ជិត​ចូលឆ្នាំ​គេ​ទៅលេង​ស្រុកកំណើត​តែ​យុវជន​ពីរ​នាក់​នេះ​បែរជា​ទៅលេង​គុក​វិញ

ជិត​ចូលឆ្នាំ​គេ​ទៅលេង​ស្រុកកំណើត​តែ​យុវជន​ពីរ​នាក់​នេះ​បែរជា​ទៅលេង​គុក​វិញ



​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្ដិ៍​ចោមចៅ​ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​ល្បាត​សង្ស័យ​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ពីរ​កញ្ចប់​នៅ​ជាប់​នឹង​ខ្លួន​ជា​វត្ថុ​តាង​នៅ​ពេល​នគរបាល​សួរនាំ​គេ​ឆ្លើយ​ថា​ ទិញ​យក​ទៅ​សេព​នៅ​ឯ​ស្រុកកំណើត​ទេ។

ការ​ឃាត់​ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២២​យប់​ថ្ងៃ​ទី​៨ ​ខែមេសា​ ឆ្នាំ​២០១៦​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ព្រៃទា ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនជាប់ចោទ​ទី​១​ឈ្មោះ ហ៊ាន ទិ​ត្យ​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ផ្ទះជួល​ ភូមិ​ត្រពាំង​ជ្រៃ ​សង្កាត់​កា​កាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​២​ឈ្មោះ​ស៊ីវ សិលា​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ជាមួយគ្នា និង​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង​ជាមួយគ្នា​ដែរ​។

ជនសង្ស័យ​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០១៣​ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1C -8634។
តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ​នគរបាល​បាន​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន ហើយ​បាន​ឃើញ​ជនសង្ស័យ​ពីរ​នាក់​នេះ​បាន​អង្គុយ​លើ​ម៉ូតូ​ដោយមាន​ការសង្ស័យ​ព្រោះ​យប់​តៅ​ហើយ​មិន​ព្រម​ទៅ​ដេក​ពួន​ទៀត​នៅ​ពេល​ចូលទៅ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ពីរ​កញ្ចប់​នៅ​ជាប់​នឹង​ខ្លួន​ពួកគេ។

បន្ទាប់ពី​ធ្វើការ​សួរនាំ​ជនសង្ស័យ​បាន​ឆ្លើយ​ថា ​ថ្នាំ​នេះ​ខ្លួន​ទិញ​ទុក​យក​ទៅ​សេព​នៅឯ​ស្រុកកំណើត​ទេ​។ នគរបាល​បាន​បញ្ជូន​ទៅ​ប៉ុស្ដិ៍​ចោមចៅ​ដើម្បី​សួរនាំ​កសាង​ឯកសារ​បញ្ជូន​ទៅកាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ចាត់ការ​បន្ត​តាម​នីតិវិធី៕