ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​មួយ​ចំនួន​នៅ​តែ​ប្ដេជ្ញា​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត

អង្គការ​សមាគម​ខ្មែរ-​អាមេរិកាំង មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មក​កាន់​រដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មេសា ខាង​មុខ។

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ចាត់​ទុក​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត ថា​ជា​សញ្ញា​អាក្រក់​មួយ​ក្នុង​ការ​បំបែកបំបាក់​សាមគ្គីភាព និង​ភាព​សុខដុមរមនា​របស់​ពួកគេ។

គម្រោង​ធ្វើ​បាតុកម្ម​នេះ​ នឹង​ចាប់​ផ្ដើម​ធ្វើ​មុន​គេ​ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែ​មេសា (ម៉ោង​អាមេរិក)។

ចំណែក​សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ​ផ្សេងៗ​ទៀត នឹង​ធ្វើ​ជា​បន្តបន្ទាប់​គ្នា​រហូត​ដល់​លោក ហ៊ុន ម៉ាណែត មក​ដល់​សហរដ្ឋអាមេរិក។

ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង លោក ទូច វិបុល ដែល​ក្រុម​របស់​លោក​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ឡុងប៊ិច បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ថា នៅ​ទីតាំង​នីមួយៗ​អាច​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ពី ៤០០ ទៅ ៦០០​នាក់។

លោក​បញ្ជាក់​ទៀត​ថា ការ​តវ៉ា​នេះ ធ្វើ​ឡើង​ដោយ​អហិង្សា ក្នុង​បំណង​មិន​ចង់​ឲ្យ​កូន​ប្រុស​នាយករដ្ឋមន្ត្រី ដែល​មិន​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ និង​មិន​គោរព​សិទ្ធិ​មនុស្ស នាំ​យក​វប្បធម៌​ទាំង​នេះ​ចូល​មក​ពង្រីក​ឥទ្ធិពល និង​បណ្ដាញ​របស់​ខ្លួន​ក្នុង​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក នោះ​ទេ៖ «»។

លោក​បន្ត​ថា ក្រុម​របស់​លោក​នឹង​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​ខ្មែរ-​អាមេរិកាំង ដទៃ​ទៀត ដែល​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត ដែល​នឹង​មក​ដល់​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មេសា ខាង​មុខ​នេះ​បន្ត​ទៀត។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បក​ស្រាយ​ជា​ច្រើន​ដង​ពី​លោក ហ៊ុន ម៉ាណែត ផ្ទាល់ និង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​សហរដ្ឋអាមេរិក ពី​គម្រោង​ធ្វើ​បាតុកម្ម​នេះ ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ។

អង្គការ​សមាគម​មួយ​ចំនួន​ដែល​គ្រោង​ធ្វើ​បាតុកម្ម​នោះ រួម​មាន ​ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បណ្ដាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា សហគមន៍​សំឡេង​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ  សមាគម​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង សម្ព័ន្ធ​ខ្មែរ​អន្តរជាតិ និង​សមាគម​បណ្ដាញ​ស្ត្រី​កម្ពុជា (Cambodian women  Networking Association)។

​អង្គការ​សមាគម​ទាំង​នេះ នឹង​ធ្វើ​កម្មវិធី​នៅ​ទីតាំង​ផ្សេងៗ​ពី​គ្នា​ក្នុង​បណ្ដា​រដ្ឋ​មួយ​ចំនួន​ក្នុង​សហរដ្ឋអាមេរិក ដូចជា​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា (California) ទីក្រុង​ហ្វល រីវឺ (Fall River) រដ្ឋ​មាស្សាឈូសេត ( Massachusetts) ទីក្រុង​ឡូវែល (Lowell) និង​នៅ​ទីក្រុង​តាខូម៉ា (Tacoma) រដ្ឋ​វ៉ាស៊ីនតុន (Washington State) ជាដើម។

តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​ទៀត​នៅ​ទីក្រុង​ឡុងប៊ិច លោក បូ អ៊ុច ក៏​សំដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត និង​សហការី​របស់​លោក​មក​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក នេះ​ដែរ ហើយ​លោក​បាន​ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​រឿង​នេះ​ដូច​គ្នា៖ «»។

​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ​នេះ ដំបូង​គឺ​ចង់​មក​ចូល​រួម​ក្នុង​កម្មវិធី​វប្បធម៌​ខ្មែរ​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច នៅ​ខែ​មេសា ខាង​មុខ​នេះ ប៉ុន្តែ​ក្រោយ​មក​ក៏​មាន​ការ​ប្រកាស​ដក​ខ្លួន​ថយ​ទៅ​វិញ ដោយសារ​មាន​ភាព​ចម្រូងចម្រាស​ច្រើន​ពេក។

ទោះ​បី​យ៉ាង​ណា​ក្ដី ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង នៅ​តែ​រក្សា​ឆន្ទៈ​រារាំង​មិន​ឲ្យ​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​របស់​គណបក្ស​ប្រជាជន​មួយ​ចំនួន​ទៀត ចូលរួម​ក្នុង​កម្មវិធី​វប្បធម៌​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។