ក្រសួង​ការបរទេស​ផ្ដល់​ទិដ្ឋាការ​អេឡិចត្រូនិក​ដល់​លោក អាឡិក

នាយកដ្ឋាន​ផ្នែក​ច្បាប់ និង​កុងស៊ុល​នៃ​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា បាន​ផ្ដល់​ទិដ្ឋាការ​អេឡិចត្រូនិក (E-visa) ឲ្យ​លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ហៅ អាឡិក (Alex) អាច​ចូល​មក​ប្រទេស​កម្ពុជា ក្នុង​ឋានៈ​ជា​ភ្ញៀវ​ទេសចរ​បរទេស។

ទិដ្ឋាការ​អេឡិចត្រូនិក​នេះ មាន​សុពលភាព​រយៈពេល ៣​ខែ ចាប់​ពី​ខែ​មេសា រហូត​ដល់​ខែ​កក្កដា។ រហូត​មក​ទល់​ពេល​នេះ លោក អាឡិក នៅ​មិន​ទាន់​សម្រេច​ចិត្ត​ទៅ​ប្រទេស​កម្ពុជា នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​ផ្ដល់​ភ្លើង​ខៀវ​ពី​ក្រសួង​មហាផ្ទៃ ជា​មុន​សិន ដើម្បី​ឲ្យ​ប្រាកដ​ថា លោក​ពិត​ជា​អាច​ចូល​ប្រទេស​កម្ពុជា បាន​មែន​នោះ។

លោក អាឡិក ជា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ដែល​ធ្វើ​តស៊ូ​មតិ​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ក្នុង​តំបន់​អារ៉ែង។ លោក​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា បណ្ដេញ​លោក​ចេញ​ពី​កម្ពុជា កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥។

ព្រះ​រាជអាជ្ញា​សាលាឧទ្ធរណ៍ លោក ង៉ែត សារ៉ាត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦ នេះ បាន​ចេញ​ដីកា​កោះ​ហៅ​លោក អាឡិក ឲ្យ​ចូល​សវនាការ​ក្នុង​ខែ​មេសា នេះ ពាក់ព័ន្ធ​នឹង​បទ​ចោទ​សម​គំនិត កំហែង​ថា​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។