទ្យ ទឹកស៊ីអ៊ីវ​១​យួរ អំបិល និង​ស្ករ​១​គីឡូ ព្រមទាំង​ថវិកា​៥​ម៉ឺន​រៀល លើសពីនេះទៅទៀត​លោកតា លោក​យាយ​ក៏​ទទួល​បានការ​ញ៉ាំ​ភោជនីយ​អាហារ​យ៉ាង​ឈ្ងុយឆ្ងាញ់​រៀបចំ និង​បម្រើ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុមការងារ​វី​តា​ល់​ទៀត​ផង។

បន្ទាប់ពី​ទទួល​បាន​ការ​ស្រង់​ព្រះ នឹង​ផ្លាស់​ខោអាវ​ថ្មី​ដ៏​ស្រស់​ស្អាត​រួចមក លោកយាយ​ម្នាក់​ឈ្មោះ ដាំ ដា​នី អាយុ​១០៩​ឆ្នាំ ​បាន​សម្ដែង​ភាព​សប្បាយ​រីករាយ​ថា «​ថ្ងៃនេះ​ ខ្ញុំ​សប្បាយចិត្ត​ណាស់​ព្រោះ​បាន​អំណោយ​ច្រើន ហើយ​អាហារ​គេ​ឆ្ងាញ់​ៗ​ទៀត អ្នកធ្វើ​បុណ្យ​ឲ្យ​គេ​បាន​ធ្វើ​ពិធី​ស្រង់​ព្រះ​ឲ្យ​ទៀត​យើង​មិន​ជាប់​សាច់ឈាម​អី​ហ្នឹង​គ្នា យាយ​រំភើប​មែនទែន​»។

កម្មវិធី​ស្រង់​ព្រះ​ត្រូវ​បាន​ដូនតា​ខ្មែរ​អនុវត្ត​តាំងតែ​ពី​ដើម​មក ដោយមាន​ជំនឿ​ថា ជា​ការ​ធ្វើ​បែប​នេះ​គឺជា​ការ​សន្សំ​បុណ្យ​កុសល​បាន​ច្រើន​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា ព្រោះ​ចាស់​ព្រឹទ្ធាចារ្យ ​គឺ​ប្រៀប​បាន​នឹង​ព្រះ​រស់​សម្រាប់​កូនចៅ​គ្រប់គ្នា​។ ដូច្នេះ​ហើយ​ទើប​វី​តា​ល់​បាន​ពាំនាំ​មូលនិធិ​២៥៛ ចូលរួម​ក្នុង​សទ្ធា​ដ៏​ជ្រះថ្លា​នេះ ដើម្បី​សន្សំ​បុណ្យ​កុសល​ត្រឡប់​ទៅ​អតិថិជន​វី​តា​ល់​វិញ ដែល​បាន​ចូលរួម​ចាប់មគ្គផល ២៥៛​ក្នុង​ការ​ជាវ​ទឹក​វី​តា​ល់​មួយ​ដប។ វី​តា​ល់ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ទូទាំង​ប្រទេស ដើម្បី​វី​តាល់​បន្ត គម្រោង ​នៃ​កម្មវិធី​ស្រង់​ព្រះ​នេះ​ជា​រៀងរាល់​ឆ្នាំ នៅ​តាម​បណ្ដា​តំបន់​ដាច់​ស្រយាល​ក្រីក្រ​ដទៃ​ទៀត។

ដោយសារ​តែ​មាន​ការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន វី​តា​ល់ ធ្វើ​ឲ្យ​មូលនិធិ​២៥៛​របស់​វី​តា​ល់​មាន​កញ្ចប់​កាន់តែ​ធំ និង​ដែល​នាង​ខ្ញុំ​គិត​ថា​នេះ​ជា​ឱកាស​ល្អ​ដែល​វី​តា​ល់​គួរតែ​ពាំនាំ​បុណ្យ​កុសល​ពី​កម្មវិធី​ស្រង់​ព្រះ​នេះ ត្រឡប់​ជូន​ដល់​អតិថិជន​វី​តា​ល់​វិញ ឲ្យ​ពួកគាត់​បាន​ចាប់មគ្គផល​ទាំង​អស់​គ្នា​ជាមួយ​វី​តា​ល់​៕​មូលនិធិ ២៥៛ វី​តា​ល់ ប្រារព្ធ​ពិធី​សង្ឃ​ហ​ធម៌ និង​ស្រង់​ព្រះ​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ជូន​ដូន​ចាស់​ក្រីក្រ​
មូលនិធិ ២៥៛ វី​តា​ល់ ប្រារព្ធ​ពិធី​សង្ឃ​ហ​ធម៌ និង​ស្រង់​ព្រះ​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ជូន​ដូន​ចាស់​ក្រីក្រ​