ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជាង​​៧០០​គ្រួសារ​នៅ​​កោះកុង​ស្នើ​នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាង ៧០០​គ្រួសារ មក​ពី ៤​ឃុំ ស្ថិត​ក្នុង​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង បន្ត​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​កាត់​ឆ្វៀល​ដី​កសិកម្ម​ចេញ​ពី​គម្រោង​ក្រុមហ៊ុន​ស្ករអំពៅ ចំនួន ២​ក្រុមហ៊ុន ដើម្បី​ឲ្យ​ពួកគាត់​មាន​ដី​កសិកម្ម​បង្កបង្កើនផល​ដូច​ដើម​វិញ។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ឃ្លាំមើល​វិវាទ​ដីធ្លី​អូស​បន្លាយ​ពេល ១០​ឆ្នាំ នា​មូលដ្ឋាន​នេះ អះអាង​ថា ពលរដ្ឋ​រងគ្រោះ​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង ឬ​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​ដល់​ស្ថាប័ន​កំពូលៗ​ថ្នាក់​ជាតិ និង​ខុទ្ទកាល័យ​ប្រមុខ​ដឹកនាំ​ជាដើម ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ។

តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាង ៧០០​គ្រួសារ មក​ពី ៤​ឃុំ នៃ​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ផ្ដល់​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី​ថា លទ្ធផល​នៃ​ការ​ហែ​ក្បួន​ដាក់​ញត្តិ​ជូន​អភិបាល​ស្រុក​ទាំង​ពីរ​ស្នើ​សុំ​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រោង​ក្រុមហ៊ុន​ស្ករអំពៅ​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា គឺ​មិន​ទាន់​មាន​ចម្លើយ​ឆ្លើយ​តប​ពី​អាជ្ញាធរ​ស្រុក-ខេត្ត​នោះ​ទេ គិត​មក​ដល់​ថ្ងៃ​ទី​៨ ខែ​មេសា។

តំណាង​ពលរដ្ឋ​ស្រុកស្រែ​អំបិល និង​ស្រុក​បុទុមសាគរ លោក ឱម ផុន បាន​លើកដៃ​សំពះ​អំពាវនាវ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន តាម​រូបមន្ត​ស្បែក​ខ្លា ដែល​ប្រមុខ​ដឹកនាំ​ដាក់​ចេញ​ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ដី​កសិកម្ម​បង្កបង្កើនផល​ឡើង​វិញ។

លោក ឱម ផុន៖ «សូម​សម្ដេច ហ៊ុន សែន ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​ពួក​ខ្ញុំ​ជាង ៧០០​គ្រួសារ ដែល​ត្រូវ​ក្រុមហ៊ុន​ស្ករអំពៅ របស់​អ្នក​វិនិយោគ​ថៃ រំលោភ​បំពាន​ដី​កសិកម្ម ១០​ឆ្នាំ​មក​នេះ ផ្ដល់​ជូន​ពួក​ខ្ញុំ​ធ្វើ​របរ​កសិកម្ម​ឡើង​វិញ ព្រោះ​សព្វថ្ងៃ​នេះ​ពួក​ខ្ញុំ​វេទនា​ណាស់។ ពលរដ្ឋ​ធ្វើ​ចំណាកស្រុក ព្រោះ​អត់​ដី​បង្កបង្កើនផល ហើយ​កុមារ​មិន​បាន​ទៅ​សាលារៀន​ជាដើម។ ជួយ​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រោង​ក្រុមហ៊ុន​ផង ព្រោះ​ក្រុមហ៊ុន​បាន​រំលោភ​យក​ដី​បង្កបង្កើនផល​ពួក​ខ្ញុំ​តាំង​ពី​ឆ្នាំ​២០០៦ មក​ម្ល៉េះ»

លោក ឱម ផុន បរិយាយ​ថា អស់​រយៈ ១០​ឆ្នាំ​ទៅ​ហើយ​ដែល​ដី​កសិកម្ម​ពលរដ្ឋ​ពួក​គាត់​ជាង ៧០០​គ្រួសារ ត្រូវ​ក្រុមហ៊ុន​ចំនួន ២ គឺ​ក្រុមហ៊ុន​ស្ករអំពៅ កោះកុង (Koh Kong Sugar) និង​ក្រុមហ៊ុន ផ្លែនថេសិន អ៊ីនដាសស្ទ្រី (Plantation Industry) របស់​អ្នក​វិនិយោគទុន​ថៃ រំលោភ​យក ហើយ​ផល​ដំណាំ​ដាំ​ដុះ​នៅ​លើ​ដី​ជាក់ស្ដែង មាន​ខ្នុរ ដូង ស្វាយ និង​ដំណាំ​ច្រើន​ប្រភេទ​ទៀត ក៏​ត្រូវ​ក្រុមហ៊ុន​ទាំង​ពីរ​ឈូស​ឆាយ​បំផ្លាញ​ចោល​គ្មាន​សល់៖ «ដំណាំ​ចម្ការ​ចន្ទី ដូង ស្វាយ និង​ដំណាំ​រួម​ផ្សំ​ជា​ច្រើន​ទៀត ត្រូវ​ក្រុមហ៊ុន​ស្ករអំពៅ ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​ចោល​អស់​គ្មាន​សល់ ដើម្បី​យក​ដី​ដាំ​អំពៅ។ ពួក​ខ្ញុំ​បាត់បង់​ដី​ដូច​បាត់​បង់​ជីវិត ព្រោះ​ដី​គឺ​ជា​អាយុជីវិត​របស់​ពលរដ្ឋ​យើង​ខ្ញុំ។ ដូច្នេះ​សូម​សម្ដេច ហ៊ុន សែន ជួយ​អន្តរាគមន៍»

​ចំណែក​អ្នកស្រី ផៅ ញ៉ើង ជា​តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​ក៏​សំណូមពរ​ដល់​ប្រមុខ​ដឹកនាំ​ជួយ​ប្រើ​កណ្ដាប់ដៃ​ដែក ដាក់​សំពាធ​ឲ្យ​ក្រុមហ៊ុន​ស្ករអំពៅ​​របស់​អ្នក​វិនិយោគទុន​ថៃ ទាំង​២ កាត់​ឆ្វៀល​ដី​កសិកម្ម​របស់​ពលរដ្ឋ​ធ្លាប់​កាន់កាប់​ជូន​ពលរដ្ឋ​រងគ្រោះ​ជាង ៧០០​គ្រួសារ បាន​ធ្វើ​របរ​កសិកម្ម​ដូច​ដើម​វិញ៖ «សំណើ​ពលរដ្ឋ​ពួក​ខ្ញុំ​ស្នើ​ដល់​សម្ដេច ហ៊ុន សែន ជួយ​កាត់​ឆ្វៀល​ដី​ពី​គម្រោង​វិនិយោគ​ក្រុមហ៊ុន​ស្ករ​អំពៅ និង​ផ្ដល់​សំណង​ថ្លៃ​ខូចខាត​ផល​ដំណាំ​ចំនួន ១០​ឆ្នាំ ដែល​ក្រុមហ៊ុន​ស្ករអំពៅ ធ្វើ​បំពាន​មក​លើ​ពលរដ្ឋ​ជាង ៧០០​គ្រួសារ»

ងាក​មក​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ច្រើន​ទៀត ក៏​បង្ហាញ​កង្វល់​នៃ​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​ស្ករអំពៅ​ទាំង​ពីរ​នេះ​ដែរ និង​លើកដៃ​សំពះ​ដល់​លោក​នាយករដ្ឋមន្ត្រី ជួយ​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រោង​វិនិយោគ​ក្រុមហ៊ុន​ទាំង​ពីរ ជូន​ពួកគាត់​បង្កបង្កើនផល​វិញ ព្រោះ ១០​ឆ្នាំ​កន្លង​មក​នេះ ត្រូវ​ក្រុមហ៊ុន​ស្ករអំពៅ ប្រើ​កម្លាំង​ប្រដាប់​អាវុធ និង​អាជ្ញាធរ​ចាប់​ពី​ថ្នាក់​ឃុំ ​ស្រុក រហូត​ដល់​ខេត្ត គំរាមកំហែង​ប្រជាពលរដ្ឋ។

ក្រុម​ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ជួយ​អនុវត្ត​គោលនយោបាយ​ស្បែក​ខ្លា ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ឲ្យ​ពលរដ្ឋ​ពួកគាត់​ជាង ៧០០​គ្រួសារ មាន​ដី​បង្កបង្កើន​ផលដំណាំ​កសិកម្ម​ដូច​ដើម​វិញ។

ពលរដ្ឋ​អះអាង​ថា ចាប់​តាំង​ពី​វត្តមាន​ក្រុមហ៊ុន​ទាំង​ពីរ ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល អភិវឌ្ឍ​ដំណាំ​អំពៅ នា​មូលដ្ឋាន​នេះ​តាំង​ពី​ឆ្នាំ​២០០៦ មក គឺ​បាន​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ប្លន់​យក​ដី​កសិកម្ម​ជា​បន្តបន្ទាប់ ប៉ុន្តែ​អាជ្ញាធរ​ចាប់​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​ជាតិ មិន​ជួយ​រក​ដំណោះស្រាយ​ជូន​ទេ។

ប្រជាពលរដ្ឋ​ផ្សេង​ទៀត​សំណូមពរ​ដូច្នេះ៖ «កូនចៅ​ពួក​ខ្ញុំ​មិន​បាន​ទៅ​សាលារៀន​ទេ ចាប់​តាំង​ពី​មាន​ទំនាស់​ដីធ្លី​តាំង​ពី​ឆ្នាំ​២០០៦ ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ ដែល​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​វិនិយោគ​នៅ​មូលដ្ឋាន​នេះ។ សូម​សម្ដេច​ពិចារណា​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រោង​ក្រុមហ៊ុន​ជូន​ពលរដ្ឋ​ពួក​ខ្ញុំ​បាន​ប្រើប្រាស់​ដី​បង្កបង្កើនផល​ដូច​ដើម​វិញ ព្រោះ​ដីធ្លី​ទាំង​នេះ ពួក​ខ្ញុំ​ធ្លាប់​កាន​កាប់ និង​ដាំ​ដំណាំ​ផ្សេងៗ​នៅ​លើ​ដី​នោះ​តាំង​ពី​ដើម​រៀង​មក»

​តំណាង​ពលរដ្ឋ​ឲ្យ​ដឹង​ថា ទំនាស់​នេះ ពួកគាត់​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ក្រោម​ជាតិ រហូត​ដល់​ស្ថាប័ន​កំពូលៗ នៃ​រាជរដ្ឋាភិបាល ឲ្យ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ គិត​មក​ដល់​ថ្ងៃ​ទី​៨ ខែ​មេសា ហើយ​សកម្មភាព​ក្រុមហ៊ុន​បាន​បន្ត​ដាំ​ដំណាំ​អំពៅ​នៅ​លើ​ដី​ធ្លាប់​បង្កបង្កើន​ផល​របស់​ពួកគាត់​ដដែល។

តំណាង​ពលរដ្ឋ​ឲ្យ​ដឹង​ថា ផ្ទៃដី​របស់​ពលរដ្ឋ​ជាង ៧០០​គ្រួសារ ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ កោះកុង និង​ក្រុមហ៊ុន ផ្លែនថេសិន អ៊ីនដាសស្ទ្រី មាន​ផ្ទៃដី​សរុប​ជិត ៤.០០០​ហិកតារ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ដែល​តាម​ឃ្លាំមើល​ទំនាស់​នេះ ផ្ដល់​ទស្សនៈ​ថា មក​ដល់​កាលៈទេសៈ​នេះ​គួរ​ល្មម​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​លុប​បំបាត់​ភាព​អយុត្តិធម៌​ក្នុង​សង្គម ហើយ​ងាក​មក​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ក្រីក្រ ឲ្យ​មាន​យុត្តិធម៌ និង​មាន​ដីធ្លី​បង្កបង្កើន​ផល​ដូច​ដើម​វិញ។

​លោក​សង្កត់​ធ្ងន់​ថា ដីធ្លី​កសិកម្ម ឬ​ដី​លំនៅឋាន​ធ្លាប់​រស់​នៅ និង​បង្កបង្កើនផល​របស់​ពលរដ្ឋ តាំង​ពី​ដូនតា​រៀង​មក មិន​គួរ​ត្រូវ​បាត់បង់ ដោយសារ​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជូន​ក្រុមហ៊ុន​វិនិយោគ​នោះ​ទេ។ ករណី​នេះ រដ្ឋាភិបាល​ក៏​គួរ​ងាក​មក​ពិចារណា​ពី​កង្វល់​ពលរដ្ឋ ឈាន​ដល់​ផ្ដល់​យុត្តិធម៌​ឲ្យ​ពួកគាត់​ទទួល​បាន​សិទ្ធិ​មាន​ដី​សង់​លំនៅឋាន និង​សិទ្ធិ​រស់នៅ​ឲ្យ​មាន​សុវត្ថិភាព។

​លោក អ៊ិន គង់ជិត៖ «លិខិត​បទដ្ឋាន​ខ្លះ ដែល​រដ្ឋាភិបាល​បាន​ណែនាំ​ដូចជា​បទបញ្ជា​លេខ ០១ ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​ឆ្វៀល​ដី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​វិញ គឺ​បើ​គិត​ទៅ​មាន​រយៈពេល ៣​ឆ្នាំ​ហើយ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​ទេ»

មន្ត្រី​អង្គការ​លីកាដូ លោក អ៊ិន គង់ជិត ថ្លែង​ថា មិន​ជំទាស់​ផែនការ​អភិវឌ្ឍ​ប្រទេស​របស់​រាជរដ្ឋាភិបាល​ទេ ប៉ុន្តែ​ការ​អភិវឌ្ឍ​នានា គួរ​តែ​មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ ឬ​សេចក្ដី​សុខ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយៗ​ទេ ទើប​ពលរដ្ឋ​មាន​សុភមង្គល​ទាំង​អស់​គ្នា។

​លោក អ៊ិន គង់ជិត៖ «ដូច្នេះ​ដើម្បី​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ជាង ៧០០​គ្រួសារ ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ទាំង​២ ចប់​ឲ្យ​បាន​ឆាប់ គឺ​ទាមទារ​ឲ្យ​មាន​ឆន្ទៈ​នយោបាយ​ដោះស្រាយ​ជម្លោះ​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ មាន​ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន ខាង​តំណាង​ភាគី​ក្រុមហ៊ុន អាជ្ញាធរ​ខេត្ត​កោះកុង និង​តំណាង​ភាគី​ពលរដ្ឋ​រងគ្រោះ ត្រូវ​ជួប​ជជែក​គ្នា​ដោយ​ផ្ទាល់​ដើម្បី​រក​ដំណោះ​ស្រាយ ទើប​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ អាច​ដោះស្រាយ​បាន​ចប់»

​វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ស្ករអំពៅ​ថៃ ទាំង ២​ក្រុមហ៊ុន ដើម្បី​បំភ្លឺ​លើ​កង្វល់​ពលរដ្ឋ​ជុំវិញ​ទំនាស់​ដីធ្លី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​មេសា។ ចំណែក​អភិបាល​ខេត្ត​កោះកុង លោក ប៊ុន លឺត ក៏​មិន​ទាច​ទាក់ទង​​តាម​ទូរស័ព្ទ​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ដែរ។ ប៉ុន្តែ​កន្លង​មក​លោក​ធ្លាប់​បញ្ជាក់​ថា ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​នា​មូលដ្ឋាន​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​អាជ្ញាធរ​ថ្នាក់​ជាតិ​រក​ដំណោះស្រាយ ហើយ​ករណី​នេះ ហួស​ពី​ដែន​សមត្ថកិច្ច​ថ្នាក់​ខេត្ត​ត្រូវ​ដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។