ក្រុម​ការងារ​ឃុំ​ត្នោត​ ស្រុក​កញ្ជៀច​បើក​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ចុង​សប្ដាហ៍

ក្រុម​ការងារ​ឃុំ​ត្នោត​ ស្រុក​កញ្ជៀច​បើក​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ចុង​សប្ដាហ៍



ព្រៃវែង ​៖​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​០៩ ​ខែ​មេសា ឆ្នាំ​២០១៦ ​លោក​ឡុង ស្រេង ប្រធាន​ក្រុមការងារ​ឃុំ​ត្នោត ស្រុក​កញ្ជៀច ខេត្ត​ព្រៃវែង និង​សហការី ​បាន​ដឹកនាំ​ការប្រកួត​កីឡាបាល់ទាត់​នៅ​ក្នុង​អនុវិទ្យាល័យ​ត្នោត ដោយ​មាន​ប្រជាពលរដ្ឋ លោក​គ្រូ​ អ្នកគ្រូ សិស្សានុសិស្ស​ជាច្រើន​មកពី​អនុវិទ្យាល័យ​ចំនួន​៣ ក្នុងស្រុក​កញ្ជៀច​បាន​ចូលរួម​យ៉ាង​កុះករ​ប្រកបដោយ​ក្ដី​សោមនស្ស​រីករាយ។

ក្រុម​កីឡាករ ​ដែល​ចូលរួម​ការប្រកួត​មិត្តភាព​នេះ​ មាន​៦​ក្រុម​មកពី​អនុវិទ្យាល័យ​ចំនួន​៣ ​ក្នុង​ស្រុក​កញ្ជៀច ​មាន​ឃុំ​ត្នោត​ ឃុំ​គោក​គង់​លិច ​ឃុំ​ស្វាយ​រមៀត ​ជាពិសេស​មាន​ក្រុម​កីឡាករ​យុវតី​ចំនួន​២​ក្រុម​នៃ​អនុវិទ្យាល័យ​ត្នោត​ ក៏​​ត្រូវ​បាន​ក្រុមការងារ​រៀបចំ​ឲ្យ​មាន​ការចូលរួម​ប្រកួត​ផង​ដែរ។

អ្វី​ដែល​ពិសេស​ក្នុង​សប្ដាហ៍​នេះ​គឺ​លោក​ប្រធាន​ក្រុមការងារ​បាន​បង្កើត​ឲ្យ​មាន​ក្រុម​កីឡាករ​វ័យ​ចំណាស់​ដើម្បី​ចូលរួម​ការប្រកួត​​​មិត្តភាព​​ផង​ដែរ​ដើម្បី​សុខភាព។

សម្ភារៈ​កីឡា ​សំលៀកបំពាក់ ​ស្បែកជើង​កីឡា ​បាល់​ ស្រោមដៃ សម្រាប់​កីឡាករ​ជា​ច្រើន​ក្រុម​ដែល​បាន​បង្កើត​ឡើង​នេះ​ សុទ្ធតែ​ត្រូវ​បាន​ឧបត្ថម្ភ​ ដោយ​ក្រុមការងារ​ទាំង​អស់។

សម្រាប់​សប្ដាហ៍​នេះ​ ការ​រៀបចំ​ការប្រកួត​ជា​មិត្តភាព ត្រូវ​បាន​ក្រុមការងារ​រៀបចំ​ឲ្យ​មាន​អាហារ​សម្រន់​ នំប៉័ង​សម្ល​ការី និង​ភេសជ្ជៈ​ផ្សេងៗ​ទៀត​សម្រាប់​កីឡាករ​ទាំង​អស់ និង​អ្នក​ចូលរួម​ទស្សនា៕