ចៅសង្កាត់​ចាក់​អង្រែ​ក្រោម ​ចុះ​ស្តារ​សំរាម​តាម​រណ្ដៅ​លូ​ក្នុង​មូលដ្ឋាន​

ចៅសង្កាត់​ចាក់​អង្រែ​ក្រោម ​ចុះ​ស្តារ​សំរាម​តាម​រណ្ដៅ​លូ​ក្នុង​មូលដ្ឋាន​



ភ្នំពេញ ៖ លោក ជា សុ​ខៃ ចៅ​សង្កាត់​ចាក់​អង្រែ​ក្រោម បាន​បន្ត​ចុះ​ស្តារ​សំរាម​តាម​អណ្ដូង​លូ​ក្នុង​មូលដ្ឋាន ​ដោយ​សហការ​ជាមួយ​អង្គភាព​លូទឹក​ ដើម្បី​កុំ​ឲ្យ​ស្ទះ​ទឹក​នាំ​លិចលង់​លំនៅ​ដ្ឋា​ន​ប្រជាជន​និង​ផ្លូវ​សាធារណៈ។

លោក ជា សុ​ខៃ បាន​មាន​ប្រសាសន៍​ថា​ នៅ​អំឡុង​ពេល​មួយ​សប្ដាហ៍​កន្លង​ទៅ​នេះ​ លោក​បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ ដោយ​សហការ​ជាមួយ​អង្គភាព​លូ​ទឹក​ចុះ​ស្តារ​សំរាម​ និង​បូម​តាម​អណ្ដូង​លូ​ដែល​មាន​សំរាម​ស្ទះ​ ហើយ​កន្លែង​ដែល​ស្ទះ ​គឺ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ចម្ងាយ​ជាង​៤០០​ម៉ែត្រ​ ក្រៅពីនោះ​ជា​អណ្ដូង​លូ​ក្នុង​ភូមិ​។​

លោក​ចៅសង្កាត់​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ការ​ចុះ​ស្តា​សំរាម​តាម​អណ្តូង​លូ​ គឺធ្វើឡើង​ជាប្រចាំ​ធ្វើយ៉ាងណា​កុំ​ឲ្យ​លំបាក​ដល់​ប្រជាពលរដ្ឋ ​ពិសេស​ប៉ះពាល់​ដល់​សុខភាព​។

ក្នុង​នោះ​ដែរ​ លោក​ចៅសង្កាត់​ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ជាប់​ដង​ផ្លូវ ​និង​អ្នកមាន​អណ្ដូង​លូ​នៅ​ក្បែរ​ផ្ទះ ​សូម​ចូលរួម​ថែទាំ​ ហើយ​កុំ​យក​សំរាម​បោះ​ចូល​ទៅ​ក្នុង​អណ្ដូង​លូ​ដែល​នាំ​ឲ្យ​ស្ទះ​ទឹក​ហូរ​ទៅ​លូ​ធំមិនបាន​។​ បើទោះជា​យ៉ាងណា​ លោក​តែងតែ​ដឹកនាំ​កម្លាំង​ចុះ​ស្តារ​ជាប្រចាំ​ព្រោះ​នេះ​ជា​ភារកិច្ច​របស់​អាជ្ញាធរ​៕