ជនជាតិ​ចិន​ម្នាក់ ​ដើរ​មិន​ប្រកាន់​ស្ដាំ ​ត្រូវ​ម៉ូតូ​បុក​ស្លាប់ អ្នក​បុក​រត់​បាត់​

ជនជាតិ​ចិន​ម្នាក់ ​ដើរ​មិន​ប្រកាន់​ស្ដាំ ​ត្រូវ​ម៉ូតូ​បុក​ស្លាប់ អ្នក​បុក​រត់​បាត់​



ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ ខណៈ​ពេល​ដើរ​ចេញពីផ្ទះ​សំណាក់​តាម​បណ្ដោយ​ផ្លូវ​បេតុង​មិន​បាន​ប្រកាន់​ស្ដាំ ស្រាប់​តែ​មាន​បុរស​ម្នាក់​បើក​ម៉ូតូ​មក​យ៉ាង​លឿន​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ ដោយ​ខំ​គេច​ពី​ម៉ូតូ​មួយ​គ្រឿង​ទៀត ​បាន​ជ្រុល​ទៅ​បុក​ជនជាតិ​ចិន​នោះ​ស្លាប់​តែម្ដង​ ហើយ​អ្នក​បុក​ដោយ​ឃើញ​ស្ថាន​ភាព​បែបនេះ​បាន​រត់ចោល​ម៉ូតូ​បាត់ស្រមោល​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​២​និង​៣០​នាទី​យប់​ថ្ងៃទី​៨​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ស្ថិត​ក្នុងភូមិ​កន្ទោក​ខាង​ជើង ​សង្កាត់​កន្ទោក ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ជន​ជាតិចិន​មាន ឈ្មោះ​ ឡៅ ទឹ​ន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​បុគ្គលិក​រោងចក្រ​ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​ ម៉ូតូ​បង្កហេតុ ​ម៉ាក​ហុងដា​ស៊ូមមើ​អ៊ិច ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FQ 9464 ម្ចាស់​ម៉ូតូ​បាន​រត់​គេច​ខ្លួន​បាត់​ក្រោយពេល​កើតហេតុ​។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​រូប​នេះ​ បាន​ចេញពី​ផ្ទះសំណាក់​ក្នុងភូមិ​ខាងលើ ​ដោយ​ដើរ​មិន​ប្រកាន់​ស្ដាំ​ទេ​ គាត់​ដើរ​សសៀរ​តាម​ខាងឆ្វេង​ដៃ​ពី​ជើង​ ទៅ​ត្បូង ​ពេលនោះ​មាន​ម៉ូតូ​បង្ក​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ ទៅ​ជើង ​បញ្ច្រាស​ទិសដៅ​គ្នា​​បើក​យ៉ាង​លឿន នៅពេល​មកដល់​ចំណុច​កើ​តហេតុ​បាន​គេច​ពី​ម៉ូតូ​មួយ​គ្រឿង​ទៀត ​ដែល​បើក​បញ្ច្រាសទិស​គ្នា​ដែរ ពេល​គេច​នោះ​បាន​ជ្រុល​ចង្កូត​មក​បុក​ជនជាតិ​ចិន​ ដែល​កំពុង​ដើរ​នោះ​ប​ណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​មួយ​រំពេច​តែម្ដង​។​

ប្រភព​បន្ដ​ថា​ នៅពេល​ឃើញ​ជនរងគ្រោះ​ដួល​របួសធ្ងន់​បែបនេះ​ ជន​បង្ក​បាន​រត់គេច​ចេញពី​កន្លែង​កើត​ហេតុ​បាត់​ ដោយ​ទុក​ម៉ូតូ​នៅ​ទីនោះ​។ ​ជាមួយ​គ្នា​នេះ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង ​បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ​ធ្វើ​កំណត់ហេតុ​ និង​ទាក់ទង​ទៅ​ស្ថានទូត​ចិន​ ដើម្បី​រាយការណ៍​ពី​ការ​ស្លាប់​របស់​ជនជាតិ​ចិន​រូប​នេះ ហើយ​ម៉ូតូ​របស់​ជន​បង្ក ​ត្រូវ​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​នៅពេល​ក្រោយ​៕

ជនជាតិ​ចិន​ម្នាក់ ​ដើរ​មិន​ប្រកាន់​ស្ដាំ ​ត្រូវ​ម៉ូតូ​បុក​ស្លាប់ អ្នក​បុក​រត់​បាត់​