អូស្ត្រាលី​នឹង​អនុវត្ត​ច្បាប់​​ដកសញ្ជាតិ​ពី​ជនដែល​ជាប់ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ភេរវកម្ម

បុគ្គល​ដែល​ត្រូវ​ផ្តន្ទាទោស​ដោយ​បទឧក្រិដ្ឋ ដែល​មាន​ពាក់ព័ន្ធ​នឹង​អំពើភេរវកម្ម​នឹង​ត្រូវ​បាត់បង់​សញ្ជាតិ​អូស្ត្រាលី។ តាម​ការប្រកាស​របស់​រដ្ឋមន្រ្តី​អន្តោប្រវេសន៍​អូស្ត្រាលី នៅ​ថ្ងៃ​សុក្រនេះ រដ្ឋាភិបាល​អូស្រ្តាលី​នឹង​ចាប់ផ្តើម​អនុវត្ត​ច្បាប់ ស្តីពី​ការដកសញ្ជាតិ​អូស្រ្តាលី ពី​ពលរដ្ឋ​អូស្រ្តាលី​ណា​ដែល​មាន​សញ្ជាតិ២ ហើយ​ដែល​ជាប់​ពិរុទ្ធ​ពី​បទ​ភេរវកម្ម

អូស្ត្រាលី​ដែល​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក ក្នុង​ការវាយប្រហារ​ទៅលើ​ក្រុមជីហាត អ៊ីស្លាម​និយមជ្រុល​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​បាន​ប្រកាស​នៅថ្ងៃ​សុក្រ​នេះ​ថា ការដក​សញ្ជាតិ​អូស្ត្រាលី​ពី​ជនជាប់​ពិរុទ្ធ​ពីបទ​ធ្វើ​ភេរវកម្ម​នឹង​ចូល​ជា​ធរមាន នៅអូស្ត្រាលី នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

“គេ​ត្រូវតែ​ហ៊ាន​ខាតបង់ បើសិន​គេ​ចូលរួម​ក្នុង​សកម្មភាព​ភេរវនិយម ហើយ​គេ​មាន​សញ្ជាតិ​ពីរ នោះ” លោក​រដ្ឋមន្រ្តី​អន្តោប្រវេសន៍​អូស្ត្រាលី Peter Dutton បាន​និយាយ​យ៉ាងដូច្នេះ ទៅកាន់​អ្នកកាសែត នៅទីក្រុង​ម៉ែលប៊ន។ នេះ​មាន​ន័យថា រាល់​ជនជាតិ​អូស្ត្រាលី ដែល​មាន​សញ្ជាតិ​ពីរ ប៉ុន្តែ​ធ្លាប់​ជាប់​ពិរុទ្ធ ដោយសារ​សកម្មភាព​ធ្វើ​ភេរវកម្ម ឬ​ជា​សមាជិក​របស់​អង្គការ​ភេរវនិយម​ណាមួយ​នោះ នឹង​បាត់បង់​សញ្ជាតិ​អូស្ត្រាលី។

អូស្ត្រាលី​នៅ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់ នៅ​ចំពោះមុខ​ការគំរាមកំហែង​វាយប្រហារ​ពី​ក្រុម​ជ្រុលនិយម ដែល​កំពុង​តែ​រីកដុះដាល​ក្នុង​ទឹកដី​អូស្ត្រាលី។ នៅពេល​ដែល​មនុស្ស​ជិត ២០០​នាក់​ត្រូវ​ជាប់សង្ស័យ​ជាមុខសញ្ញា​គំរាមកំហែង​ខ្លាំង​ដល់​សន្តិសុខ​ជាតិ រដ្ឋមន្រ្តី​អន្តោប្រវេសន៍​អូស្ត្រាលី​បាន​បញ្ជាក់ថា មាន​ប្រមាណ​មនុស្ស​១០០​នាក់​បាន​ចាកចេញ​ពី​អូស្ត្រាលី ដើម្បី ចូលរួម​ប្រយុទ្ធ​ក្នុង​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី។ តាម​លោក​Peter Dutton បុគ្គល​ប្រមាណ ១០០នាក់ ដែល​ទៅចូលរួម​ក្នុង​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​នឹង​ជាប់​ក្នុង​សំណាញ់​ច្បាប់​ដកសញ្ជាតិ​មុនគេ។

សូមបញ្ជាក់ថា ច្បាប់​ដកសញ្ជាតិ ដែល​ត្រូវ​បាន​អនុម័ត កាលពី​ឆ្នាំមុន នៅ​អូស្ត្រាលី សំដៅ​តែ​បុគ្គល​ដែល​មាន​សញ្ជាតិ​ពីរ​តែ​ប៉ុណ្ណោះ។ តាម​អាជ្ញាធរ​អូស្ត្រាលី ភេរវជន​អូស្ត្រាលី​មួយចំនួន ដែល​បាន​ទៅ​ចូលរួម​ក្នុង​ក្រុមជីហាត​រដ្ឋអ៊ីស្លាម គឺ​មាន​កាន់​លិខិត​ឆ្លងដែន​ពីរ។ មុន​នឹង​បាន​សញ្ជាតិ​អូស្ត្រាលី ពួកគេ​ទាំង​នោះ​ភាគច្រើន​មាន​ដើមកំណើត​ជា​ជនជាតិ​លីបង់ អ៊ីរ៉ាក់ អេហ្ស៊ីប ឬ​អង់គ្លេស​ជាដើម៕

អូស្ត្រាលី​នឹង​អនុវត្ត​ច្បាប់​​ដកសញ្ជាតិ​ពី​ជនដែល​ជាប់ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ភេរវកម្ម

ប្រភពៈ RFI