ស្រុក​ឱរ៉ាល់​រៀប​ផែនការ ​សម្រាប់​សន្តិសុខ​សណ្ដាប់ធ្នាប់​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ស្រុក​ឱរ៉ាល់​រៀប​ផែនការ ​សម្រាប់​សន្តិសុខ​សណ្ដាប់ធ្នាប់​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ



កំពង់ស្ពឺ ​៖ ​​ដើម្បី​ធានា​ឲ្យ​បាន​ការងារ​ការពារ សន្តិសុខ​ សុវត្ថិភាព ​រក្សា​សណ្ដាប់ធ្នាប់ ​ជូន​ប្រជាពលរដ្ឋ​ បង្ក​ចលនា​មហាជន​នៅ​តាម​លំនៅឋាន សួន​កម្សាន្ត​សាធារណៈ​នោះ ​កម្លាំង​អាវុធហត្ថ​ស្រុក​ឱរ៉ាល់ ​​បាន​រៀបចំ​ផែនការ​រឹត​​បន្តឹង​តាម​ដង​ផ្លូវ​សាធារណៈ​ក្នុង​ពេល​ពលរដ្ឋ​ធ្វើដំណើរ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​យើង។

ផែនការ​រឹត​បន្តឹង​នេះ ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រៀបចំ​ផែនការ​ការពារ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ជា​ប្រពៃណី​ជាតិ នៅ​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឱរ៉ាល់ ​នា​ថ្ងៃ​ទី​០៨​ ខែ​មេសា ឆ្នាំ​២០១៦​នេះ ​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ត្រី​ជូ សារុន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ។

លោក​វរសេនីយ៍ត្រី​ សោម ពុទ្ធ​តារា​ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឱរ៉ាល់​បាន​ប្រាប់​នាយ និង​ពល​អាវុធហត្ថ មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ថា សូម​ឲ្យ​ផ្ដោត​លើ​ការងារ​យកចិត្តទុកដាក់ រាល់​កិច្ចការ​ការពារ​សន្តិសុខ​ចាប់តាំង​ពី​ថ្ងៃ​ទី ១១​ខែ​មេសា ឆ្នាំ​២០១៦​មុន​បុណ្យចូលឆ្នាំ​នេះ​តទៅ។ ​
លោក​មេបញ្ជាការ​បាន​លើក​ឡើង​ទៀត​ថា ផ្អែក​តាម​ការពិនិត្យ​សភាពការណ៍​ជាក់ស្ដែង​ឆ្នាំ​កន្លងមក នៅ​តាម​ទី​កម្សាន្ត​សាធារណៈ​នានា​នៅតែ​បន្ត កើតមាន​អំពើ​អសន្តិសុខ ដែល​បង្ក​ឡើង​ ដោយ​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន ​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ បង្ហោះ​​ ប្រណាំង​ម៉ូតូ ជាពិសេស​បំផ្ទុះ​បំពង់ស៊ីម៉ាំង ស្រែក​ហ៊ោកញ្ជ្រៀវ​ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ភ្ញៀវ​ទេសចរ​​ ក៏ដូចជា​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ជាតិ និង​អន្តរជាតិ​ក្នុង​មូលដ្ឋាន និង​ណែនាំ​អប់រំ​ឲ្យ​ខាងតែ​បាន មិន​យោគយល់​នោះ​ឡើយ។ ក្នុង​ឱកាស​នោះ​មេបញ្ជាការ​បាន​ចែក​វត្ថុ​អនុស្សាវរីយ​មាន មី សារុង អង្រឹង ម្នាក់ ១ លុយ​ម្នាក់​៥០០០០ រៀល​សម្រាប់​បុណ្យចូលឆ្នាំ​នេះ​ដែរ។

សូម​រំលឹក​ថា ​នា​ឱកាស​បុណ្យ​ចូល​ជា​ប្រពៃណី​ជាតិ​ជា​រៀងរាល់​ឆ្នាំ គេ​សង្កេត​ឃើញ​ថា ​នៅតែ​បន្ត​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើតមាន ​គ្រាន់តែ​កើត​នៅ​តាម​ទី​ជនបទ​ម្ដង ដោយសារតែ​ប្រជាពលរដ្ឋ​បាន​ចាក​ចេញពី​រាជធានី​ទៅកាន់​ស្រុកកំណើត​ដោយ​គំហុក​នា​ឱកាស​បុណ្យចូលឆ្នាំ​ម្ដង​ៗ។

បង​បង្អូន​ប្រជាពលរដ្ឋ​ ដែល​បាន​ជួបជុំ​សាច់ញាតិ​ក៏​គេ​បាន​សង្កេត​ឃើញ​ថា ​មានការ​ជួបជុំគ្នា ហូបចុក​គ្រឿង​ស្រវឹង​​ស្ទើរ​គ្រប់​លំនៅឋាន ដែល​ទង្វើ​នេះ​មនុស្ស​មួយ​ចំនួន​បាន​បង្ក​ទំនាស់ និង​ជួប​គ្រោះថ្នាក់​ចរាចរណ៍ និង​មានរឿង​ផ្សេងៗ​ជាយថាហេតុ ហើយ​ជា​ញឹកញាប់​អាច​បង្ក​ជា​រឿង​អំពើ​មនុស្សឃាត​ផង​នោះ​ដែរ។ ដើម្បី​កុំ​ឲ្យ​កើត​មាន​នៅ​អំពើ​ទាំងឡាយ​ដែល​ផ្ទុយ​អំពី​ច្បាប់​នោះ​ មានតែ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​គោរព​ច្បាប់​ទាំង​អស់​គ្នា ហើយ​នាំ​គ្នា​​​ចូលរួម​បង្ក​ការ​សប្បាយ​ៗ​ទាំង​អស់​គ្នា ក្នុង​នោះ​មិន​ត្រូវ​លេងល្បែង​ណា​ ដែល​ច្បាប់​បាន​ហាមឃាត់​នោះ​ឡើយ៕