ប្រទេស​មីយ៉ាន់ប៉ា​ចាប់​ផ្តើម​ដោះលែង​អ្នក​ទោស​នយោបាយ

ប្រទេស​ភូមា​បាន​ចាប់​ផ្តើម​ដោះលែង​អ្នកទោស​នយោបាយ​មួយ​ចំនួន​ដូច​ដែល​លោក​ស្រី​អង់សាន ស៊ូជី​ មេដឹក​នាំ​គណបក្ស​គ្រប់​គ្រង​ប្រទេស​បាន​សន្យា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

បណ្តាញ​ផ្សាយ​ព័ត៌មាន​ជា​ភាសា​ភូមា​បាន​និយាយ​កាល​ពីថ្ងៃ​សុក្រ​ថា​ ប្រទេស​មីយ៉ាន់ម៉ា​ ឬ​ភូមា​បាន​ដោះលែង​ពួក​និស្សិត​សកម្មជន​៦៩​នាក់​ដែល​បាន​ជាប់​ឃុំឃាំង​កាល​ពី​ឆ្នាំ​ទៅ​មិញ​ ហើយ​ដែល​រង់ចាំ​ការ​កាត់​ក្តី។​

ក្រុម​គ្រួសារ​ពួក​អ្នក​ទោស​នយោបាយ​ទាំងនេះ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ឯពន្ធនាគារ​នៃ​ប្រទេស​ភូមា​ចាប់​តាំង​ពី​ពេល​ដែល​លោកស្រី​ អង់សាន ស៊ូជី​ បាន​ធ្វើ​សេចក្តី​ប្រកាស​នេះ។​ ពួក​គេ​រង់ចាំ​ដំណឹង​អំពី​ពួក​ជន​ជា​ទី​ស្រឡាញ់​របស់​ពួក​គេឬ​រង់​ចាំ​ការ​ជួបជុំគ្នា​នៅ​ពេល​ពួក​អ្នក​ទោស​ទាំង​នេះ​បាន​ត្រូវដោះ​លែង។​

លោកស្រី​ អង់សាន ស៊ូជី​ បាន​ជំរុញ​ឱ្យ​មាន​ការ​ដោះ​លែង​ពួក​អ្នក​ទោស​នយោបាយ​និង​ពួក​និស្សិត​ជា​សកម្មជន​នៅ​ក្នុង​ប្រទស​នេះ​នៃ​ទ្វីប​អាស៊ី​អាគ្នេយ៍។​លោកស្រី​បាន​មាន​ប្រសាសន៍​ថា ​នឹង​មាន​ការ​លើកលែង​ទោស​ជាផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ពីធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ព្រះពុទ្ធ​សាសនា​នៅ​ពាក់​កណ្តាល​ខែ​មេសា​នេះ។

ប្រទេស​មីយ៉ាន់ប៉ា​ចាប់​ផ្តើម​ដោះលែង​អ្នក​ទោស​នយោបាយ

សាច់ញាតិ​អ្នក​ទោស​នយោបាយ​កំពុង​សម្លឹង​មើល​តាម​របង​គុក​នៅ​ខាង​មុខ​ពន្ធនាគារ Insein ក្នុង​ក្រុង​ Yangon ក្រោយ​ពេល​ដែល​មាន​របាយ​ការណ៍​ថា អ្នក​ទោស​សរុប​៤០០០នាក់​ រួម​ទាំង​អ្នក​ទោស​នយោបាយ​ផង នឹង​ត្រូវ​ដោះ​ដែលង (៨មេសា ឆ្នាំ២០១៦)។

សមាគម​ផ្នែក​ផ្តល់​ជំនួយ​ដល់ពួក​អ្នកទោស​នយោបាយ​ក្នុង​ប្រទេស​ភូមា​ដែល​ជា​អង្គការ​មិន​គិត​កម្រៃ​មួយ​បាននិយាយថា ​ប្រទេស​ភូមា​មាន​អ្នកទោស​នយោបាយ​ប្រមាណ​៥០០នាក់​ដែល​បាន​ត្រូវ​វិនិច្ឆ័យ​ទោស​រួច​ហើយ​ឬ​មួយ​កំពុង​រង់ចាំ​ការ​កាត់​ក្តី។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដំបូង​របស់លោក​ស្រី​ចាប់តាំង​ពី​ពេល​ដែល​លោកស្រី​ទទួល​មុខនាទី​ជា​ទីប្រឹក្សា​រដ្ឋ​ លោក​ស្រី​ អង់សាន ស៊ូជី​ មេដឹកនាំ​នៃ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នឹង​ខិត​ខំព្យាយាម​…ធ្វើ​ឱ្យ​មាន​ការ​ដោះលែង​ជា​បន្ត​បន្ទាន់​នូវ​ក្រុម​អ្នកទោស​នយោបាយ​ ពួក​សកម្មជន​ខាង​នយោបាយ​និង​ក្រុម​និស្សិត​ដែល​ប្រឈម​មុខ​នឹង​ការ​កាត់​ក្តី​ទាក់ទិន​នឹង​រឿង​នយោបាយ»។

ក្នុង​សប្តាហ៍​នេះ​ ពួក​សមាជិក​សភា​នៃ​ប្រទេស​ភូមា​បាន​បោះឆ្នោត​បង្កើត​តំណែង​ទី​ប្រឹក្សា​រដ្ឋ​ដែល​ជា​វិធានការ​មួយ​ធ្វើ​ឱ្យ​លោក​ស្រី​អង់សាន ស៊ូជី ក្លាយ​ទៅ​ជា​មេដឹកនាំ​តាមព្រឹត្តន័យ​របស់​ប្រទេស​ភូមា​ ទោះណា​ជាមាន​ការ​ហាម​ប្រាម​មិន​ឱ្យ​លោកស្រី​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ក៏​ដោយ។​

នៅក្នុង​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ភូមា​ដែល​បាន​ស្បថ​សច្ចាប្រណិធាន​ចូល​កាន់តំណែង​កាល​ពី​សប្តាហ៍​មុន​ មាន​សកម្មជន​ប្រជាធិបតេយ្យ​ច្រើន​នាក់​ដែល​បាន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ​នៅ​ក្រោម​អតីត​រដ្ឋាភិបាល​យោធា​គ្រប់​គ្រង​ប្រទេស។​ លោក​ស្រី​ អង់សាន ស៊ូជី​ បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ​ក្នុង​រយៈ​ពេល​ភាគច្រើន​នៃ​រយៈ​កាល​១៥ឆ្នាំ៕

ប្រភពៈ VOA