ប្រតិភូ​២​ខេត្ត​មក​ពី​ប្រទេស​វៀតណាម ​មក​សួរសុខទុក្ខ​មន្ត្រី​រាជការ​នៅ​ខេត្ត​កំពង់ស្ពឺ

ប្រតិភូ​២​ខេត្ត​មក​ពី​ប្រទេស​វៀតណាម ​មក​សួរសុខទុក្ខ​មន្ត្រី​រាជការ​នៅ​ខេត្ត​កំពង់ស្ពឺ



កំពង់ស្ពឺ​ ៖ ​​នៅ​រសៀល​ថ្ងៃ​ទី​០៧​ ខែ​មេសា ​ឆ្នាំ​២០១៦ ​ប្រតិភូ​ប្រទេស​វៀតណាម ដឹកនាំ​ដោយ​លោក​ជុំទាវ វ៉ ធី​អាន់​ស៊ុ​ង លេខា​បក្ស​ខេត្ត​អាងយ៉ាង បាន​អញ្ជើញ​ធ្វើដំណើរ​ទស្សនកិច្ច​សួរ​សុខទុក្ខ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ នៅ​តំបន់​សឹក​រង​ខេត្ត​កំពង់ស្ពឺ។

លោក​វ៉ី សំណាង ​អភិបាល​ខេត្ត​កំពង់ស្ពឺ ​ថ្លែង​ស្វាគមន៍​ចំពោះ​ប្រតិភូ​ថា កម្ពុជា វៀតណាម ធ្លាប់​មាន​ចំណង​សាមគ្គីភាព​តាំងពី​យូរ​អង្វែង​មិន​អាច​កាត់ថ្លៃ​បាន ​ហើយ​វៀតណាម​ក៏​ធ្លាប់​បាន​ជួយ​រុញច្រាន​របប​ខ្មៅ​ងងឹត​ខ្មែរក្រហម​ឲ្យ​ផុត​ពី​ការត្រួតត្រា ដោយ​ការ​កាប់សម្លាប់​ប្រជាជន​ឯង។ ក្នុង​នាម​ជា​តំណាង​ឲ្យ​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ក៏​សូម​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​ក៏​ដូច​ជា​ប្រជាជន វៀតណាម​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ​ផង​ដែរ។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​មេសា ​ប្រតិភូ​ប្រទេស​វៀតណាម​ ដឹកនាំ​ដោយ​លោក​ត្រឹង វ៉ាង់​ទូ អភិបាល​រង​ខេត្ត​ តំណាង​លោក​អភិបាលខេត្ត​វិញ​ឡុង​សាធារណរដ្ឋ​វៀតណាម​រួម​ទាំង​គណៈប្រតិភូ​អម​ដំណើរ​មួយ​ចំនួន ក៏បាន​អញ្ជើញ​មក​សួរសុខទុក្ខ​មន្ត្រី​រាជការ​ក្នុង​ខេត្ត​ផង​ដែរ។

ជំនួស​មុខ​ឲ្យ​មន្ត្រីរាជការ​ ប្រជាពលរដ្ឋ ​ក្នុងនាម​អាជ្ញាធរ​ខេត្ត​លោក​អភិបាល​សូម​សម្ដែង​នៅ​ការ​សាទរ​ដល់​ស្មារតី​រាប់អាន​ក្នុងនាម​ប្រទេសជិតខាង ភូមិ​ផង​របង​ជាមួយ ជាពិសេស​សាមគ្គីភាព សហការ​ប្រតិបត្តិការ អន្តរជាតិ​ផងដែរ។

លោក​អភិបាល​បានលើកឡើង​ទៀតថា ប្រទេស​វៀតណាម និង​កម្ពុ​ជា​មាន​ចំណង​សាមគ្គី​ភាពជា​មិត្ត​ធ្លាប់ជួយ​វាយ​ផ្តួល​រំលំ​របប​ខ្មែរ​ដែល​បាន​កាប់សម្លាប់​ប្រជាជន​ខ្លួនឯង​យ៉ាង​សាហាវ​ព្រៃផ្សៃ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៧០។

លោក​ត្រឹង វ៉ាង់​ទូ ​អភិបាលរង​ខេត្ត​វិញ​ឡុង​ ប្រទេស​វៀតណាម​បាន​លើក​ឡើង​ថា ​សូម​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​នៃ​ខេត្ត​កំពង់ស្ពឺ បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ឱកាស​ចូល​ឆ្នាំ​នា​ពេល​នេះ ហើយ​ខេត្ត​វិញ​ឡុង​របស់​វៀតណាម និង​ខេត្ត​កំពង់ស្ពឺ​របស់​កម្ពុ​ជា​នឹង​បន្ត​សហប្រតិបត្តិការ​ឲ្យ​បាន​ល្អ​ ហើយ​ប្រជាជន​នៃ​សាធារណរដ្ឋ​វៀតណាម ​ព្រមទាំង​ថ្នាក់ដឹកនាំ​វៀតណាម​សូម​ជូនពរ​ដល់​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ។ នៅ​ថ្ងៃ​ដដែល​ក្រុម​គណៈប្រតិភូ​វៀតណាម​នេះ​បាន​អញ្ជើញ​ចូល​សួរសុខទុក្ខ​នាយ​ទាហាន ​នាយ​ទា​ហាន​រង​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ នោះ​ផងដែរ។ ចំណុច​ជាច្រើន​ក្នុង​ការងារ​ទំនាក់ទំនង​រវាង​កងកម្លាំង​ និង​កងកម្លាំង​ជា​ប្រទេសជិតខាង​គ្នា និង​ឈ​លើ​ស្មារតី​សាមគ្គី​គ្នា​នោះ​ដែរ។

សូម​រំលឹក​ថា ​ខេត្ត​វិញ​ឡុង​គឺជា​ដៃគូ​ពាណិជ្ជកម្ម​យ៉ាង​ជិតស្និទ្ធ និង​ធ្លាប់​បាន​ធ្វើ​ពិធី​តាំង​ពិព័រណ៍​ផលិតផល​ខេត្ត​វិញ​ឡុង​ជា​ញឹកញាប់​រួច​ទៅ​ហើយ។ ចំពោះ​ខេត្ត​អាងយ៉ាង ក៏បាន​សហការ​ល្អ​រវាង​កងទ័ព​កម្ពុជា វៀតណាម​ថែមទាំង​បាន​ជួយ​ឧបត្ថម្ភ​សាងសង់​អាគារ​កងទ័ព​ដល់​តំបន់​សឹក​រង​ខេត្ត​ផង​នោះ​ដែរ។

នា​ឱកាស​ទទួល​ប្រតិភូ​វៀតណាម​ក៏​មាន​វត្តមាន​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អស់លោក លោកស្រី​ កងកម្លាំង​ទាំង​បី​ប្រភេទ ​មន្ត្រី​រាជការ ចូលរួម​ដែរ៕