ឌុម កែវដាសុំ សុខ សុវណ្ណ នៅសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ ឌុម កែវដា អ្នកប្រដាល់ក្លិបម្កុដរាជសីហ៍ សុំសងសឹក សុខ សុវណ្ណ អ្នកប្រដាល់ ក្លិបកងពលតូចលេខ៣១  ទម្ងន់៦០គីឡូក្រាម រីឯ យ៉ាម រ៉េត អ្នកប្រដាល់ក្លិប រស្មីកុមារកំព្រា ប្រកួតជាមួយជើងចាស់ វ៉ាន់ ចាន់វ៉េត អ្នកប្រដាល់ក្លិប គីសែមានរិទ្ធ ប្រកួតក្នុងប្រភេទ ទម្ងន់៦៣,៥០គីឡូក្រាម នៅលើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០១៦នេះ។

សម្រាប់ស្នៀតប្រដាល់ របស់ កែវដា មិនជាក្រោម សុខ សុវណ្ណ ប៉ុន្មានទេ ប៉ុន្តែគេអាចចាញ់បច្ចេកទេស និងកលល្បិច។ យ៉ាងណា កែវដា ប្រហែលជាពុំអាច សម្រេចការសងសឹក សុវណ្ណ បាននោះទេ ទោះបីជា កែវដា គេមានកម្ពស់ខ្ពស់ជាង សុវណ្ណ ក្តី ក៏នៅតែចាញ់ប្រៀប ឈ្នះរបស់ សុខ សុវណ្ណ ដែរ ។

សុខ សុវណ្ណ គេមានស្នៀតទាត់ និងកែង ជង្គង់ ល្អ ប៉ុន្តែ សុវណ្ណ ក៏មានចំណុចខ្សោយ ដែលអាចថានឹងចាញ់ កែវដា នោះដែរ  អ្វីដែលនាំឲ្យ សុវណ្ណ ចាញ់ កែវដា នោះ គឺនៅត្រង់ សុវណ្ណ ឆាប់ចុះខ្សោយកម្លាំង តែបើគេហាត់ដិតដល់នោះ គឺមិនអីទេ ខ្លាចតែគេហាត់ មិនដល់ប៉ុណ្ណោះ ដែលអាចធ្វើឲ្យគេ មានចន្លោះប្រហោង និងភ្លាត់ស្នៀតចាញ់នោះ។

ចំណែក យ៉ាម រ៉េត អ្នកប្រដាល់ក្លិប រស្មីកុមារកំព្រា ប្រកួត វ៉ាន់ ចាន់វ៉េត អ្នកប្រដាល់ក្លិប គីសែមានរិទ្ធ ប្រកួតក្នុងប្រភេទ ទម្ងន់៦៣,៥០គីឡូក្រាម។ អ្នកប្រដាល់អាង កម្លាំងបាយរូបនេះ មានស្នៀតប្រដាល់ មិនជាច្បាស់នោះទេ តែគេមានកម្លាំងស៊ុហ្វខ្លាំង ប៉ុន្តែក៏ឆាប់អស់ដែរ។ ពោលគឺបីទឹកដំបូង យ៉ាម រ៉េត វាយមិនប្រណីដៃទេ តែក្រោយទឹកទី៣ទៅ គេចាប់ផ្តើមអស់ ស៊ុហ្វហើយ ក៏ចាប់ផ្តើមវាយ រង្វើលវិញដែរ។ ម្ល៉ោះហើយ ការប្រកួត របស់គេកម្រឈ្នះគេណាស់។ វ៉ាន់ ចាន់វ៉េត ក្នុងការបង្ហាញមុខលើសង្វៀន ប្រមាណបីប្រកួត ចុងក្រោយនេះ គេវាយមិនសូវ ដែលចាញ់ទេ ក្នុងការជួបប្រកួត ជាមួយអ្នកប្រដាល់ ស្រករក្រោយនោះ តែលើកនេះប៉ះជាមួយ យ៉ាម រ៉េត ដែលវាយគ្មានក្បាច់ គ្មានស្នៀតច្បាស់លាស់នោះ ចាន់វ៉េត អាចនឹងជួបការ លំបាកដែរហើយ។

គឿម សុវណ្ណឌឿត អ្នកប្រដាល់ក្លិបមោងឫស្សីមរតកគុនខ្មែរខេត្តបាត់ដំបងសងសឹក ថាន រ៉ាឌី អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ ប្រកួតក្នុងទម្ងន់៥៤គីឡូក្រាម ចំពោះ សៀវ រ៉ាវី អ្នកប្រដាល់ក្លិបអមតគុនខ្មែរ ជួប រឿង ស្មាច់ អ្នកប្រដាល់ក្លិបកុមារទេពមានរិទ្ធ ប្រកួតក្នុងទម្ងន់៥១គីឡូក្រាម និងសំអាត ផល្លា ក្លិបកុលបុត្រគុនខ្មែរ ប្រកួតជាមួយ ហេង សុភាព ក្លិបព្រៃទទឹងខេត្តបាត់ដំបងប្រកួតក្នុងទម្ងន់៦៣,៥០គីឡូក្រាម៕

ឌុម កែវដាសុំ សុខ សុវណ្ណ នៅសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ