ផ្ទុះ​កក្រើក​គ្រាប់​បេ​៤០​ចាស់​១​គ្រាប់​ ត្រូវ​កសិករ​ម្នាក់ ​រង​របួស​ធ្ងន់​

ផ្ទុះ​កក្រើក​គ្រាប់​បេ​៤០​ចាស់​១​គ្រាប់​ ត្រូវ​កសិករ​ម្នាក់ ​រង​របួស​ធ្ងន់​



ព្រះវិហារ ៖ កសិករ​ម្នាក់ រង​របួស​ធ្ងន់​ កាលពី​វេលា​ម៉ោង​១០​ព្រឹក ​ថ្ងៃ​ទី​០៩​ ខែ​មេសា​ ឆ្នាំ​២០១៦​នេះ​ដោយសារ​ផ្ទុះ​គ្រាប់​ចាស់​១​គ្រាប់​កប់​ក្នុង​ដី​ ខណៈ​គាត់​កំពុង​កាប់​គាស់​គុម្ព​ឫស្សី​ក្នុង​ភូមិ​ ដើម្បី​សម្អាត​ដី​សាង​សង់ផ្ទះ​ អកុសល​កាប់​ចំក្បាល​គ្រាប់​ក៏​ផ្ទុះ​កក្រើក​តែម្ដង។

ទីតាំង​កើតហេតុ​ការណ៍​ស្ថិតនៅ​ខាងកើត​សាលា​អនុវិទ្យាល័យ​ភូមិ​ស្វាយប៉ាត ​ឃុំ​រំដោះ​ស្រុក​រវៀង ​ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​រវៀង ​និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដឹក​យក​មក​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាន​ទាន់​ពេលវេលា។

លោក ​សាយ​ ដេ​ត​ អធិការ​នគរបាល​ស្រុក​រវៀង​បានឲ្យ​ដឹងថា​ ជនរងគ្រោះ​មុខរបរ​កសិករ​បាន​រង​របួសធ្ងន់​ពេល​គាត់​កំពុង​កាប់​ដី​របស់​គាត់​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​ ក៏​ប៉ះចំ​ក្បាល​គ្រាប់​ ហើយ​ផ្ទុះ​ទៅ​ត្រូវ​ជនរងគ្រោះ​តែម្ដង ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​មេសា​នេះ ​ស្ថិតនៅ​ខាងកើត​សាលា​អនុវិទ្យាល័យ​ស្វាយ​ប៉ាត​។ ​លោក​អធិការ​បញ្ជាក់​ថា ​គ្រាប់​ដែល​ផ្ទុះ​នោះ​ជា​ប្រភេទ​គ្រាប់​បេ​៤០​ចាស់ ​ដែល​នៅ​សេសសល់​កប់​ក្នុង​ដី។

សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា ​ជនរងគ្រោះ​ឈ្មោះថា ​ស៊ី​ណាត​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ មុខរបរ​កសិករ ​រស់នៅ​ភូមិ​ស្វាយ​ប៉ាត​ ឃុំ​រំដោះ​ ស្រុក​រវៀង ​មាន​ប្រពន្ធ​ឈ្មោះ ​ក្រូច ​ថា​ន​ អាយុ​៣៩​ឆ្នាំ​ មុខរបរ​កសិករ​មាន​កូន​ក្នុង​បន្ទុក​ចំនួន​០៤​នាក់​។

​មុន​កើតហេតុ​ការណ៍​ ជនរងគ្រោះ​បាន​យក​ចបកាប់​ទៅ​កាប់​គាស់​គុម្ព​ឫស្សី​ក្នុង​ដី​ភូមិ​មួយ​កន្លែង​ ដើម្បី​រៀបចំ​សង់ផ្ទះ​ក៏​ប៉ះចំ​ក្បាល​គ្រាប់​បេ​៤០​ ផ្ទុះ​ទៅ​ចំ​ជនរងគ្រោះ​តែម្ដង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​០៩​មេសា​នេះ។

ទីតាំង​ដី​កើតហេតុ​ខាងលើ​មាន​ទំហំ​២០​ម៉ែត្រ​បួន​ជ្រុង​ជា​ដី​ថ្មី​ ដែល​បងប្អូន​បរិច្ចាគ​ឲ្យ​សង់ផ្ទះ​នៅ​។​ ជនរងគ្រោះ​មាន​ស្ថានភាព​របួស ​ត្រូវ​អំបែង​គ្រាប់​ចំ​ស្មា​សងខាង​ចំ​ចង្កា​ និង​មាត់​ ហើយ​បាក់​ធ្មេញ​មុខ​ខ្ទេច​អស់​បណ្តាល​ឲ្យ​ហូរ​ឈាម​ស្រក់​ជោក​ខោ​គួរ​ឲ្យ​សង្វេគ​។​ ជនរងគ្រោះ​អាច​ត្រូវ​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ​ព្យាបាល​ផុត​ពី​សេចក្តី​ស្លាប់​នៅ​ថ្ងៃ​នេះ៕